(កំពត)៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនជនជាតិបរទេសម្នាក់ និងនារីជាសង្សាជនជាតិខ្មែរម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ​និងដកហូតបានវត្ថុតាងមួយចំនួន ស្ថិតនៅចំណុចភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត នាថ្ងៃទី២១ ខែមករា​ ឆ្នាំ២០១៨ម្សិលមិញ។

មន្ត្រីជំនាញខេត្ត បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ក្រោមការបញ្ជាពីលោកស្នងការខេត្ត ឧត្តមសេនីទោ ម៉ៅ ច័ន្ទមធុរិទ្ធ និងសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត កម្លាំងបង្ក្រាបបានមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ជនសង្ស័យចំនួន២នាក់ រួមមានទី១៖ ឈ្មោះ KELLY JAMES SIMON ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិអាយរីស កាន់លិខិតឆ្លងដែន និងទី២៖ ឈ្មោះ លុយ អៀន អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងងកែប ខេត្តកែប។ ទាំង២នាក់ មកស្នាក់នៅផ្ទះជួល នៅភូមិសង្កាត់ កើតហេតុខាងលើ។

វត្ថុតាងដកហូតបានរួមមាន៖ ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង កញ្ឆាគ្រៀម២កញ្ចប់ ថ្នាំញៀន១កញ្ចប់តូច ទូរស័ព្ទដៃម៉ាកសាំសុង១គ្រឿង ម៉ូតូម៉ាកវីវ៉ា ១គ្រឿង និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយកំភ្លេ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង កំពុងស្ថិតក្រោមការសួរនាំនៅការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