(ភ្នំពេញ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ និងនគរបាលមូលដ្ឋានខណ្ឌ៧មករា បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងផលិត ប៊ីចេងក្លែងក្លាយ ចំនួន៣ទីតាំង នៅក្នុងមូលដ្ឋានសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

ប្រតិបត្តិការនេះដឹកនាំដោយលោក លី សុផាន់ណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការ បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២២ ខែមករា និងបន្តរហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ ក្នុងមូលដ្ឋានសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នៅមុនពេលឈានដល់ការ ចុះប្រតិបត្តិការ ទីតាំងទាំងអស់នេះ គឺខាងកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច បានទទួលពាក្យបណ្ដឹងពីម្ចាស់ ក្រុមហ៊ុន ប៊ីចេង នៅប្រទេសថៃមានឈ្មោះថា thai fermentation industry co.ltd ដែលមានការចុះបញ្ជើនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនដើម បានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុន និងទីតាំងផលិតប៊ីចេងក្លែងក្លាយជាច្រើនទីតាំង កំពុងប្រព្រឹត្ត លួចផលិត និងចែកចាយពេញទីក្រុងភ្នំពេញ និងទូទាំងខេត្ត។

បើតាមលោកឧត្តមសេនីយ៍ ការចុះបង្ក្រាបនៅកន្លែងវេចខ្ចប់ ស្តុក និងចែកចាយប៊ីចេងក្លែងក្លាយសញ្ញារូបវែកត្រូវបាន ធ្វើឡើងនៅ ចំនួន៣ទីតាំងរួមមាន៖

ទីតាំងទី១៖ ស្ថិតនៅចំណុចផ្ទះលេខ២៣ ផ្លូវ១២៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដោយដកហូតប៊ីចេងចំនួន៥៣បេ ស្មើនឹង 1.364kgs,ប៊ីចេង មិនទាន់វេចខ្ចប់ ចំនួន៧៦បេ ស្មើនឹង 1.898kgs, សំបកវេចខ្ចប់ទំងន់ 99kgs, ម៉ាស៊ីនអ៊ុតមាត់ថង់០១គ្រឿង និងម៉ាស៊ីនវេចខ្ចប់០១គ្រឿង។

ទីតាំងទី២៖ ស្ថិតនៅចំណុចផ្ទះ១៤បេ ផ្លូវ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដកហូតប៊ីចេងក្លែងក្លាយចំនួន៨០០ កញ្ចប់តូច ស្មើនឹង 275 kgs​ និងសំបកខ្ចប់មួយចំនួនទៀត។ ទីតាំងទី១និងទី២ ប៊ីចេងក្លែងក្លាយមានទំងន់សរុបចំនួន 3.537kgs។ 

ទីតាំងទី៣៖ ស្ថិតចំណុចផ្ទះ១០ ផ្លូវ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដែលធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ តែមិនទាន់ដឹងលទ្ធផលនៅឡើយទេ។

ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង លី សុផាណា បានសម្រេចឲ្យដកហូតយកមករក្សាទុកនៅ នាយកដ្ឋាននគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ច និងបាននាំម្ចាស់ទីតាំងទាំង២នាក់ មកនាយកដ្ឋាន ដើម្បីបន្តនីតិវិធី៕