(ថៃ)៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះសំណាលដោយផ្ទាល់ ជាមួយពលករ-ពលការិនីខ្មែរជាង៧០០នាក់ ដែលកំពុងធ្វើការនៅរោងចក្រផលិតត្រីខកំប៉ុង និងគ្រឿងកំប៉ុង របស់រោងចក្រ Thai Union Manufacturing Co.,Ltd នៅខេត្តសាមុទ្រសាខន ប្រទេសថៃ។

ថ្លែងក្នុងឱកាសនោះ លោកស្រីក៏បានពាំនាំនូវការផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានផ្តល់កម្លាំងចិត្តឲ្យកម្មករពលករខ្មែរទាំងអស់ ប្រឹងប្រែងធ្វើការងារ កាន់តែសកម្មថែមទៀត ដើម្បីទទួលបានប្រាក់ខែខ្ពស់ និងទទួលការពេញចិត្តពីថៅកែរោងចក្រ។

លោកស្រីបន្តថា នេះជាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលជានិច្ចកាលតែងតែ មានមនោសញ្ចេតនាជិតស្និទ្ធជាមួយប្រជាជន កម្មករ និងជាមួយពលករ មិនថាក្នុងប្រទេស ឬក្រៅប្រទេសនោះទេ។ ជាក់ស្តែង ដូចជាពេលនេះ ទោះជាបងប្អូនមកធ្វើការនៅប្រទេសថៃ ឆ្ងាយពីស្រុកកំណើតក្តី ក៏សម្តេចនៅតែគិតគូរ និងបានចាត់តាំងក្រុមការងារ៥ក្រុម ដែលក្នុងនោះ មានមួយក្រុមដឹកនាំដោយលោកស្រី និងមានក្រុមផ្ដេងទៀត ដូចជា៖ ក្រុមដឹកនាំដោយលោក អ៊ិត សំហេង, លោក ហ៊ុន ម៉ានី, លោក ហ៊ុន ម៉ាណែត និងលោក ព្រុំ សុខា ជាតំណាងមកជួបសំណេះសំណាលជាមួយប្អូនៗ ដើម្បីសាកសួរសុខទុក្ខ និងចែករំលែកព័ត៌មាន និងជួយដោះស្រាយបញ្ហាផ្សេងៗដែលប្អូនៗជួបប្រទះ។

បច្ចុប្បន្នរាជរដ្ឋាភិបាល បានផ្ដល់លិខិតឆ្លងដែនជូនពលក និងបានរៀបចំគណៈកម្មាការផ្ដល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដើម្បីដោះស្រាយការលំបាកនានា ជាពិសេសជួយសម្រួលឱ្យប្អូនៗពលករយើងរស់នៅ និងធ្វើការដោយស្របច្បាប់ និងដោយមានកិត្តិយស រួចផុតពីការរំលោភ ជិះជាន់ កេងប្រវ័ញ្ច និងហានិភ័យផ្សេងៗ។

ជាទីបញ្ចប់ លោកស្រីបានផ្តាំផ្ញើដល់ប្អូនៗ ដែលជាលករខ្មែរ រស់នៅ ធ្វើការងារ ត្រូវគោរពច្បាប់ប្រទេសថៃ ដាច់ខាតមិនត្រូវ ប្រព្រឹត្តបទល្មើស នោះឡើយ។ ចំណែកឯថៅកែក្រុមហ៊ុន សូមបន្តទទួលពលករខ្មែរបន្ថែមទៀត និងសូមអាណិតស្រឡាញ់ពលករខ្មែរដូចពលករថៃ និងស្ថានទូត ស្ថានអគ្គកុងស៊ុលកម្ពុជា សូមបន្តការយកចិត្តទុកដាក់តាមដាន និងជួយដោះស្រាយរាល់ បញ្ហានានារបស់ពលករខ្មែរ ស្របតាមច្បាប់អន្តរជាតិ ច្បាប់ប្រទេសថៃ និងស្មារតីនៃ MOU ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា។

សូមបញ្ជាក់ថា កាលពីម្សិលមិញ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានដឹកនាំគណៈប្រតិភូមួយក្រុម ទៅជួបសំណេះសំណាល ផ្ដល់ការលើកទឹកចិត្ដ ជាមួយពលករ ពលការិនីជាង៧០០នាក់ ដែលកំពុងធ្វើការនៅរោងចក្រផលិតគ្រឿងសមុទ្រនៅខេត្ដសាមុតសាខន ប្រទេសថៃ៕