(កណ្ដាល)៖ ពិតជាគួរឲ្យអាសូរណាស់ លោកយាយម្នាក់ ដោយសារជីវភាពគ្រួសារក្រក្រី ខំប្រឹងដើររើសអេតចាយទាំងយប់ ជាអកុសលដើរឆ្លងផ្លូវ ត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណ បុកបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែករថយន្តបង្កព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យអាណិតអាសូរខាងលើនេះ បានកើតឡើងលើផ្លូវជាតិលេខ២១ ចំណុចគល់ស្ពានព្រែកតាហ៊ីង (ទី៥២) ត្រើយខាងត្បូង ស្ថិតនៅក្នុងភូមិ ព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល នាវេលាម៉ោងជិត១១យប់ជ្រៅ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។

បើតាមមន្ដ្រីនគរបាល បានឲ្យដឹងថា លោកយាយដែលជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់នោះ ឈ្មោះ ឃន វ៉ន អាយុ៥៦ឆ្នាំ មុខរបរដើររើសអេតចាយ មានទីលំនៅក្នុងភូមិ ឃុំ កើតហេតុ។ ចំណែករថយន្តបង្ក មិនត្រូវបានគេស្គាល់ម៉ាក ឬអត្តសញ្ញាណអ្នកបើកបរនោះទេ។

នគរបាល បានបន្ដថា មុនពេលកើតហេតុ លោកយាយរងគ្រោះ ដើរចេញពីរើសអេតចាយ ក្នុងពិធីមង្គលការគេ ដោយដើរឆ្លងផ្លូវពីលិចទៅកើត ខណៈកំពុងដើរឆ្លងផ្លូវនោះ ស្រាប់តែមាន រថយន្តមួយគ្រឿង មិនស្គាល់ម៉ាកបើកបរមកយ៉ាងលឿន ក្នុងទិសដៅពីត្បូងទៅជើងមើលមិនទាន់ ជ្រុលទៅបុកបណ្តាលឲ្យដួលបោក ទៅនិងថ្នល់ស្លាប់ភ្លាមនៅនឹងកន្លែង ចំណែករថយន្ត បង្កព្យាយាមបើកគេចខ្លួនបាត់។

ក្រោយកើតហេតុ កម្លាំងនគរបាលបានទៅដល់ រួចធ្វើកំណត់ហេតុដើម្បីស្វែងរករថយន្តបង្ក ចំណែកសាកសពត្រូវប្រគល់ទៅឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