(ភ្នំពេញ)៖ ក្រោយពេលលេចឮដំណឹងថា គូស្នេហ៍​ខុសវ័យមួយគូ នៅក្នុងរង្វង់សិល្បៈ គឺកញ្ញា សាន សុម៉ាលី និងប្រុសខួច កំពុងតែមានភាពរង្គោះរង្គើរ លើទំនាក់ទំនងស្នេហ៍ ដោយបានឈានដល់ ដំណាក់កាលមិនចុះសម្រុងនឹងគ្នា ចែកចាន​ចែកឆ្នាំង​នោះ ត្រូវបានម្ចាស់សាមីខ្លួន ​ជាតារាចម្រៀងស្រីសាច់ខ្ចី សាន សុម៉ាលី បានបង្ហាញឲ្យដឹងថា នាងនឹងបើកបេះដូង ទទួលយកអ្នកថ្មី​គ្រប់វ័យ ​បន្ទាប់ពីចំណងស្នេហ៍របស់នាង ជាមួយប្រុសខួច មានភាពស្រពិចស្រពិល និងហាក់គ្មានសង្ឃឹម ដើម្បី​ចាប់ដៃគ្នា ទៅសាងសុភមង្គល​ នាថ្ងៃអនាគត។

ថ្លែងប្រាប់ តាមការសាកសួរ ពីសំណាក់ពិធីករ និងពិធីការិនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា សាន សុម៉ាលី បានថ្លែងទាំងអារម្មណ៍ស្ទាក់ស្ទើរ និង មិនច្បាស់លាស់នៅក្នុងចិត្តថា ទំនាក់ទំនងស្នេហ៍របស់នាង និងប្រុសខួច ដែលបានបែកធ្លាយខ្ចរខ្ចាយ ពេញសង្គមសិល្បៈ ដូចបែកខ្អមទឹកនេះ គឺក្ដីស្នេហ៍មិនប្រាកដប្រជាថា នឹងទទួលចាប់ដៃគ្នាសាងអនាគត ដូចគូស្នេហ៍អ្នកសិល្បៈដទៃនោះទេ ខណៈដែលប្រុសខួច ស្រឡាញ់នាងហាក់មិនអស់ពីចិត្តពីថ្លើមឡើយ។

សាន សុម៉ាលី បានថ្លែងបញ្ជាក់ថា «​ប្រសិនបើមានបុរសណា ដែលមានលក្ខណៈសម្បត្តិសមរម្យ ខ្ញុំនឹងគិតពិចារណាមើល មិនថាបុរសនោះជាអានិកជនក្រៅស្រុក ឬ​ក្នុងស្រុក ខ្ញុំនឹងបើកបេះដូង ទទួលស្វាមគមន៍មនុស្សគ្រប់វ័យ។ ដោយសារខ្ញុំធ្លាប់ខូចចិត្តរឿងស្នេហាជាច្រើនមកហើយ ទើបខ្ញុំត្រូវជ្រើសរើសគូអនាគត ឲ្យបានត្រឹមត្រូវ ដោយគាត់ត្រូវផ្ដល់ភាពកក់ក្ដៅ យកចិត្តទុកដាក់ និង​ស្វែងយល់អារម្មណ៍របស់ខ្ញុំ ឲ្យបានច្រើន»

​យ៉ាងណាមិញ សាន សុម៉ាលី បានច្រានចោលនូវដំណឹង​មានស្នេហាជាមួយ ប្រុសខួច ដោយចាត់ទុកថា ភាពស្និទ្ធស្នាលកន្លងមក គ្រាន់តែជាការរាប់អានធម្មតាៗ ក្នុងនាម ជាអ្នកស្គាល់គ្នាក្នុងការងារសិល្បៈប៉ុណ្ណោះ។ នាងនិយាយថា «ទំនាក់ទំនងរវាងខ្ញុំ និង​ប្រុសខួច គឺអត់មានអីច្រើនទេបង! គ្រាន់តែជាមិត្តរួមការងារ សិល្បៈដូចគ្នា ពោលគឺមិនមែនជាទំនាក់ទំនងស្នេហា សង្សារអូន-បង ដូចអ្វីដែលគេបានលើកឡើងនោះឡើយ។ ពេលខ្លះ អ្នកទាំងអស់គ្នា ឃើញខ្ញុំដើរលេងស្និទ្ធស្នាល ជាមួយនឹងគាត់​ គិតថាខ្ញុំនិង គាត់​កំពុងស្រឡាញ់គ្នា ដូចគូសង្សារ ប៉ុន្តែខ្ញុំហ៊ាននិយាយចេញពីមាត់ខ្ញុំថា គឺអត់មានទំនាក់ទំនងអ្វី ជាមួយគាត់​តែម្ដង»

តារាសម្ដែងរូបឆោមលោមពណ៌ស្រស់ស្អាត សាន សុម៉ាលី បានបន្ថែមថា «ខ្ញុំគិតថា ប្រសិនបើគាត់ស្រឡាញ់​ ខ្ញុំនឹងបើកបេះដូងទទួលយកគាត់ (ប្រុសខួច) ព្រោះស្នេហាសម័យនេះ គេមិនប្រកាន់វ័យ​ក្មេងចាស់ សំខាន់ឲ្យតែដៃគូមានចិត្តស្មោះ ចំពោះគ្នា គឺបានហើយ»

​ជាការកត់សម្គាល់ គេសង្កេតឃើញថា តារាស្រីរាងស្រឡូន សាន សុម៉ាលី ក្រោយពេលមានដំណឹងថា បែកបាក់ស្នេហាជាមួយប្រុសខួចរួចមក នាងហាក់កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន តាមរយៈទំនាក់ទំនងស្នេហាខុសវ័យមួយនេះ។ យ៉ាងណាមិញ ក្រោយពេល​ សាន សុម៉ាលី បានបកស្រាយយ៉ាងច្បាស់ថា ទំនាក់ទំនងស្នេហ៍របស់នាង និង​ប្រុសខួច គ្រាន់តែជាមិត្តរួមការងារនោះ ហាក់ធ្វើឲ្យកន្លង់ៗជាច្រើន មានក្ដីសង្ឃឹម និងឱកាសច្រើន ក្នុងការចូលទៅនែបនិត្យ រួមរិតជិតកាយ ស្ទាបបបោលអង្អែលសាច់ដ៏សខ្ចី របស់នាង។

គួរបញ្ជាក់ថា កាលពីកន្លងទៅ​ សាន សុម៉ាលី បានផ្អាកពីវិស័យសម្ដែង​អស់រយៈពេលខ្លី ដោយមានកាតព្វកិច្ច ត្រូវបំពេញការងារនៅឯប្រទេសអូស្រា្ដលី ហើយបច្ចុប្បន្ននេះ នាងកំពុងមមាញឹកថតខ្សែភាពយន្ត ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ ៥។ ក្រៅពីសម្ដែង នាងក៏បើកជំនួញរកស៊ី លក់សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់របស់នារីៗ នៅតាមអនឡាញ ផងដែរ។

ចង់ដឹងថា កញ្ញា សាន សុម៉ាលី និយាយពីអ្វីខ្លះ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» សូមទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