(ស្ទឹងត្រែង)៖ ប្រធានក្រុមប្រឹក្សាខេត្ត លោក ញ៉ែម សាម៉ន និងអភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ ដឹកនាំប្រជុំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្ត​ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តស្ទឹងត្រែង។

​ក្នុងពិធីបើកសន្និបាតនេះ ក៏មានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក កងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ តំណាងអង្គការ NGOs ក្នុងខេត្ត និងតំណាងវិស័យឯកជននានាក្នុងខេត្ត សរុបចំនួន​៣៧៤​នាក់។

លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា គោលបំណងនៃការរៀបចំសន្និបាតនេះ គឺដើម្បីត្រួតពិនិត្យ និងឆ្លុះបញ្ចាំងនូវវឌ្ឍនៈភាពការងារ លើគ្រប់វិស័យរបស់រដ្ឋបាលខេត្ត ដោយរកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយនានា ដែលបានអនុវត្តរយៈពេល១ឆ្នាំ កន្លងទៅនេះ ឈានទៅរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទូទាំងខេត្ត ។

​លោកអភិបាលខេត្ត បាន​ផ្តាំផ្ញើដល់សមាជិកសមាជិកាអង្គសន្និបាតទាំងអស់ ត្រូវរួមគ្នាពិនិត្យ និងពិភាក្សាផ្លាស់ប្តូរនូវបទពិសោធន៍ និងដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋឲ្យទទួលបានលទ្ធផលល្អ មានតម្លាភាព និងប្រសិទ្ធិភាពខ្ពស់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា៕​