(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងុវនីតិសម្បទា និងលោកស្រី Karin Hulshof នាយកប្រតិបត្តិអង្គការយូនីសេហ្វ ប្រចាំតំបន់ បានឯកភាពគ្នាយ៉ាងពេញទំហឹង លើផែនការកាត់បន្ថយកុមាររស់នៅមណ្ឌលចំនួន៣០ភាគរយ ឲ្យត្រឡប់ទៅរស់នៅ ជាមួយគ្រួសារវិញប្រកបដោយសុវត្ថិភាព។

ការឯកភាពរបស់ភាគីទាំងពីរ បានធ្វើឡើងខណៈ លោក វង សូត បានអនុញ្ញាតឲ្យលោកស្រី Karin Hulshof នាយកប្រតិបត្តិអង្គការយូនីសេហ្វ ប្រចាំតំបន់ ជួបសម្តែងការគួរសមនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។

ថ្លែងនៅក្នុងពិធីសំណេះសំណាលនោះ រដ្ឋមន្រ្តី វង សូត បានលើកឡើងថា គម្រោងកាត់បន្ថយមណ្ឌល ប្រមាណជា៣០ភាគរយ ធ្វើសមាហរណ ទៅតាមសហគមន៍វិញ កិច្ចការនេះ ក៏បានដំណើរការជាបន្តបន្ទាប់ យើងសង្កេតឃើញថា មានចំណុចខ្លះ មានផលវិជ្ចមាន និងចំណុចខ្លះជួបនឹងផលអវិជ្ជមាន។ ក្រសួងសង្គមកិច្ច បានចាត់ទុកថា ការគ្រប់គ្រងកុមារ គឺជាផ្នែកមួយ ដ៏មានសំខាន់ និងជាចំណែក ដែលត្រូវអនុវត្ត ក្នុងក្របខណ្ឌគោលនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្របខណ្ឌនៃការងារជំនាញរបស់យើង ដែលមានតួនាទី ទទួលខុសត្រូវ។

រដ្ឋមន្រ្តី វង សូត បានថ្លែងយ៉ាងដូច្នេះថា «ការកាត់បន្ថយកុមារនៅក្នុងមណ្ឌលមិនមែន មានន័យថា យើងលុបបំបាត់មណ្ឌល ទាំងអស់នោះទេ មណ្ឌលគឺពិតជាមានភាពចាំបាច់ ពីព្រោះនៅក្នុងសង្គមមួយ មិនអាចអត់កន្លែងរក្សាកុមារ ដែលកំព្រានោះទេ ប៉ុន្តែនៅក្នុងគោលការណ៍ជាច្បាប់របស់យើង ក្មេងដែលទៅ រស់នៅក្នុងមណ្ឌលគឺជាជម្រើសចុងក្រោយបំផុត នៅក្នុងករណីដែលក្មេងនោះ កំព្រាពិតប្រាកដ។ យើងក៏បានគិតថា ស្ថានភាពនេះ សមស្របជាមួយនឹងស្ថានភាពប្រទេសកម្ពុជា ដោយសារតែនៅក្នុងដំណាក់កាលដំបូង មានតម្រូវការថែទាំកុមារច្រើន តែមកដល់ដំណាក់កាលនេះ ស្ថានភាពកុមារ មានការផ្លាស់ប្តូរ និងថយចុះជាងមុន នៅក្នុងចំនួនតិចជាង មានន័យថា ក្មេងកំព្រាពិតប្រាកដពីមុនមានច្រើន តែឥលូវនេះ ក្មេងកំព្រាពិតប្រាកដមានចំនួនតិចជាងមុន»

មុនចាប់ផ្តើមអនុវត្តផែនការនេះ ក្រសួងសង្គមកិច្ច បានស្រាវជ្រាវ និងធ្វើកិច្ចការមួយចំនួនដើម្បីកាត់បន្ថយចំនួនកុមារនៅមណ្ឌល ឲ្យបានច្រើនបំផុត តាមដែលអាចធ្វើបាន យ៉ាងហោចណាស់ កុមារម្នាក់ ក៏នៅមានម្តាយម្នាក់ ឬឱពុកម្នាក់ដែរ គ្រាន់តែកុមារនោះ ស្ថិតនៅក្នុងដំណាក់កាល និងបញ្ហាប្រឈម ដែលត្រូវការជំនួយជាចាំបាច់។

