(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសថា ទង្វើរបស់បុគ្គល សម រង្ស៊ី ដែលបានប្រកាសធ្វើ «ចលនាសង្គ្រោះជាតិ» នោះ គឺជាសកម្មភាពភេវកម្មសុទ្ធសាត ហើយកងរាជអាវុធហត្ថនឹងមិនបណ្ដោយឲ្យបុគ្គលនេះធ្វើអ្វីស្រេចតែចិត្តនោះទេ កងរាជអាវុធហត្ថត្រៀមខ្លួនជានិច្ច ដើម្បីទប់ស្កាត់ពួកប្រតិកិរិយាស្ដាប់បរទេសទាំងនោះ។

ការថ្លែងខ្លាំងៗឲ្យដឹងបែបនេះរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជា បានធ្វើនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល ការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កងរាជអាវុធហត្ថត្រៀមខ្លួនជានិច្ចសម្រាប់កម្ចាត់ពួកចលនាសង្គ្រោះជាតិ ដែលជាទង្វើភេរវកម្ម ហើយកងរាជអាវុធហត្ថមិនថា កាលៈទេសៈណាក៏ដោយ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងមិនបណ្ដោយឲ្យក្រុមស្ដាប់បរទេសទាំងនោះ ធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះឡើយ»

សូមជម្រាបថា ចលនាសង្រ្គោះជាតិ ត្រូវបានប្រកាសបង្កើតឡើង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ហើយដឹកនាំដោយលោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូ សុខហួរ, លោកស្រី ជូឡុង សូមូរ៉ា ជាដើម។ សេចក្តីថ្លែងការណ៍ស្តីពីការបង្កើតចលនានេះ បង្ហាញថា ចលនានេះបង្កើតឡើង ដើម្បីស្តារប្រជាធិបតេយ្យនៅកម្ពុជា ទាមទារឲ្យមានការដោះលែង លោក កឹម សុខា និងទាមទារឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។

ការបង្កើតចលនាសង្គ្រោះជាតិ កំពុងនាំឲ្យមានការរង្គោះរង្គើ និងបែកបាក់ផ្ទៃក្នុងរបស់អតីតថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិផងដែរ។ ពួកគេបានចាត់ទុកការបង្កើតចលនានេះ ជាចេតនាក្នុងការក្រសោបយកអំណាចរបស់លោក សម រង្ស៊ី។ កាលពីកន្លងទៅអតីតសមាជិកបក្សប្រឆាំងប្រមាណ៥០នាក់ ដែលសុទ្ធសឹងតែជាបក្ខពួករបស់លោក កឹម សុខា បានចេញសេចក្តីប្រកាសប្រឆាំងចំពោះការបង្កើតចលនានេះ ហើយបានអះអាងថា ពួកគេនឹងមិនចូលរួមជាមួយចលនានេះនោះឡើយ ហើយបន្តធ្វើសកម្មភាពក្រោមក្របខណ្ឌគណបក្សសង្រ្គោះជាតិ ដែលមានលោក កឹម សុខា ជាប្រធាន។

លោក កឹម សុខា ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារត្រពាំងផ្លុង បានប្រកាសតាមរយៈមេធាវីរបស់លោកថា មិនគាំទ្រ និងចូលរួមជាមួយចលនានេះឡើយ។ ដោយឡែក លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលជាអតីតមន្រ្តីជាន់ខ្ពស់គណបក្សសិទ្ធិមនុស្ស បានថ្កោលទោសសេចក្តីសម្រេចបង្កើតចលនានេះ ផងដែរ៕