(បន្ទាយមានជ័យ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការបោះឆ្នោត នៅកម្ពុជាទាំង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តទៅដោយរលូនអត់មានការខកខានឡើយ ទោះបីមានអ្នកគ្រោងធ្វើសកម្មភាពបង្ករឿងមុនពេល បោះឆ្នោត ក៏ដោយ។

សម្តេចករឡាហោម ស ខេង បានថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីភាពបិទសន្និបាត បូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលរៀបចំធ្វើ ឡើងនៅក្នុងសាលាខេត្តបន្ទាយមានជ័យ នៅថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ។

សម្តេចក្រឡាហោម ស ខេង បានបន្តថា «ទោះបីមានក្រុមជនអគិតិចំនួនមានបំណងធ្វើបដិវត្តន៍ពណ៌ក៏ដោយ បន្ទាប់ពី តុលាការកំពូលកាត់រំលាយគណបក្សសង្រ្គោះជាតិ។ នៅពេលថ្មីៗនេះ មានក្រុមអតីតតំណាងរាស្ត្រគណបក្សមួយចំនួន រួមជាមួយទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្ស បានប្រកាសបង្កើតចលនាសង្រ្គោះជាតិ ដើម្បីដាក់សម្ពាធឲ្យរាជរដ្ឋាភិបាល ព្រមចចារជាមួយខ្លួនមុនពេលបោះឆ្នោតក្តី ក៏ដំណើរការ នៃការនោះឆ្នោតនៅកម្ពុជា នៅតែប្រព្រឹត្តដោយរលូនដដែល»

«យើងប្រឆាំងដាច់ខាតរាល់ទង្វើណាមួយដែលមានចរិតបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ បំផ្លាញការអភិវឌ្ឍនាំឲ្យមាន ការបែកបាក់សាមគ្គីជាតិ នាំឲ្យមានសង្គ្រាមស៊ីវិល ដែលធ្វើឲ្យប៉ះដល់ភាពយុត្តិធម៌ សេរីពហុបក្សនៅកម្ពុជា។ ដែលជា ហេតុរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា ជាដាច់ខាត»។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ កម្ពុជានឹងមានការបោះឆ្នោតចំនួនពីរ រួមមានការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នឹងធ្វើឡើង នៅថ្ងៃទី២៥ ខែកុម្ភៈ ហើយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៦ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា។

ស្របពេលដែលកម្ពុជាកំពុងតែដំណើរការនីតិវិធីឈានទៅរកការបោះឆ្នោតនេះ ចលនាមួយឈ្មោះថា «ចលនាសង្រ្គោះជាតិ» ត្រូវបានប្រកាសបង្កើតឡើងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដឹកនាំដោយលោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូ សុខហួរ, លោកស្រី ជូឡុង សូមូរ៉ា ជាដើម។

សេចក្តីថ្លែងការណ៍ស្តីពីការបង្កើតចលនានេះ បង្ហាញថា ចលនានេះបង្កើតឡើង ដើម្បីទាមទារឲ្យមានការដោះលែងលោក កឹម សុខា និងទាមទារឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា៕