(ភ្នំពេញ)៖ ក្រសួងព័ត៌មានបានដាក់ឲ្យប្រើប្រាស់ប័ណ្ណព័ត៌មានថ្មី ជាប្រភេទស្មាតកាត និង QR Code នៅពិធីជួបជុំរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងអ្នកសារព័ត៌មាន ព្រមទាំងអ្នកនាំពាក្យតាមបណ្តាក្រសួងនានា ប្រចាំឆ្នាំលើកទី២ នៅសាលសន្និសិទ្ធកោះពេជ្រនៅល្ងាចទី២១ ខែមករា ឆ្នាំ២០១៨នេះ។

លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតតស្សន៍ នៃក្រសួងព័ត៌មាន បានថ្លែងថា ប័ណ្ណព័ត៌មានថ្មីនេះលក្ខណៈពិសេសជាច្រើន ជាប័ណ្ណអ្នកសារព័ត៌មាន អាចផ្ទៀងផ្ទាត់ជាអ្នកសារព័ត៌មានពិតប្រាកដតាមរយៈស្គែន QR Code លើប័ណ្ណ ឬស្គែន លើឧបករណ៍យកវត្តមានរបស់ក្រសួង និងអាចយកវត្តមានបានតែម្តង។

សូមជម្រាបជូនដល់លោក លោកស្រី ជាអ្នកសារព័ត៌មានដែលត្រូវចូលរួមពិធីជួបជុំរវាងសម្តេចតេជោ ហ៊ុន សែន និងអ្នកសារព័ត៌មាន ប្រចាំឆ្នាំលើកទី២ នៅមជ្ឈមណ្ឌល និងពិព័រណ៌កោះពេជ្រ នៅល្ងាចនេះ សូមធ្វើដំណើរតាមស្ពានហង្ស ដើម្បីជៀសវាងការកកស្ទះចរាចរណ៍៕