(កោះកុង)៖ ប្រជាពលរដ្ឋចំនួន៩នាក់ បានពុលត្រីកំពត បន្ទាប់ពីពួកគេនាំគ្នាហូបត្រីកំពតក្លែមជាមួយស្រា នាវេលាម៉ោង៣៖២៥នាទី ស្ថិតនៅលើផែឈ្មោះ សៀង ដារ៉ា នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមានអាការៈធីងធោង និងក្អួតចង្អោរ ត្រូវក្រុមគ្រួសារបញ្ជូន នៅមណ្ឌលសុខភាពគិរីសាគរ។

ជនរងគ្រោះទាំង៩នាក់រួមមាន ទី១៖ ឈ្មោះ សៀង ដារ៉ា អាយុ៣០ឆ្នាំ មុខរបររត់អូប័រ (ម្ចាស់ផែ), ទី២៖ ឈ្មោះ ភោគ សំណាង អាយុ៣៩ឆ្នាំ,​ ទី៣៖ ឈ្មោះ រ៉ន ដារ៉ូ អាយុ២១ឆ្នាំ, ទី៤៖ ពេជ្រ វាសនា អាយុ២៧ឆ្នាំ, ទី៥៖ ឈ្មោះ នួន លឹមជាង អាយុ២៥ឆ្នាំ, ទី៦៖ ឈ្មោះ សេង ថុល អាយុ ៣០ឆ្នាំ, ទី៧៖ ឈ្មោះ ពេជ្រ វិបុល អាយុ៥៤ឆ្នាំ, ទី៨៖ ឈ្មោះ វង្ស ផា អាយុ៣០ឆ្នាំ និងទី៩៖ ឈ្មោះ អ៊ុ អាង អាយុ៤១ឆ្នាំ។

អ្នកទាំង៩នាក់ រស់នៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បច្ចុប្បន្នជនរងគ្រោះ កំពុងសង្គ្រោះបន្ទាន់ នៅក្នុងមណ្ឌលសុខភាពគិរីសាគរ និងរៀបចំបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុងផងដែរ៕