លោក វង សូត បានបន្ថែមទៀតថា ក្រសួងសង្គមកិច្ច បានចាប់ផ្តើមការងារមួយចំនួន ដោយបង្វែរពីការផ្តល់ជំនួយនៅក្នុងមណ្ឌល ទៅផ្តល់នៅតាមសហគមន៍វិញ ដោយសារយើងមិនចង់ឲ្យមានរូបភាព កុមាររស់នៅក្នុងមណ្ឌលច្រើន តែមិនមែនមានន័យថា យើងបោះបង់ការផ្តល់សេវា ដល់កុមារទាំងអស់ចោលនោះទេ។

លោកស្រី Karin Hulshof នាយកប្រតិបត្តិអង្គការយូនីសេហ្វ ប្រចាំតំបន់អង្គការ បានថ្លែងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការល្អ របស់ក្រសួងសង្គមកិច្ច និងរាជរដ្ឋាភិបាល ជាមួយនឹងយូនីសេហ្វ យើងអាចនិយាយថា ការទំនាក់ទំនងរបស់យើងបានសហការគ្នាជាច្រើន សតវត្ស៍មកហើយ។ កិច្ចសហប្រតិបត្តិការនេះ កំពុងដំណើរការរីកចម្រើនទៅកាន់តែខ្លាំងទៅ មានភាពជិតស្និទជាមួយគ្នា កាន់តែខ្លាំងទៅ ៗ។ លោកស្រី បានបន្ថែមថា ប្រទេសកម្ពុជា មិនមែនមានតែការអភិវឌ្ឍន៍នៅក្នុងទីក្រុងនោះទេ តែសូម្បីនៅតាមជនបទ ក៏មានការអភិវឌ្ឍន៍ដូចគ្នា។ ជាមួយគ្នានោះ លោកស្រី Karin Hulshof បានប្រកាសគាំទ្រ ចំពោះផែនការនៃការកាត់បន្ថយ៣០ភាគរយ នៃចំនួនកុមារ ឲ្យវិលត្រលប់ទៅរស់នៅជាមួយគ្រួសារ ប្រកបដោយសុវត្ថិភាពវិញ គឺអង្គការយូនីហ្វេស ឯកភាពទាំងស្រុង។

បន្ថែមពីលើនេះ រដ្ឋមន្រ្តី វង សូត ក៏បានថ្លែងអំរគុណដល់អង្គការយូនីសេហ្វ ដែលបានចូលរួមសហការ និងបានជួយដល់ក្រសួងសង្គមកិច្ច នូវការងារជាច្រើនកន្លងមក ទាំងការងារជួយកុមារ និងការជួយសម្រួលដល់ការរៀបចំច្បាប់មួយចំនួនទៀត។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានប្រកាសថា មន្រ្តីក្រសួងនឹងបន្ត អនុវត្តសកម្មភាពការងារជាច្រើនជួយដល់កុមារ ហើយនឹងបន្តខិតខំបំពេញ ការងារ បន្ថែមទៀត ហើយក៏នៅតែចង់បានការសហការ និងបន្តគាំទ្រពីអង្គការ និងដៃគូពាក់ព័ន្ធ ក្នុងការជួយដល់កុមារបន្តទៀត ជាពិសេស អង្គការយូនីស្វែល ទាំងនៅក្នុងតំបន់ និងប្រចាំប្រទេស។

រដ្ឋមន្រ្តី ក៏បានបង្ហាញជំហរ ទទួលយកការចែករំលែកជុំវិញបទពិសោធន៍នានា ពីអង្គការយូនីសេហ្វ និងបណ្តាអង្គការប្រចាំនៅប្រទេស ជាច្រើនទៀត ដើម្បីយកមកអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គមជាតិឲ្យកាន់តែល្អប្រសើរថែមទៀត៕