(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ បណ្តាញព័ត៌មាន Fresh News បានធ្វើកិច្ចសម្ភាសពិសេសមួយជាមួយ «ចៅចាក់ស្មុក» អ្នកវិភាគនយោបាយដ៏ល្បីម្នាក់នៅប្រទេសកម្ពុជា ដើម្បីបង្ហាញពីការមើលឃើញរបស់លោកពាក់ព័ន្ធនឹងការបង្កើត «ចលនាសង្រ្គោះជាតិ» នៅក្រៅប្រទេសរបស់លោក សម រង្ស៊ី និងសកម្មភាពផ្សេងៗទៀតរបស់អតីតបក្សប្រឆាំង នាពេលនេះ។ កិច្ចសម្ភាសន៍នេះធ្វើឡើងដើម្បីឆ្លើយតបនឹងការលើកឡើងរបស់លោក អេង ឆៃអ៊ាង អតីតអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ដែលបានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៨។

កិច្ចសម្ភាសន៍របស់ Fresh News ជាមួយអ្នកវិភាគ ចៅចាក់ស្មុក មានខ្លឹមសារដូចតទៅ៖

Fresh News៖ លោក សម រង្ស៊ី និងលោក អេង ឆៃអ៊ាង បានប្រកាសបង្កើតចលនាសង្រ្គោះជាតិ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ហើយលោក អេង ឆៃអ៊ាង បាននិយាយថា ចលនាសង្រ្គោះជាតិ គឺធ្វើសកម្មភាពអហិង្សា។ តើលោកមានការយល់ឃើញយ៉ាងម៉េចដែរ?

ចៅចាក់ស្មុក៖ អ្វីដែល អេង ឆៃអ៊ាង លើកឡើងវាគ្រាន់តែជាការនិយាយឱ្យរួចពីមាត់តែប៉ុណ្ណោះ ព្រោះថានៅមុននេះទាំងលោក សម រង្ស៊ី ទាំងលោក អេង ឆៃអ៊ាង បានប្រកាសហើយថា បេសកកម្មនៃចលនាសង្គ្រោះជាតិ គឺញុះញង់ឱ្យប្រជាជន និងកម្លាំងប្រដាប់អាវុធបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ បើប្រឆាំងតាមរបៀបនេះ តើចលនានេះជាចលនាអហិង្សាដែរ ឬទេ? ចលនាមួយដែលតាំងខ្លួនជាខ្មាំងនឹងរាជការ គឺជាចលនាឧទ្ទាមយ៉ាងពិតប្រាកដណាស់។ ពីមុននៅកម្ពុជាមានឧទ្ទាមទ័ពព្រៃ ឥឡូវលោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ចង់បង្កើតទម្រង់ថ្មីមួយទៀត គឺចលនាឧទ្ទាមស៊ីវិល ដើម្បីចាត់តាំងខ្សែបណ្តាញទាំងក្នុង ទាំងក្រៅ ធ្វើសកម្មភាពផ្តួលរំលំតាមបែប «បដិវត្តពណ៌» ដូចបណ្តាប្រទេសមួយចំនួន នៅក្នុងពិភពអារ៉ាប់ ដែលគេនាំគ្នាហៅថា «Arab Spring» ឬ «រដូវផ្ការីកនៅអារ៉ាប់»។

ដូច្នេះចលនាសង្រ្គោះជាតិ គឺជាចលនាឧទ្ទាមខុសច្បាប់ ហើយឈ្មោះចលនានេះ និងការនិយាយថា ចលនានេះអហិង្សា វាគ្រាន់តែជារបៀបនយោបាយបន្លំភ្នែកបោកបញ្ឆោតលួងលោមមហាជន ដើម្បីទាក់ទាញឲ្យមានការចូលរួមប៉ុណ្ណោះ។ បើដាក់ឈ្មោះឲ្យចំថាជាចលនាបំផ្លាញជាតិ ហើយលោក សម រង្ស៊ី និងលោក អេង ឆៃអ៊ាង ប្រកាសថា ចលនានេះនឹងប្រើវិធីតស៊ូទាំងហិង្សា ទាំងអហិង្សា ប្រហែលជាអន្តរជាតិមិនគាំទ្រ ហើយប្រជាជនតិចតួចណាស់ដែលធ្លាប់ជាអ្នកប្រឆាំងក្រោមដំបូលគណបក្សសង្រ្គោះជាតិ នឹងមិនចូលរួមក្នុងចលនាដ៏ឆ្កួតលីលាក្បត់ជាតិឯង និងបំផ្លាញជាតិឯងនោះទេ។

Fresh News៖ លោក អេង ឆៃអ៊ាង អះអាងថា បក្សប្រឆាំងត្រូវបានរំលាយ ហើយមិនអាចធ្វើសកម្មភាពបានទេ ដោយសារខុសច្បាប់ អញ្ចឹងបានមកបង្កើតចលនាសង្រ្គោះជាតិ។ តើលោកជាអ្នកវិភាគមើលឃើញយ៉ាងដូចម្តេចវិញ?

