(កំពង់ស្ពឺ)៖ ឈើធ្នុងមួយរថយន្តដំរីទឹកច្នៃដែលឈ្មួញប្រមូលទិញពី ស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ រួចហើយនាំឆ្លងចូលមកខេត្តកំពង់ស្ពឺ តាមស្រុកឱរ៉ាល់ ដើម្បីមានឱកាសនាំយកទៅលក់នៅប្រទេសវៀតណាម ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថស្រុកឱរ៉ាល់ បង្ក្រាបបាននៅព្រឹកថ្ងៃអាទិត្យទី២១ ខែមករា ឆ្នាំ២០១៨នេះ នៅចំណុចព្រំប្រទល់ខេត្ត។

លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានឲ្យដឹងថា ដោយមានការណែនាំ និងបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអាវុធហត្ថស្រុកឱរ៉ាល់ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបរថយន្តដឹកឈើខាងលើនេះ នៅចំណុចក្នុងព្រៃបឹងខ្លុង ឃុំលន្ត្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ក្នុងនោះឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ និងរថយន្តកែច្នៃដឹកឈើធ្នង់ចំនួន១គ្រឿង ផ្ទុកឈើធ្នង់ពេញដោយមិនមានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើនោះទេ ដកហូតម៉ូតូចំនួន០១គ្រឿងផងដែរ។

លោកវរសេនីយ៍បន្តថា ក្រុមឈ្មួញដែលរកស៊ីកាប់ឈើទាំងនោះ ស្ទាត់ជំនាញមិនងាយឲ្យសមត្ថកិច្ចដឹង និងបង្ក្រាបបាននោះឡើយ ជាញឹកញាប់ពួកគេ តែងធ្វើសកម្មភាពក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងលួចលាក់ដឹកឆ្លងកាត់តាមតំបន់ព្រំប្រទល់មួយផ្នែក នៃខេត្តកំពង់ស្ពឺនាពេលយប់។ អញ្ចឹងរាល់ការបង្ក្រាបតែងមានឧបសគ្គរារាំង ដែលពេលខ្លះក្រុមឈ្មួញមានបំណងប្រើហិង្សាមកលើកងកម្លាំងផងដែរ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចតូចតាច នៅខេត្តពោធិ៍សាត់ បានឲ្យដឹងថា ឈើខាងលើនេះសង្ស័យជារបស់ក្រុមឈ្មួញឈ្មោះ ស៊ី ស និងឈ្មោះ ស្នា ដែលជាកូនចៅ ព្រោះគេដឹងថា បច្ចុប្បន្ន ទោះឈ្មោះស៊ី ស កំពុងរត់គេចខ្លួនពីដីកាតាមចាប់ខ្លួន ពាក់ព័ន្ធបទល្មើសព្រៃឈើកន្លងមក និងឈ្មោះ ស្នា ដែលជាមេកាត្រូវបានគេអះអាងថា បាននៅក្រៅឃុំ ពាក់ព័ន្ធបទល្មើសដូចគ្នានេះ ក៏ដោយ ក៏ពួកគេនៅបន្តរកស៊ីឈើដដែល ដោយឈ្មោះស្នា ជាអ្នកចេញមុខឲ្យដៃជើង ទៅចាំប្រមូលទិញពីព្រៃត្រង់ព្រំប្រទល់ខេត្តពោធិ៍សាត់ និងកំពង់ស្ពឺ រួចហើយនាំមកស្តុកទុកនៅក្នុងខេត្តកំពង់ស្ពឺ ពេលបានច្រើនទើបដឹកតាមរថយន្តធំៗ បន្លំជាមួយរថយន្តដឹកផ្លែស្វាយ ឬកសិផលផ្សេងៗនាំយកទៅលក់នៅវៀតណាម ក្រោមការចាត់ចែងរបស់មេគេឈ្មោះស៊ី ស ដែលគេអះអាងថា បានរត់ទៅលាក់ខ្លួនពីការតាមចាប់នៅប្រទេសវៀតណាមស្រាប់៕