(ស្វាយរៀង)៖ សាលាបឋមសិក្សា «ជប់ព្រីងឃុំថ្មី» ស្ថិតនៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅតំបន់ជិតព្រំដែន ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ ដើម្បីចូលរួមចំណែកលើកស្ទួយ វិស័យអប់រំ នៅព្រំដែនដាច់ស្រយាល។
ពិធីដាក់ឲ្យប្រើប្រាស់ សាលាបឋមសិក្សា «ជប់ព្រីងឃុំថ្មី» នេះ មានការចូលរួមពីលោក សុខ រស់ អភិបាលស្រុកកំពង់រោទ៌ និងលោក លឹម គីមសេង ព្រមទាំងសហការី សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងប្រជាពលរដ្ឋ ចូលរួមប្រមាណជាង៣០០នាក់ផងដែរ។
ព្រះគ្រូ អ៊ុ សុវណ្ណរិទ្ធិ ចៅអធិការវត្តកោះអណ្តែត បានឲ្យដឹងថា សាលារៀនមួយខ្នងនេះ មានបណ្តោយ២៤ម៉ែត្រ និងទទឹង១០ម៉ែត្រ ស្មើរនិង៣បន្ទប់ ចំណាយថវិកាអស់ប្រមាណជិត ២ម៉ឺនដុល្លារ គឺជាអំណោយរបស់ លោក លឹម គឹមសេង អគ្គនាយកក្រុមហ៊ុន Lucky Ruby & Lucky ៨៩ និងភរិយាព្រមទាំងសហការី ដើម្បីរួមចំណែកលើកស្ទួយ វិស័យអប់រំ នៅព្រំដែនដាច់ស្រយាល ដែលកំពុងជួបការខ្វះខាតសាលារៀន។
បើតាមលោក សៅ សាមាន នាយកសាលាបឋមសិក្សា «ជប់ព្រឹង» បានឲ្យដឹងថា សិស្សកំពុងសិក្សា នៅសាលាបឋមសិក្សាជប់ព្រឹងនេះ មានជាង២០០នាក់ គ្រូបង្រៀនមាន៦នាក់ ហើយជួបការខ្វះខាតសាលា ដោយមានការខ្នះខ្នែងស្វែង រកសប្បុរសជនពីចៅអធិការ វត្តកោះអណ្តែត ព្រះគ្រូអ៊ុសុវណ្ណរិទ្ធ នោះទើបលោក លឹម គឹមសេង និងភរិយា ព្រមទាំងសហការី របស់លោកបានជួយកសាងសាលារៀន បានមួយខ្នងនេះ។
លោកនាយកសាលាបឋមសិក្សា «ជប់ព្រឹង» បានបញ្ជាក់ទៀតថា សាលារៀនបឋមសិក្សាជប់ព្រីងនេះ នៅខ្វះសាលាមួយខ្នងទៀត ដើម្បីបំពេញតំរូវ ការរបស់សិស្ស ដែលចេះតែកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។
លោក លឹម គីមសេង បានថ្លែងថា ក្នុងនាមរូបលោក ជាប្រធានក្រុមហ៊ុន ពិតជាមានក្តីរំភើយសប្បាយរីករាយ ដែលបានមកចូលរួមសម្ភោធសាលាជប់ព្រីង នៅថ្ងៃនេះ។ ហើយសាលារៀន មួយខ្នងនេះ ពិតបានផ្តល់សារៈប្រយោជន៍ ដល់សិស្សានុសិស្សបានរៀនសូត្រ នៅតំបន់ព្រំដែន និងបន្តគាំទ្រជួយឧបត្ថម្ហជាបន្តបន្ទាប់ ទៅតាមលទ្ធិភាពដែលអាចធ្វើទៅបាន។
លោក សុខ រស់ អភិបាលស្រុកកំពង់រោទ៌ បានថ្លែងអំណរគុណចំពោះ លោកអគ្គនាយក លឹម គីមសេង និងសហការីដែលបានជួយកសាងសាលារៀនមួយខ្នងនេះ ពិតជាមាន សារៈសំខាន់ណាស់ ដែលជាទីកន្លែងផ្តល់នូវចំណេះដឹង ដល់កូនចៅអ្នករស់នៅតំបន់ព្រំដែន ដាច់ស្រយាល ដើម្បីក្រេបយកចំណេះវិជ្ជា ជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ។
អភិបាលស្រុកកំពង់រោទ៌ ក៏បានជំរុញឲ្យសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ហើយកុំតូចចិត្តថា យើងរស់នៅតំបន់ដាច់ ស្រយាលឆ្ងាយពីទីក្រុង ព្រោះថ្នាក់ដឹកនាំប្រទេសជាតិ យើងក៏កើតចេញ ពីកូនកសិករជនបទដែរ ដូច្នេះត្រូវគិតថា ខំរៀនដើម្បី អនាគតភ្លឺស្វាង។
លោក លឹម គីមសេង បានចែកអំណោយមានក្រម៉ា សៀវភៅ ប៊ិច ថវិកា ដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំង ប្រជាពលរដ្ឋមួយចំនួនផងដែរ៕