(ភ្នំពេញ)៖ លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បានចំអកដល់អតីតថ្នាក់ដឹកនាំដឹកនាំរបស់ អតីតគណបក្សសង្រ្គោះជាតិ ដែលនៅតែប​ន្តបែកបាក់គ្នា ក្រោយពេលដែលគណបក្សរបស់ពួកគេត្រូវបានរំលាយ។

ការចំអកលេបខាយរបស់អ្នកនាំពាក្យគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចចំពោះថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ នាពេលនេះបានធ្វើឡើងបន្ទាប់ពី ភាពចម្រូងចម្រាស់ផ្ទៃក្នុងរបស់អតីតគណបក្សសង្រ្គោះជាតិ ពោលគឺរវាង បក្ខពួកលោក សម រង្ស៉ី និងបក្ខពួករបស់ លោក កឹម សុខា បានផ្ទុះឡើង ជាសាធារណៈម្តងទៀតក្រោយលោក សម រង្ស៉ី បង្កើតចលនាសង្រ្គោះជាតិ ដែលក្រុមលោក កឹម សុខានិយម បានចាត់ទុកថា ជាការដាក់បន្ថែមទោស ដល់អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ពន្ធនាគារត្រពាំងផ្លុង ប្រទេសកម្ពុជា។

លោក ញ៉េប ប៊ុនជិន បានមើលឃើញថា ការប្រកាន់បក្ខពួក និងភាពចម្រូងចម្រាស់ផ្ទៃក្នុងរបស់អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិនេះ មិនមែនទើបនឹង កើតឡើងនៅពេលនេះទេ គឺពួកគេចាប់ផ្តើមមានតាំងពីបង្កើតគណបក្សសង្រ្គោះជាតិម្ល៉េះ។ លោកបានបញ្ជាក់ទៀតថា ក្រុមរបស់លោក សម រង្ស៉ី និយម និងក្រុមរបស់ លោក កឹ​ម សុខា និយម បានដើរនយោបាយដោយមិនស៊ីសង្វាក់គ្នាទេ។

ទោះជាយ៉ាងនេះក្តី លោកចាត់ទុកថា ចលនាសង្រ្គោះជាតិខុសច្បាប់ ដែលបង្កើតឡើងដោយក្រុមរបស់លោក សម រង្ស៉ី នេះ គឺគ្រាន់តែដើម្បីប្រមូលលុយពីអ្នកគាំទ្រ នៅក្រៅប្រទេសតែប៉ុណ្ណោះ​ ហើយមិនអាចជួយអ្វីដល់ លោក កឹម សុខា ឡើយ។ លោកលើកឡើងយ៉ាងដូច្នេះថា៖ «ម្នាក់នៅខាងក្នុងស្រុក ម្នាក់នៅខាងក្រៅស្រុក ដែលគាត់ធ្វើចលនានេះ ខ្ញុំមើលទៅគ្រាន់តែដើម្បីប្រមូលបច្ច័យអ្នកគាំទ្រប៉ុណ្ណោះ មិនអាចជាប្រយោជន៍អ្វី សម្រាប់អ្នកខាងក្នុងនោះទេ»

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបន្ថែមថា ការផ្ទុះឡើងនូវភាពចម្រូងចម្រាស់ជាសាធារណៈនេះ នឹងធ្វើឱ្យអតីតសមាជិកគណបក្សសង្រ្គោះជាតិ ដែលគ្មានក្បាលម៉ាស៊ីនដឹកនាំ កាន់តែពិបាកថែមទៀត៕