(បន្ទាយមានជ័យ)៖ កុដិ១ខ្នងកម្ពស់២ជាន់ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយពុំដឹងពីមូលហេតុ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥៖៣០នាទី ទាបភ្លឺថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០១៨ នៅភូមិវត្តស្រះចែង ស្ថិតក្នុងភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា កុដិដែលត្រូវបានអគ្គិភ័យលេបត្របាក់ឆេះអស់ទាំងស្រុងនេះ គឺធ្វើអំពីឈើប្រក់ស័ង្កសី មានទំហំ២៨ម៉ែត្រ គុណ​ ៩ម៉ែត្រ កំពស់២ជាន់ពុំមានព្រះសង្ឃគង់នៅទេ។ រាល់ថ្ងៃមានមនុស្សប្រុសឆ្កួតម្នាក់មកស្នាក់នៅ តែពេលដែលឆេះនោះ គឺពុំមានវត្ថុ​មានមនុស្សឆ្កួតនោះនៅទេ ហើយការបណ្តាលឲ្យឆេះនេះ នៅពុំទាន់ដឹងពីមូលហេតុច្បាស់លាស់ដែរ កំពុងធ្វើការស្រាវជ្រាវ។

ចំពោះសម្ភារដែលខូចខាតនោះមានសរសរចំនួន៤០ដើម, ឈើក្របចំនួន២០ម៉ែត្រគូប, ក្តារចំនួន១៥ម៉ែត្រគូប និងស័ង្កីចំនួន១.៨៩០សន្លឹក។ លោកវរសេនីយ៍ទោ ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា ពេលដែលឆេះនោះ គឺការផ្តល់ព័ត៌មានយូរពេក ហើយភ្លើងបានឆេះសន្ធោរសន្ធៅ ទម្រាំរថយន្តពន្លត់អគ្គិភ័យទៅដល់ភ្លើង ឆាបឆេះអស់ ក្នុងយើងបានប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត ទើបភ្លើងរលត់ទាំងស្រុង មិនរាលដាលឆេះកុដិផ្សេងៗទៀតឡើយ៕​