ចៅចាក់ស្មុក៖ ក្រោយរកឃើញភស្តុតាងនៃការឃុបឃិតគ្នាជាមួយបរទេស និងភស្តុតាងនៃចលនាបដិវត្តពណ៌ តុលាការកំពូល បានសម្រេចប្រកាសសាលដីការំលាយគណបក្សសង្រ្គោះជាតិ ហើយហាមឃាត់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកនៃគណបក្សនេះចំនួន១១៨រូប មិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ។ ក្រោយការរំលាយនេះ គណបក្សសង្រ្គោះជាតិ ដោយរួមទាំងលោក សម រង្ស៊ី ផង បានប្រកាសថា គណបក្សនេះរលាយតែលើក្រដាសទេ ហើយអះអាងថា នៅលើឆាកអន្តរជាតិ គណបក្សនេះ នៅតែត្រូវបានទទួលស្គាល់ដដែល ហើយអន្តរជាតិ កំពុងជួយរកវិធីដើម្បីគាស់គណបក្សនេះចេញពីផ្នូរ និងប្រស់ឲ្យរស់ឡើងវិញ។ យុទ្ធនាការបញ្ចុះបញ្ចូលឲ្យអន្តរជាតិដាក់ទណ្ឌកម្ម និងគាបសង្កត់លើក្បាលខ្មែរបែបនេះ ត្រូវបានអនុវត្តដោយសកម្ម និងលេចធ្លោជាងគេ ដោយអ្នកនាង កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា។

ប៉ុន្តែថ្មីៗនេះស្រាប់តែក្រុមលោក សម រង្ស៊ី បានរួមគ្នាលួចទៅបង្កើត «ចលនាសង្រ្គោះជាតិ» នៅក្រៅក្របខណ្ឌនៃយន្តការគណបក្សសង្រ្គោះជាតិ។ លោក អេង ឆៃអ៊ាង បានលើកហេតុផលថា គណបក្សសង្រ្គោះជាតិបានស្លាប់បាត់ទៅហើយ ហើយការធ្វើសកម្មភាពក្នុងក្របខណ្ឌគណបក្សនេះ គឺជារឿងខុសច្បាប់ ដូចនេះតើបង្កើតយន្តការថ្មី ដើម្បីអាចធ្វើសកម្មភាពជួយគណបក្ស សង្រ្គោះជាតិឲ្យរស់ឡើងវិញ។ ការលើកហេតុផលនេះស្តាប់ហាក់ទំនងដែរ តែសំណួរដែលជាជម្រៅពិតប្រាកដនៃបញ្ហា គឺថាបើសកម្មភាពក្នុងក្របខណ្ឌគណបក្សសង្រ្គោះជាតិខុសច្បាប់ ហើយមិនអាចធ្វើសកម្មភាពបាន ចុះចលនាសង្រ្គោះជាតិដែលបង្កើតឡើងដោយក្រុមលោក សម រង្ស៊ី ជាចលនាត្រូវច្បាប់ឬ? ចលនានេះមិនត្រឹមត្រូវ មិនមានចុះបញ្ជីតាមច្បាប់រដ្ឋនោះទេ រាជការថែមទាំងបានចាត់ទុកចលនានេះថា ជាចលនាឧទ្ទាមនៅក្រៅប្រព័ន្ធប្រជាធិបតេយ្យ និងក្រៅក្របខណ្ឌច្បាប់ ដែលទាំងអ្នកដឹកនាំ ទាំងអ្នកចូលរួមក្នុងចលនានេះ ត្រូវប្រឈមមុខនឹងផ្លូវច្បាប់ ដែលអាចទទួលទោសយ៉ាងធ្ងន់ធ្ងរចំពោះគម្រោងការបំផ្លាញសន្តិភាព និងសន្តិសុខសាធារណៈ។

Fresh News៖ លោក អេង ឆៃអ៊ាង ថា ចលនាសង្រ្គោះជាតិបង្កើតឡើង ដើម្បីរកដំណោះស្រាយជួយសង្រ្គោះ CNRP រស់ឡើងវិញ និងទាមទារឱ្យដោះលែងលោក កឹម សុខា។ តើរឿងនេះយ៉ាងម៉េចវិញ?

