(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាលចំនួន៤នាក់ និងរបួសធ្ងន់១៨នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៨គ្រឿង រថយន្តតូច៨គ្រឿង, និងរថយន្តធំ៥គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, កត្តាយានយន្ដ និងមិនប្រកាន់ស្ដាំ។

សូមបញ្ជាក់ថារយៈពេល២២ថ្ងៃ ខែមករា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២១៩លើក បណ្ដាលឲ្យមនុស្សស្លាប់១២៧នាក់ របួសធ្ងន់ចំនួន២១៣នាក់ និងរបួសស្រាលចំនួន៨៦នាក់៕