(ភ្នំពេញ)៖ សម្ដេក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើឲ្យថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យឲ្យបានល្អិតល្អន់នូវសកម្មភាព របស់មន្ដ្រីតាម​មូលដ្ឋាន ព្រោះខ្លាចក្រែងនៅមានមន្ដ្រីខិលខូចមួយចំនួន នៅតែបន្ដយកលុយថ្លៃធ្វើអត្តសញ្ញាណប័ណ្ណពីប្រជាពលរដ្ឋ ខណៈដែលរាជរដ្ឋាភិបាល បានសម្រេចលុបចោលនូវការយកលុយនេះរួចមកហើយ។

ការថ្លែងបែបនេះ របស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្ដេច​អញ្ជើញបិទសន្និបាត ត្រួតពិនិត្យលទ្ធផលការងារ អត្តសញ្ញាណកម្ម រយៈពេល៣ឆ្នាំ (២០១៤-២០១៧) និងលើកទិសដៅការងារបន្ដ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «កន្លងមករាជរដ្ឋាភិបាលបានផ្ដាច់នូវការ លើកលែងតម្លៃសេវាអត្តសញ្ញាណកម្មទាំងអស់ ដូច្នេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិ ស្នងការដ្ឋានរាជធានី-ខេត្ត អធិការនគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់បន្ដអនុវត្តការងារនេះឲ្យបានខ្ជាប់ខ្ជួន នេះជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់ ជួនអីរដ្ឋាភិបាលយើងលើកលែង ហើយមានមន្ដ្រីនៅតែបន្ដយកទៀត ដូច្នេះការលុបរបស់រាជរដ្ឋាភិបាលវាអត់ន័យ»

បើទោះបីជាបានណែនាំយ៉ាងក៏ពិតមែន ប៉ុន្ដែសម្ដេច ស ខេង ជឿជាក់ថាមិនមែនមន្ដ្រីទាំងអស់បន្ដយកនោះទេ ពោលគឺមានតែមន្ដ្រីមួយចំនួនតូចតែប៉ុណ្ណោះ ប៉ុន្ដែបច្ចុប្បន្ននេះភាគីច្រើន​ធ្វើបានល្អរួចមកហើយ។

បើតាមសម្ដេច ស ខេង ការសម្រេចលុបចោលនូវការយកលុយរបស់រាជរដ្ឋាភិបាល លើថ្លៃធ្វើអត្តសញ្ញាណប័ណ្ណនេះ គឺជាការជួយសម្រួលបន្ទុកមួយចំណែកផងដែរ ដល់ការចំណាយរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថា សេចក្តីប្រកាស​ចេញ​ដោយ​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ​ចុះ​ថ្ងៃទី​៣០ ខែ​ធ្នូ ​ឆ្នាំ​២០១៦ ​ហើយ​មាន​ប្រសិទ្ធិ​ភាព​អនុវត្តន៍​ចាប់ពី​ថ្ងៃទី​០១​ ខែមករា ​ឆ្នាំ​២០១៧ ​បានសម្រេច​លុបចោល​ថ្លៃ​សេវា សម្រាប់​ការងាររដ្ឋបាល​មួយចំនួន​ដូចជា​៖

* ការធ្វើ​សំបុត្រអាពាហ៍ពិពាហ៍ របស់​ជនបរទេស ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ
* ការផ្តល់​សៀវភៅ​ស្នាក់នៅ
* ទុតិយតា ឬ​តតិយតា សៀវភៅ​ស្នាក់នៅ​
* ការស្នើសុំ​បន្ថែម ឬ​បន្ថយ​សមាជិក ក្នុង​សៀវភៅ​ស្នាក់នៅ
​* ការផ្តល់​សៀវភៅ​គ្រួសារ
* ទុតិយតា និង​តតិយតា សៀវភៅ​គ្រួសារ
* ការស្នើសុំ​បន្ថែម ឬ​បន្ថយ​សមាជិកគ្រួសារ ក្នុង​សៀវភៅ​គ្រួសារ
​* ការផ្តល់​អត្តសញ្ញាណ​បណ្ណ​ស​ញ្ជា​តិ​ខ្មែរ
​* ទុតិយតា ឬ​តតិយតា អត្តសញ្ញាណ​ប​ណ្ណស​ញ្ជា​តិ​ខ្មែរ​៕​