ចៅចាក់ស្មុក៖ នេះគ្រាន់តែនិយាយបំភ័ន្តតែប៉ុណ្ណោះ។ បើចលនានេះពិតជាមានគោលដៅសង្រ្គោះគណបក្សសង្រ្គោះជាតិ និងទាមទារឲ្យដោះលែងលោក កឹម សុខា ដូចគ្នានឹងអ្វីដែលអ្នកនាង កឹម មនោវិទ្យា និងក្រុមលោក កឹម សុខា កំពុងតែធ្វើ តើចាំបាច់ត្រូវបង្កើតយន្តការថ្មី បើយន្តការទាំងពីរនេះខុសច្បាប់ដូចតែគ្នា។ ខ្ញុំមើលឃើញថា ចលនានេះគឺបង្កើតឡើងដោយក្រុមរបស់លោក សម រង្ស៊ី ដើម្បីដណ្តើមអំណាចបក្សរបស់ខ្លួនមកវិញតែប៉ុណ្ណោះ មិនមែនដើម្បីជួយសង្គ្រោះលោក កឹម សុខា ឱ្យបានចេញពីគុកនោះទេ ប៉ុន្តែយកការជាប់គុករបស់លោក កឹម សុខា ធ្វើជាជំនួញនយោបាយ ដើម្បីទាក់ទាញការគាំទ្រ និងការចូលរួមទៅវិញ។ កូនស្រីកឹម សុខា គឺកញ្ញា កឹម មនោវិទ្យា បានធ្វើសកម្មភាពរាល់ថ្ងៃ ដើម្បីជួយឪពុករបស់នាង ចុះម៉េចបានជាត្រូវមានក្រុមមួយផ្សេងទៀត។

បើពួកគេពិតជាមានឆន្ទៈតែមួយ និងមានចិត្តស្មោះស គ្មានកលល្បិចសួនតួនៅពីក្រោយរៀងខ្លួន គឺពិតជាពុំមានការចាំបាច់ណាមួយផ្នែកយុទ្ធសាស្រ្តនយោបាយ ដែលត្រូវបំបែកកំលាំង ដើម្បីបង្កើតយន្តការថ្មីនោះទេ? ប៉ុន្តែប្រសិនបើពិនិត្យមើលជ្រុងមួយសម្រាប់លោក សម រង្ស៊ី វិញ ជាយុទ្ធសាស្រ្តសម្រាប់រូបគាត់ជាបុគ្គលផ្ទាល់ខ្លួន ការបង្កើតចលនានេះគឺជារឿងចាំបាច់។ ចាំបាច់ ព្រោះវាជាឱកាសនយោបាយ ដែលអាចវិលចូលក្នុងឆាកនយោបាយខ្មែរវិញ តាមរយៈការឡើងធ្វើមេដឹកនាំចលនានេះ។ យើងដឹងហើយថា កន្លងមកលោក សម រង្ស៊ី មិនត្រឹមតែបានលាលែង តំណែងពីប្រធានគណបក្សសង្រ្គោះជាតិនោះទេ ប៉ុន្តែថែមទាំងបានលាលែងពីសមាជិកគណបក្សនេះទៀតផង។ ដូចនេះលោក សម រង្ស៊ី ពុំអាចតាំងខ្លួនជាគណបក្សសង្រ្គោះជាតិ ដើម្បីតស៊ូមតិនោះទេ។ ក្នុងក្របខណ្ឌគណបក្សសង្រ្គោះជាតិ គាត់ជាមនុស្សនៅក្រៅឆាក។ ដូចនេះហើយបានជាកន្លងមក ក្រុមលោក កឹម សុខា ដែលដឹកនាំដោយអ្នកនាង កឹម មនោវិទ្យា ហាក់មានសកម្មភាពលេចធ្លោ និងទទួលបានការរាក់ទាក់ច្រើនជាងនៅអាមេរិក ក៏ដូចជានៅអឺរ៉ុប។

ចំណុចចាំបាច់មួយទៀត គឺថាយុទ្ធនាការដែលដឹកនាំដោយក្រុមមនុស្សរបស់លោក កឹម សុខា ក្នុងការបញ្ចុះបញ្ចូលអន្តរជាតិឲ្យជួយ គឺមានរបៀបវារៈច្បាស់លាស់ គឺជួយគាស់គណបក្សសង្រ្គោះជាតិ ចេញពីផ្នូរ ហើយប្រស់ឲ្យរស់វិញ និងដោះលែងលោក កឹម សុខា។ ការទាមទារឲ្យលោក សម រង្ស៊ី អាចចូលស្រុកធ្វើនយោបាយវិញ គឺគ្មានឡើយនៅក្នុងរបៀបវារៈនៃការទាមទាររបស់ក្រុមលោក កឹម សុខា។ លាលេងៗជាឆាកល្ខោននយោបាយ ប៉ុន្តែគេផាត់ចេញមែនទែនពីឆាកនយោបាយពិតប្រាកដ។ ដើម្បីវិលចូលឆាកនយោបាយវិញ ក្នុងឋានៈជាមេដឹកនាំប្រឆាំងលោក សម រង្ស៊ី ចាំបាច់ត្រូវ បង្កើតឱកាសឲ្យខ្លួនឯង ប៉ុន្តែឱកាសនេះត្រូវសម្លាប់ចោលស្រមោលនៃគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស និងបំផ្លាញចោលនូវការងាររបស់ក្រុមលោក កឹម សុខា ដែលខំប្រឹងធ្វើកន្លងមក ក្នុងយុទ្ធសាស្រ្ត និងយន្តការនៃគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែកលល្បិចនយោបាយតាមបែបពាលស៊ីពាលបែបនេះ ត្រូវបានក្រុមមនុស្សរបស់លោក កឹម សុខា មើលឃើញយ៉ាងច្បាស់ ហើយអ្នកស្មោះត្រង់នឹងលោក កឹម សុខា គឺដាច់ខាតមិនចូលរួមឡើយ។ ចូលរួមក្នុងចលនាក្រៅបក្សមានន័យស្មើនឹងសម្លាប់យន្តការបក្ស។

