(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៤២៦គ្រឿង រកឃើញល្មើសច្បាប់៨២៥គ្រឿង (ម៉ូតូ៧៥ភាគរយ) អប់រំ២៤៦គ្រឿង និងផាកពិន័យ៥៧៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២០ ខែមករានេះ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២០ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,២៣៤គ្រឿង អប់រំ១៥៩គ្រឿង និងផាកពិន័យចំនួន៣៨៦គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៧៩៣គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០​ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១០៧,៥៣៦គ្រឿង រកឃើញយានយន្តល្មើស ១៨,៧១៦គ្រឿង (ម៉ូតូ៨៤ភាគរយ) ក្នុងនោះអប់រំ ៦,២៥៧គ្រឿង និងផាកពិន័យ ១២,៤៥៩គ្រឿង (ម៉ូតូ៩២ភាគរយ)៕