(ពោធិ៍សាត់)៖​ សិស្សានុសិស្សអនុ​ និងវិទ្យាល័យ ហ៊ុន ​សែន​ បាក់ចិញ្ជៀន១២នាក់​ ក្នុងនោះស្រី១១នាក់​ និងប្រុសម្នាក់​ បានដួលសន្លប់បន្តបន្ទាប់គ្នា​ មិនដឹងមូលហេតុ។

ហេតុការណ៍នេះបានកើតឡើង​នៅវេលាម៉ោង​៩ព្រឹក​ ថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០១៨​ ក្នុងសាលាអនុ​ និងវិទ្យាល័យតែម្តង ស្ថិតក្នុងឃុំបាក់ចិញ្ជៀន ស្រុកភ្នំក្រវាញ​ ខេត្តពោធិ៍សាត់។

លោក​ ស៊ុម​ ផារិទ្ធ​ នាយកវិទ្យាល័យ ហ៊ុន ​សែន​ បាក់ចិញ្ជៀន បានឲ្យដឹងថា​ សិស្សានុសិស្សរបស់លោក​ នៅវែលាម៉ោង​៩ព្រឹកនេះ​ មានការដួលសន្លប់បន្តបន្ទាប់គ្នា​ ក្នុងនោះ​មានស្រី១១នាក់​ដោយមិនដឹងមូលហេតុនោះទេ​។ ភ្លាមៗនោះ លោកគ្រូ អ្នកគ្រូ​របស់លោក ក៏បានដឹកជញ្ជូនសិស្សានុសិស្សទាំងនោះ​ មកសង្គ្រោះបន្ទាន់​ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់​ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។ នៅពេលនេះសិស្សសាលាទាំងនោះ​ បានមានអាក្ការធូរស្រាលបន្តិចហើយ​ គិតត្រឹមម៉ោង១២​ថ្ងៃត្រង់នេះ។

ករណីដួលសន្លប់នេះ​ នៅមិនទាន់ដឹងមូលហេតុឲ្យច្បាស់លាស់នៅឡើយនោះទេ​ ព្រោះថា ក្រុមគ្រូពេទ្យកំពុងដុតដៃដុតជើង​ ធ្វើកោសល្យវិច្ច័យ៕