(ស្វាយរៀង)៖ ក្រុមអ្នករកស៊ីដឹកដី ដឹកខ្សាច់ផ្ទុះការតវ៉ា រហូតចង់បិតផ្លូវជាតិលេខ១ ក្រោយក្រុមជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ឃាត់រថយន្ដ៧គ្រឿង ដែលដឹកលើសទម្ងន់ពី១៥តោន ទៅ២០តោន នៅ​ភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

​លោក សេង ឈួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងជាប្រធានលេខាធិការដ្ឋាន ការងារដឹកជញ្ជូន បញ្ជាក់មកកាន់អង្គភាព Fresh News ថា បញ្ហានេះគឺក្រសួងធ្វើឡើងតាមបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន នាយករកដ្ឋមន្រ្តីនៃកម្ពុជា និងទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ដែលបញ្ជាឲ្យ​អនុវត្តច្បាប់ចំពោះការដឹកជញ្ជូនលើសទម្ងន់ ដែលនាំឲ្យខូចផ្លូវជាដើម។

បើតាមលោក សេង ឈួន ការចាប់ឃាត់ទុកនេះ គឺអនុវត្ដច្បាប់យ៉ាងត្រឹមត្រូវបំផុត ហើយប្រសិនបើក្រុមអាជីវករដឹកមិនលើសទម្ងន់ទេ ក្រសួងមិនមានការចាប់រថយន្ដនោះទេ ហើយការដឹកលើសនេះ ពី១៥តោន ទៅ២០តោន។

លោក សេង ឈួន ក៏បានបញ្ជាក់ផងដែរថា​ បន្ទាប់ពីទទួលបានព័ត៌មាននេះ និងមានការគោលការណ៍ណែនាំភ្លាមៗពីលោកទេសរដ្ឋមន្រ្តី លោកបានទំនាក់ទំនងជាមួយនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត​ សាវឿន អគ្គស្នងការនគរបាលជាតិ និងអភិបាលខេត្តស្វាយរៀង លោក​ ម៉ែន វិបុល ដើម្បីឲ្យចុះទៅជួយដោះស្រាយ និងអន្តរាគមន៍​តែជាគោលការណ៍គឺដាច់ខាត មិនត្រូវឲ្យមានការដឹកលើសទម្ងន់បែបនេះ ឡើយដែលនាំឲ្យខ្ទេចផ្លូវ។

ប៉ុន្ដែទោះជាយ៉ាងណា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានចាត់ឲ្យមន្ដ្រីសាលាខេត្ត មន្ទីរសាធារណការ និងកងកម្លាំងប្រដាប់អាវុធចុះទៅដោះស្រាយ ធ្វើការសម្របសម្រួល ដោយប្រគល់រថយន្ដទាំងអស់នេះ ទៅក្រុមអាជីវករវិញ ហើយរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ។ នេះបើតាមមន្រ្តីសាលាខេត្តស្វាយរៀង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News។

សូមជម្រាបថា ពាក់ព័ន្ធការដឹកលើសទម្ងន់នេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីពេលកន្លងទៅ បានបញ្ជាទៅក្រសួងសាធារណការ សហការជាមួយអាជ្ញាធរដែនដី នគរបាលចរាចរណ៍ ឲ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកដឹកលើសទម្ងន់កម្រិតក្នុងច្បាប់ តទ្រុងខុសបច្ចេកទេសជាដើម ហើយសម្ដេចក៏បានអំពាវនាវ ដាក់ទោសយ៉ាងម៉ឺងម៉ាត់ផងដែរ ចំពោះដែលប្រព្រឹត្តខុសច្បាប់ទាំងអស់នេះ។

តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ដែលកំពុងយកព័ត៌មាននៅកន្លែងតវ៉ានោះ បានឲ្យដឹងថា ជាគោលការណ៍របស់អភិបាលខេត្តគឺចង់ឲ្យប្រគល់រថយន្តទាំងនោះ ជូនដល់បងប្អូនម្ចាស់រថយន្តវិញ ហើយរង់ចាំការដោះស្រាយនៅពេលក្រោយ ប៉ុន្តែបញ្ហាដែលចោទនោះគឺសោរថយន្តទាំងអស់ នៅនឹងក្រុមជញ្ជីងចល័ត ស្របពេលដែលក្រុមអ្នករកស៊ីទាំងអស់ ចង់ឲ្យខាងក្រុមជញ្ជីងចល័តមកដោះស្រាយវិញ ពីព្រោះខ្លាចតែដោះស្រាយនៅពេលនេះចប់ លើកក្រោយនឹងចាប់បន្តទៀត៕