(កណ្តាល)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានរៀបចំពិធីបើកការដ្ឋានសាងសង់ ​និងជួសជុលផ្លូវថ្នល់ជូនប្រជាពលរដ្ឋទូទាំងឃុំ ក្រោមវត្តមានលោក ណុប រតនៈ អនុប្រធានគណៈពង្រឹងស្រុក និងជាប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹងឃុំព្រែកស្លែង, លោក អ៊ិត ឋានរត្ន័ អនុប្រធានគណៈពង្រឹងស្រុក និងជាអនុប្រធានទី១ គណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានឃុំ និងលោក ឆែម រតនៈវិសាល អនុប្រធានទី២ គណៈពង្រឹងឃុំ តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានស្រុក ព្រមទាំងមានការចូលរួមពី លោក បូរ ណារ៉េត អភិបាលស្រុក ក្រុមប្រឹក្សាឃុំ ក្រុមការងារគណៈពង្រឹងឃុំ នគរបាល ព្រមទាំងប្រជាពលរដ្ឋផងដែរ។

លោក ណុប រតនៈ បានថ្លែងទៅកាន់អង្គពិធីថា តាមការចង្អុលបង្ហាញពីសំណាក់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ពិសេសដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្រុមការងារគណៈពង្រឹងមូលឃុំទាំងអស់ សហការជាមួយអាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ ក្រុមការងារយុវជនស្រុក ឃុំ កម្លាំងប្រដាប់អាវុធ បានបន្តខិតខំជួយសម្រួលការលំបាករបស់លោកយាយ លោកតា អុំ ពូ មីង បងប្អូនប្រជាពលរដ្ឋនៅទូទាំងឃុំ និងសម្រេចបាននៅសមិទ្ធិផលជាច្រើនដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក៏ដូចជា មូលដ្ឋានទាំងមូលផងដែរ។​

ជាក់ស្តែងនៅថ្ងៃនេះ ក្រុមការងារ បានបន្តរៀបចំ បើកការដ្ឋានសាងសង់ និងជួសជុលផ្លូវសរុបប្រវែង២០៥០ម៉ែត្រ ក្រាលថ្ម ក្នុងភូមិព្រែកស្លែង នឹងបន្តខិតខំកសាង​ជួសជុល នៅតាមបណ្តាភូមិផ្សេងៗទៀត ដើម្បីឆ្លើយតបតាមសំណើររបស់ប្រជាពលរដ្ឋផងដែរ។

លោកក៏បានបន្ថែមថា «សុខសន្តិភាព និងការរីកចំរើន ព្រមទាំងសមិទ្ធិផលដ៏ច្រើនលើសលប់ មកដល់សព្វថ្ងៃនេះ គឺជាការខិតខំប្រឹងប្រែង លះបង់សព្វបែបយ៉ាង របស់គណបក្សប្រជាជនកម្ពុជា ពិសេស សម្តេចតេជោ ហ៊ុន សែន»

ចុងបញ្ចប់លោក ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការឲ្យបានល្អ ធ្វើយ៉ាងណាឲ្យការសាងសង់ជួសជុលផ្លូវនេះ ​ដំណើរការទៅបានដោយរលូន ព្រមទាំងបានប្រកាសបើកការដ្ឋានសាងសង់ និងជួសជុលផ្លូវទូទាំងឃុំព្រែកស្លែង ចាប់ពីពេលនេះតទៅ។

សូមបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ កន្លងទៅនេះ គឺស្រុកកណ្តាលស្ទឹង រក្សាត្រាមេឃុំនៅដដែល មិនបានបាត់បងត្រាណាមួយនោះទេគឺឃុំ១៨លើ១៨៕