(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន៤នៅកម្ពុជា នឹងផ្ដល់ឱកាសការងារចំនួន៣២៧កន្លែង ដោយមានមុខតំណែងផ្សេងៗគ្នាដល់សិស្ស និស្សិត និង​អ្នក​ស្វែងរកការងារធ្វើទូទៅ ក្នុងវេទិកាការងារប្រចាំខែរបស់ ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែ មករា ឆ្នាំ២០១៨ ខាងមុខនេះ។

ក្រុមហ៊ុនទាំង៤ ដែលចូលរួមក្នុងវេទិកាការងារនេះរួមមាន ផ្សារទំនើប Aeon Mall, មីក្រូហិរញ្ញវត្ថុជោគជ័យ, ក្រុមហ៊ុនឆ្នោតមហាសំណាង KPW និងភោជនីដ្ឋាន World Dinning Restaurant។ ក្រុមហ៊ុនទាំង៤នេះ នឹងមកធ្វើការសម្ភាសន៍ ដោយផ្ទាល់ជាមួយនឹង យុវជនសិស្ស/និស្សិត និងអ្នកស្វែងរកការងារចាប់ពីម៉ោង៨៖០០ព្រឹក ដល់ម៉ោង៥៖៣០នាទីរសៀល។

លោក ប៉ុល សុវណ្ណរស្មី ប្រធានគ្រប់គ្រងធនធានមនុស្ស ផ្សារទំនើប AEON MALL បានឲ្យដឹងថា នេះជាលើកទី៥ហើយ ដែលលោកបានសហការជ្រើសរើសបុគ្គលិក តាមរយៈNEAនេះ។ សម្រាប់លើកនេះ ក្រុមហ៊ុន នឹងសម្ភាសបេក្ខជន ជាពីរដំណាក់កាល ទី១គឺសម្ភាស ជំហានដំបូងគឺយកតែអ្នកជាប់លើកទី១នៅ NEA ហើយលទ្ធផលសម្ភាសទី១នេះនឹងប្រកាសនៅNEA ចំពោះអ្នកដែលជាប់លើកទី១នេះនឹងត្រូវទៅសម្ភាសលើកទី២ នៅក្រុមហ៊ុនផ្ទាល់តែម្តង។

លោកបានបន្ដទៀតថា បើសិស្ស/និស្សិត ដែលចង់ទទួលបានការងារនៅ AEON ត្រូវរៀបចំប្រវត្តិរូបសង្ខេបឲ្យបានត្រឹមត្រូវ, រៀបចំខ្លួនឲ្យបានល្អ, ស្វែងយល់អំពីមុខតំណែងដែលខ្លួនជ្រើសរើស និងត្រូវគោរពពេលវេលាជាដើម។

សូមជម្រាបថា ជារៀងរាល់ខែ NEA តែងរៀបចំវេទិកាការងារ និងសម្ភាសការងារ ដើម្បីជំរុញឲ្យអ្នកស្វែងរកការងារ ទទួលបានឱកាសការងារ និងជ្រើសរើសបុគ្គលិកស្របតាមតម្រូវការរបស់ទីផ្សារការងារ។

គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារបានរៀបចំនូវវេទិកាការងារដូចគ្នានៅតាមមជ្ឈមណ្ឌលការងារទាំង១១របស់ខ្លួនជិត ២០០ដងមកហើយតាំងពីឆ្នាំ២០០៩មក ដោយមានសិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើសរុបចំនួនជិត៣ម៉ឺននាក់បានចូលរួម ហើយអ្នកស្វែងរកការងារធ្វើចំនួនជាង១០០០០ នាក់ បានទទួលការងារធ្វើរួចជាស្រេចតាមរយៈវេទិកាការងារទាំងនេះ។

វេទិកាការងារនេះ គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាលក្នុងការផ្ដល់ឱកាសដល់សាធារណៈជន ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារអាចទទួលបានការងារកាន់តែងាយស្រួលចំណេញពេលវេលា និងនៅមួយកន្លែង។ វេទិកានេះបានរួមចំណែកជួយពន្លឿនដំណើរការជ្រើសរើសបុគ្គលិក របស់ដល់និយោជកឲ្យបានជួប និងសម្ភាសន៍ផ្ទាល់ជាមួយអ្នកកំពុងស្វែងរកការងារធ្វើ។

ទីភ្នាក់ងារជាតិ មុខរបរនិងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំវេទិកាការងារបែបនេះ រៀងរាល់សប្តាហ៍ទី៤នៃខែនីមួយៗ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច។ សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារដែលខ្លួនពេញចិត្ត និងសមស្រប ទៅតាមជំនាញរៀងៗខ្លួន អាចមកចូលរួមដោយសេរី នៅក្នុងវេទិកាការងារនេះ បានដែលនឹងប្រព្រឹត្តិទៅនៅ ក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង មជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារwww.nea.gov.kh និងទំព័រ facebookneakhmer (អិនអ៊ីអេ ខ្មែរ)៕