(ភ្នំពេញ)៖ គេហទំព័រ Facebook Page របស់សកលវិទ្យាល័យកម្ពុជា ដែលមានឈ្មោះថា «UC Facebook Page» រួមទាំងគេហទំព័រ Facebook ចំនួន៥ផ្សេងទៀត ដែលទាក់ទងទៅនឹងសាកលវិទ្យាល័យ​កម្ពុជា ត្រូវបានជនអនាមិកលួចចូល (Hack) យកទៅប្រើប្រាស់ និងគ្រប់គ្រង។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់សាកលវិទ្យាល័យកម្ពុជាបានឲ្យដឹងថា សាកលវិទ្យាល័យកម្ពុជា សូមអំពាវនាវដល់អាជ្ញាធរ មានសមត្ថកិច្ចទាំងអស់ចូលរួមស៊ើប​អង្កេត ទៅលើការវាយប្រហារ តាមប្រព័ន្ធអ៊ីនធើណែតនេះ ព្រមទាំងចាត់ចំណាត់ការ កាត់ទោសពួកអ្នកលួចចូល និងប្រើប្រាស់​គេហទំព័រ Facebook Page របស់សាកលវិទ្យាល័យកម្ពុជានេះ ទៅតាមផ្លូវច្បាប់។

ជាមួយគ្នានេះ សាកលវិទ្យាល័យកម្ពុជា បានសំដែងការខកចិត្ត ចំពោះការឆ្លើយតបយឺតយ៉ាវ និងមិនបានពេញលេញពីក្រុមហ៊ុន Facebook និងបានថ្កោកទោសយ៉ាងធ្ងន់ធ្ងរ ចំពោះពួកអ្នកលួចចូល និងប្រើប្រាស់គេហទំព័រនេះ ព្រោះនេះជាឧក្រិដ្ឋកម្មអ៊ិនធើណែត ដែលធ្វើឲ្យខាតបង់ពេលវេលា, ធនធាន និងបង្អាក់សកម្មភាពអប់រំ របស់សាកលវិទ្យាល័យកម្ពុជា។

សាកលវិទ្យាល័យកម្ពុជា បានបញ្ជាក់ទៀតថា «ការលួច និងប្រើប្រាស់គេហទំព័រ Facebook នេះ ជាការប៉ុនប៉ងធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នយើង ហើយសំខាន់ជាងនេះទៅទៀត គឺប៉ះពាល់ដល់សិស្ស-និស្សិត​របស់យើងផងដែរ»

សូមបញ្ជាក់ថា Facebook Page របស់សាកលវិទ្យាល័យកម្ពុជានេះ ជាមធ្យោបាយដ៏សំខាន់មួយ ក្នុងការទំនាក់ទំនង រវាងសាកលវិទ្យាល័យជាមួយសិស្ស-និស្សិត, សាស្រ្ដចារ្យ, បុគ្គលិក, មិត្តភក្ដិ, ដៃគូ និងសហគមន៍ នៃសាកលវិទ្យាល័យកម្ពុជា៕