(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បានចេញសារព្រមានថា សកម្មភាពនយោបាយឧទ្ទាមប្រឆាំងនឹងច្បាប់ ដែលក្រុមមួយចំនួនកំពុងតែធ្វើនោះ ពុំមានផលល្អអ្វីសម្រាប់ពួកគេទេ ក្រៅតែពីទោសទណ្ឌតែប៉ុណ្ណោះ។

ការលើកឡើងរបស់ លោក គឹម សន្តិភាព បានធ្វើឡើងបន្ទាប់ពីអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិមួយចំនួន ដែលច្បាប់ហាមឃាត់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ បានចេញមុខធ្វើសកម្មភាពនយោបាយជាថ្មីតាមរយៈការបង្កើតចលនាមួយឈ្មោះថា «ចលនាសង្រ្គោះជាតិ»។ ចលនានេះ ត្រូវបានលោក សម រង្ស៉ី លោក អេង ឆៃអ៊ាង លោកស្រី មូ សុខហួរ រួមទាំងអតីតថ្នាក់ដឹកនាំ CNRP មួយចំនួនទៀត អះអាងថា ​បង្កើតឡើងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យកម្ពុជា ទាមទារឱ្យដោះលែង លោក កឹម សុខា រួមទាំងទាមទារឱ្យអតីតគណបក្សសង្រ្គោះជាតិ អាចចូលរួមក្នុងការបោះឆ្នោត នៅពេលខាងមុខនេះឡើងវិញ។

លោក គឹម សន្តិភាព បានបញ្ជាក់នៅលើទំព័រ Facebook របស់លោកយ៉ាងដូច្នេះថា៖ «មានតែសកម្មភាពនយោបាយស្របច្បាប់តែប៉ុណ្ណោះ ដែលទទួលបានការការពារដោយច្បាប់ សម្រាប់ប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ! សកម្មភាពដឹកនាំ-ចូលរួមក្នុងចលនាខុសច្បាប់ សកម្មភាពមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការ និងសកម្មភាព នានាប្រឆាំងនឹងច្បាប់ សុទ្ធតែជាអំពើល្មើស ដែលត្រូវផ្តន្ទាទោស តាមច្បាប់ព្រហ្មទណ្ឌ !»

លោក គឹម សន្តិភាព បានបន្តថា៖ «សកម្មភាពនយោបាយឧទ្ទាម ឬសកម្មភាពនយោបាយគគ្លើនដដែលៗ ប្រឆាំងនឹងច្បាប់ទាំងនោះ ពុំមានផលល្អអ្វីសម្រាប់អ្នកនោះទេ ក្រៅតែពីទោសទណ្ឌសម្រាប់អ្នកតែប៉ុណ្ណោះ!»

សូមបញ្ជាក់ថា អតីតគណបក្សសង្រ្គោះជាតិ​ ត្រូវបានតុលាការកំពូលកាត់ទោសរំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីរកឃើញថា មានការពាក់ព័ន្ធនឹងអំពើក្បត់ជាតិជាប្រព័ន្ធ។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានសម្រេចហាមឃាត់ ថ្នាក់ដឹកនាំអតីតគណបក្សនេះចំនួន១១៨រូប មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ៕