(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៧ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលចុះឈ្មោះ អ្នកស្វែងរកការងារធ្វើ បានចំនួន ១៥,០៩៧នាក់ កើនឡើងតិចតួច បើធៀបជាមួយនឹងឆ្នាំ២០១៦ ប៉ុន្តែមន្ត្រីនៃ NEA បានអះអាងថា ការផ្គត់ផ្គង់តម្រូវការបុគ្គលិកដល់បណ្ដាគ្រឹះស្ថានការងារ នៅតែមិនទាន់គ្រប់គ្រប់ជារៀងរាល់ឆ្នាំ ពោលនៅខ្វះច្រើនគួរសមដែរ។

លោក​ ភួង​ សំអាត​ អនុប្រធានផ្នែកប្រមូល និងផ្សព្វផ្សាយព័ត៌មាននៃ NEA បានឲ្យដឹងថា ខណៈមជ្ឈដ្ឋានខាងក្រៅបានលើកឡើងថា យុវជនរៀនចប់គ្មានការងារធ្វើនោះ គឺមិនត្រឹមត្រូវទេ ពីព្រោះនៅក្នុងទីភ្នាក់ងារជាតិមុខរបរ និងការងារ ត្រូវការអ្នកស្វែងរកការងារធ្វើរាប់ម៉ឺននាក់រៀងរាល់ឆ្នាំ ដើម្បីយកទៅផ្គត់ផ្គង់ដល់គ្រឹះស្ថានការងារ សហគ្រាសនានា ដែលបានទំនាក់ទំនងមកទីភ្នាក់ងារជាតិមួយនេះ។ លោកថា ការដែលពួកគេនិយាយថា គ្មានការងារធ្វើនោះ មកពីពួកគេខ្វះព័ត៌មានក្នុងដៃ។

លោកថ្លែងយ៉ាងដូច្នេះថា «តាមពិតកាងារអាចរកបាន តែវាអាចមកពីបុគ្គលិកលក្ខណៈរបស់គាត់មិនត្រូវនឹងទីផ្សារដែលគេចង់បាន ឬក៏ជំនាញ ដែលគេរៀនមិនត្រូវនឹងទីផ្សារដែលគេត្រូវការ ឬអាចបែបផ្សេងទៀត យើងអាចជជែកគ្នា ហើយ​​កែសម្រួលគ្នាបាន។ ទីផ្សារកាងារវាមិនទាន់មានអីពិបាក ក្នុងរកកាងាធ្វើទេ ឬខុសជំនាញក្នុងទីតាំងនៅឡើយទេ ប៉ុន្តែអ្វីដែលកង្វះខាត គឺពួកគាត់មិនទាន់បានសម្រួលព័ត៌មាននៅក្នុងដៃរបស់ពួកគាត់ ចឹងហើយយើងអាចពិភាក្សាគ្នាបាន»

ការបញ្ជាក់របស់លោក ភួង សំអាត ត្រូវបានធ្វើឡើងក្នុងវេទិកាការងារប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ជាមួយឱកាសការងារចំនួន ៣២៧កន្លែង នៅក្នុងក្រុមហ៊ុនធំៗចំនួន៤។

អង្គុយរង់ចាំសម្ភាសន៍ការងារ នៅក្នុងអគារទីភ្នាក់ងារជាតិមុខរបរ និងការងារ លោក ជួប ម៉េងអ៉ឹង ក៏មិនខុសអ្វីពីអ្នកស្វែងរកការងារដទៃដែរ គឺសុទ្ធតែចង់បានការងារដែលមានលក្ខខណ្ឌការងារសមរម្យ និងដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ដោយលោកបានបញ្ជាក់ថា លោកធ្លាប់ធ្វើការក្នុងក្រុមហ៊ុនចម្រុះមួយ (រដ្ឋ-ឯកជន) ប៉ុន្តែដើម្បីឲ្យចំនឹងជំនាញ និងដើម្បីទទួលបានប្រាក់ឈ្នួលខ្ពស់ជាងមុន រួមជាមួយលក្ខខណ្ឌការងារល្អ សមរម្យផងនោះ លោកក៏សម្រេចចិត្តចូលរួមសម្ភាសន៍ការងារថ្មី នៅថ្ងៃនេះតែម្ដងទៅ។ លោក ជួប ម៉េងអ៉ឹង បានបន្តថា លោកចង់ធ្វើការងារដែលក្រុមហ៊ុន មានការយកចិត្តទុកចំពោះបុគ្គលិក ដូចជា ការធានារ៉ាប់រងអាយុជីវិត លក្ខខណ្ឌការងារល្អ មានសុវត្ថិភាពការងារជាដើម។

កំពុងបំពេញពាក្យរកការងារធ្វើ កញ្ញា នៅ ច័ន្ទមុនី មានស្រុកកំណើតនៅខេត្តតាកែវ ដែលធ្លាប់មានបទពិសោធន៍ការងារផ្នែកលក់ នៅរាជធានីភ្នំពេញ រយៈពេល២ឆ្នាំមកនោះ បានឲ្យដឹងថា កញ្ញាចង់ផ្លាស់ប្ដូរកន្លែងការងារថ្មី ជាមួយប្រាក់ឈ្នួលខ្ពស់ជាងមុន ប៉ុន្តែកញ្ញាពេញចិត្តការងារផ្នែកលក់នេះដដែល ទើបកញ្ញាមកចូលរួមក្នុងវេទិកាការងារប្រចាំខែរបស់ NEA តែម្ដង ដើម្បីចូលរួមសម្ភាសន៍ការងារថ្មីដែលកញ្ញាពេញចិត្ត។

សូមបញ្ជាក់ថា ក្នុងចំណោមអ្នកស្វែងរកការងារធ្វើបានចំនួន ១៥,០៩៧នាក់ នៅ NEA ដែលជាអ្នកផ្តល់សេវាការងាររបស់រាជរដ្ឋាភិបាលមួយ ពេញមួយឆ្នាំ២០១៧នោះ មានអ្នកទទួលបានការងារធ្វើមានចំនួន ៣,៤១៤នាក់ (ស្រី ១,៩១០នាក់) កើនឡើង ១.៥ភាគរយ ធៀបនឹងឆ្នាំ២០១៦៕