(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ក្តីពាក់ព័ន្ធសំណុំរឿងរបស់លោក លឺ ឡាយស្រេង​ អតីត​មន្ត្រី​ជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងបរិហាកេរ្តិ៍ជាសាធារណៈ ដែលប្តឹងដោយលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ​តុលាការបានសម្រេចផ្តន្ទទោសលោក លឺ ឡាយស្រេង ឲ្យសងជំងឺចិត្ត៥០០លានរៀល និងចំនួន៨លានរៀលចូលថវិការដ្ឋ​។

លោក​ គី​ តិច​ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News បានឲ្យដឹងនៅមុននេះបន្តិចថា៖ តុលាការបានសម្រេចផ្តន្ទទោស ឲ្យលោក លឺ ឡាយស្រេង សងសំណងជំងឺចិត្តដល់ដើមបណ្តឹងគឺ សម្តេចតេជោ ហ៊ុន សែន ចំនួន៥០០លានរៀល និងថវិកាចំនួន៨លានរៀលចូលជាថវិការដ្ឋ។ សេចក្តីសម្រេចរបស់តុលាការនេះត្រូវបានប្រកាសជាសាធារណៈកំបាំងមុខជនជាប់ចោទ តែចាត់ទុកចំពោះមុខ ព្រមទាំងសម្រេចឲ្យការផ្សព្វផ្សាយជាសាធារណៈ និងទុកសិទ្ធិឲ្យប្តឹងទៅឧទ្ធរណ៍តាមកំណត់ច្បាប់។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧​កន្លងទៅនេះ មេធារី​តំណាង​ដោយ​អាណត្តិ ​របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យបណ្តឹងផ្លូវការ ប្តឹងលោក លឺ ឡាយស្រេង ទៅអយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញហើយ ដោយស្នើ​ឲ្យ​ផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ៥០០លានរៀល (ប្រមាណ ១២៥,០០០ដុល្លារ) ដល់ដើមបណ្តឹង។

ការដាក់ពាក្យបណ្តឹងរបស់លោកមេធាវី​ គី តិច ធ្វើឡើងបន្ទាប់ពីលោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច ជាមួយលោកស្រី គី លំអង អតីតតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច បានសន្ទនាឆ្លើយឆ្លងគ្នា ដែលក្រៅពីប្រមាថព្រះចេស្តា យ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ និងសម្តេចក្រុមព្រះហើយនោះ ថែមទាំងនិយាយធ្វើ​ឱ្យ​ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិស័ព្ទ យ៉ាងធ្ងន់ធ្ងរ ដល់ប្រមុខដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលត្រូវបានយក​ទៅផ្សព្វផ្សាយជាសាធារណៈយ៉ាងទូលំទូលាយ។

ពាក្យបណ្តឹងរបស់លោក គី តិច ប្តឹងលោក លឺ ឡាយស្រេង បានសុំ​ឱ្យ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​សាលាដំបូងរាជធានីភ្នំពេញ៖

១៖ សុំ​ឱ្យ​អយ្យការនិងសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ និងផ្តន្ទាទោស លើឈ្មោះ លឺ ឡាយស្រេង តាមច្បាប់។
២៖ ទាមទារ​ឱ្យ​ឈ្មោះ លឺ ឡាយស្រេង សងសំណងជំងឺចិត្តចំនួន ៥០០លានរៀល ដល់ដើមបណ្តឹងរដ្ឋប្បវេណី។
៣៖​ សុំឱ្យ​តុលាការប្រកាសផ្តន្ទាទោសបន្ថែម ផ្អែកតាមមាត្រា៣១០ នៃក្រមព្រហ្មទណ្ឌ។

ករណីនេះកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ ​វង្ស វឌ្ឍនា នេះបានស្នើ​ឱ្យ​ចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ និងតឹងរ៉ឹងបំផុតចំពោះលោក លឺ ឡាយស្រេង ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់ព្រះចេស្ដាអង្គព្រះមហាក្សត្រ៕