Fresh News៖ ចុងក្រោយប្រសិនបើចលនាសង្រ្គោះជាតិ អាចស្វែងរកដំណោះស្រាយនយោបាយមួយជាមួយគណបក្សកាន់អំណាច តើលោកគិតថានរណានឹងឡើងធ្វើប្រធានបក្សប្រឆាំង ?

ចៅចាក់ស្មុក៖ ការបង្កើតចលនាសង្រ្គោះជាតិ គឺជាការបង្កើតឱកាសឲ្យលោក សម រង្ស៊ី អាចវិលត្រឡប់ចូលឆាកនយោបាយជាថ្មី និងឆ្លៀតឱកាសដែល កឹម សុខា កំពុងជាប់ពន្ធគារ ហើយក្រុមនេះ ខ្វះមេដឹកនាំលោក សម រង្ស៊ី ត្រូវយកលេសនេះ ឡើងធ្វើជាមេដឹកនាំចលនាប្រឆាំងឡើងវិញ ដោយស្រូបយកកម្លាំងទាំងអស់របស់គណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ។ វាដូចគ្នាដែរ នៅពេលដែល សម រង្ស៊ី ចុះខ្សោយឬមិនអាចដឹកនាំបក្សបានលោក កឹម សុខា ក៏ឆ្លៀតយកឱកាសនោះដណ្តើមធ្វើជាមេបក្សដូចគ្នា។ ដូច្នេះការខិតខំបង្កើតចលនា និងសកម្មភាពផ្សេងៗរបស់លោក សម រង្ស៊ី គឺដើម្បីសង្គ្រោះជីវិតនយោបាយរបស់ខ្លួន និងដើម្បីមហិច្ឆតាអំណាចតែប៉ុណ្ណោះ មិនមែនដើម្បីជួយឱ្យលោក កឹម សុខា រួចចេញពីគុកច្រវ៉ាក់នោះទេ។ តាមពិតលោក សម រង្ស៊ី និងក្រុមជំនិតរបស់គាត់ ពិតជាសប្បាយចិត្តទៅវិញទេ ដែលលោក កឹម សុខា ត្រូវបានចាប់ខ្លួន និងឃុំខ្លួន ដែលផ្តល់ឱកាសដល់ពួកគេក្នុងការក្តោប យកបក្សមកគ្រប់គ្រងវិញ។

ដូចនេះអ្វីដែលច្បាស់លាស់ ហើយចម្លើយដែលសាមញ្ញងាយយល់សម្រាប់ក្រុមប្រឆាំង គឺថាសម្រាប់ក្រុមលោក កឹម សុខា បើយន្តការគណបក្សជាអ្នករកឃើញដំណោះស្រាយ នយោបាយដូចការទាមទារនោះ គឺគណបក្សសង្រ្គោះជាតិនឹងរស់ឡើងវិញ ដោយមានលោក កឹម សុខា ធ្វើប្រធានបក្សដដែល ប៉ុន្តែសម្រាប់ក្រុមលោក សម រង្ស៊ី បើចលនាសង្រ្គោះជាតិ ជាអ្នករកឃើញដំណោះស្រាយនយោបាយ គឺលោក សម រង្ស៊ី ឯណោះវិញទេ ដែលត្រូវវិលចូលឆាកនយោបាយធ្វើជាប្រធានគណបក្សសង្រ្គោះជាតិថ្មី។ លោក កឹម សុខា យល់ច្បាស់ណាស់អំពីរឿងនេះ ហេតុដូចនេះហើយបានជាគាត់ប្រកាសចេញពីពន្ធនាគារ តាមរយៈមេធាវីរបស់គាត់ថា មិនគាំទ្រ និងមិនចូលរួមក្នុងចលនាសង្រ្គោះជាតិរបស់លោក សម រង្ស៉ី ជាដាច់ខាត៕