(ស្ទឹងត្រែង)៖ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានចាប់ខ្លួនអាជីវករម្នាក់ដែលបម្រុងរត់គេចខ្លួនទៅប្រទេសឡាវ ក្រោយជាប់ពាក់ព័ន្ធការចេញសែកគ្មានលុយ ជាង២០ម៉ឺនដុល្លារ នៅខេត្តសៀមរាប។

មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានប្រាប់អង្គភាព ​Fresh News ឲ្យដឹងថា ប្រតិបត្តិការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ ក្រោយទទួលបាន​ដីកាបង្គាប់ឲ្យចាប់ខ្លួន ដែលចេញដោយលោក លឹម សុគន្ធារ៉ា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប តាមរយៈកងរាជអាវុធហត្ថ​ខេត្តសៀមរាប។

បើតាមលោកឧត្តមសេនីយ៍មេបញ្ជាការ ដីកានោះ​បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ អេង បញ្ញាឬទិ្ធ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅបច្ចុប្បន្នភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ពីបទ​ សមគំនិត ក្នុងអំពើចេញមូលប្បប័ត្រគ្មានសាច់ប្រាក់ ប្រព្រឹត្រនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦​។

បន្ទាប់ពីទទួលបានដីកា ភិនភាគ និងព័ត៌មានពីជននេះភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចាប់ផ្ដើមបើកការស៊ើបអង្កេតរហូតដល់ព្រំដែនកម្ពុជា-ឡាវ ទើបរកឃើញជនមុខសញ្ញាក្នុងដីកា ដែលកំពុងត្រៀមបម្រុងគេចខ្លួនឆ្លងដែនទៅប្រទេសឡាវ ត្រង់ចំណុចច្រកទ្វារអន្តរជាតិត្រពាំងគ្រៀល។

ដោយបានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបាននាំខ្លួនជននេះ មកទីបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីរង់ចាំធ្វើការប្រគល់ទទួលឲ្យកម្លាំងជំនាញអាវុធហត្ថខេត្តសៀបយកទៅអនុវត្តនីតិវិធីបន្ត៕