(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបង្ហាញពីបំណងចង់ឃើញមានការហោះហើរត្រង់ពីទីក្រុងញូវដេលី មកកាន់រាជធានីភ្នំពេញ ឬ ខេត្តសៀមរាប នៃប្រទេសកម្ពុជា ដើម្បីបង្កើនចំនួនអ្នកទេសចរឥណ្ឌាមកកាន់ប្រទេសកម្ពុជា។

ការបង្ហាញនូវបំណងចង់ឃើញមានការហោះហើរត្រង់ពីប្រទេសឥណ្ឌាមកកាន់ប្រទេសកម្ពុជានេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច​អនុញ្ញាតឲ្យលោកស្រី ម៉ានីកា ជេន (Manika Jain) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា ដែលទើបមកបំពេញបេសកកម្មការងារថ្មី។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា នៅចំពោះឯកអគ្គរដ្ឋទូត ឥណ្ឌា សម្តេចតេជោ បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា មានរាប់ពាន់ឆ្នាំមកហើយនៅក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជា ហើយទំនាក់ទំនងនេះ កំពុងតែមានការរីកចម្រើនល្អប្រសើរទាំងទ្វេភាគីកម្ពុជា-ឥណ្ឌា និងទាំងក្នុងក្របខណ្ឌអាស៊ានឥណ្ឌាផងដែរ។

សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានលើកទឹកចិត្តលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាពិនិត្យមើល​លទ្ធភាពជំរុញអ្នកវិនិយោគឥណ្ឌាមកវិនិយោគ​លើវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលអាចជំរុញ និងពង្រឹងពង្រីកទំនាក់ទំនងប្រទេសទាំងពីរបានកាន់តែប្រសើរ។

ក្នុងជំនួបសម្តែងការគួរសមនេះ លោកស្រី ម៉ានីកា ជេន បានប្តេជ្ញាថា ក្នុងបេសកកម្មទូតនៅកម្ពុជា លោកស្រីនឹងប្រឹងប្រែងឲ្យអស់​ពីសមត្ថភាព និងលទ្ធភាពពង្រីកទំនាក់ទំនងទាំងពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗទៀត ដើម្បីជាការរួមចំណែកក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅក្នុងសប្តាហ៍នេះ ក៏នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា ក៏ដូចជាចូលរួមកិច្ច ប្រជុំកំពូលពិសេសឥណ្ឌា-អាស៊ាន។ ក្នុងពេលបំពេញទស្សនកិច្ចនៅឥណ្ឌានេះ មានឯកសារ ក៏ដូចជាកិច្ចព្រមព្រៀងមួយចំនួននឹងត្រូវចុះ ហត្ថលេខារវាងកម្ពុជា និងឥណ្ឌា ដើម្បីពង្រីកទំនាក់ទំនង និងការធ្វើពាណិជ្ជកម្ម៕