(ភ្នំពេញ)៖ ប្រធានក្រុមការងារលេខាធិការដ្ឋានកសាងគណបក្ស អង្គការ សហជីព រាជធានីភ្នំពេញ លោក ម៉ម ម៉ាលី បានអំពាវនាវដល់ម្ចាស់បន្ទប់ជួល ម្ចាស់ក្លឹបកំសាន្ដនានា កុំដំឡើងថ្លៃបន្ទប់ ទឹក និងភ្លើងឲ្យសោះ ពីព្រោះមួយរយៈកាលកន្លងមកនេះ ចំពោះប្រជាពលរដ្ឋ កម្មករ-កម្មការិនី ទាំងក្នុង និងក្រៅស្រុក ប្រធាន-អនុប្រធានភូមិ ជំនួយការ និងក្រុមប្រឹក្សាឃុំ ព្រមទាំងមន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (យោធា នគរបាល និងអាវុធហត្ថ) ក៏ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ក្នុងការដំឡើងជាប្រាក់បៀវត្សរ៍ផងដែរ ក្រោមការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ម៉ម ម៉ាលី បានគូសបញ្ជាក់បែបនេះ ក្នុងពេលជាមួយលោក លី ច័ន្ទសុភក្ដី ទីប្រឹក្សាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួន បានជួបសំណេះសំណាលផ្ដាំផ្ញើសួរសុខទុក្ខ ជាមួយម្ចាស់បន្ទប់ជួល ម្ចាស់ក្លឹបកំសាន្ដនានា និងប្រជាពលរដ្ឋសរុបប្រមាណជា៤២៥នាក់ ដើម្បីសំណូមពរកុំឲ្យដំឡើងថ្លៃបន្ទប់ជួល ទឹក និងភ្លើង ជាដើម នៅក្នុងពិធី «ផ្សព្វផ្សាយគោលនយោបាយជាតិគាំពាសង្គម ចំពោះកម្មករ និយោជិក» នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅសណ្ឋាគាម៉ូឌែន៥ តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ម៉ម ម៉ាលី បានថ្លែងយ៉ាងដូច្នេះថា សម្រាប់កញ្ចប់អត្ថប្រយោជន៍ដែលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនកម្មករ និយោជិតនោះរួមមាន៖
*ការអនុញ្ញាតឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់២០ សីហា ២០១៩
*ចាប់ពីខែមករា ឆ្នាំ២០១៨ ថៅកែរោងចក្រ សហគ្រាស ដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ហើយការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយខែ
*ចាប់ពីឆ្នាំ២០១៩ កម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការ។ ប្រាក់នេះសម្រាប់ជួយដោះស្រាយជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត
*កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺក្នុងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ
*ចាប់ពីឆ្នាំ២០១៨តទៅ រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភថវិកាដល់កម្មការិនីនៅពេលពួកគេសម្រាលកូនផងដែរ។ ក្នុងនោះអ្នកសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាលកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល
*កម្មការិនីមានផ្ទៃពោះ ត្រូវបានសម្រេចឲ្យចេញមុនម៉ោងធ្វើការយ៉ាងតិច ១៥នាទី ហើយនៅពេលសម្រាលត្រូវបាន អនុញ្ញាតឲ្យឈប់សម្រាករយៈពេល៣ខែ ជាមួយអត្រាប្រាក់ខែ ១២០ភាគរយ។

បន្ថែមពីនេះ លោក ម៉ម ម៉ាលី បានគូសបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងធ្វើការងារ៥ ដើម្បីលើកកម្ពស់ពលករដែលកំពុងធ្វើការនៅក្រៅប្រទេស ជាពិសេសពលករធ្វើការនៅប្រទេសថៃ ដោយក្នុងនោះរួមមានការផ្តល់ អត្តប្រយោជន៍ពេលទៅធ្វើការនៅក្រៅប្រទេស និងត្រឡប់មកវិញ។ នៅក្រៅប្រទេសរាជរដ្ឋាភិបាល បានបង្កើតមជ្ឈមណ្ឌលផ្តល់លិខិតធ្វើដំណើរ និងលិខិតឆ្លងដែន រួមទាំងសម្របសម្រួលធ្វើយ៉ាងណា ឱ្យពលករ ដែលមិនទាន់ស្របច្បាប់ ឱ្យស្របច្បាប់ ហើយពលករដែលស្របច្បាប់ហើយ កាន់តែងាយស្រួលថែមទៀត។

លោកបន្តថា ប្រធាន-អនុប្រធានភូមិ ជំនួយការ និងក្រុមប្រឹក្សាឃុំ នឹងត្រូវបានទទួលការពិនិត្យព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ ជាពិសេសស្ត្រីជាមន្ត្រីរាជការនៅ​ថ្នាក់ភូមិ និងឃុំ ពេលសម្រាលកូន ក៏ទទួលបានការឧបត្ថម្ភជាអត្ថប្រយោជន៍នានា ដូចកម្មករ កម្មការិនីដទៃទៀតផងដែរ តាមរយៈមូលនិធិសមធម៌ ដូចជាស្ត្រីមានផ្ទៃពោះ សម្រាលកូន នឹងទទួលបានការឈប់សម្រាក ពីការងារ រយៈពេល០៣ខែ និងទទួលបានប្រាក់ខែ១២០ភាគរយ លើសពីនេះ កម្មការិនី នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល នៅពេលសម្រាលកូនដោយ អ្នកសម្រាលកូន០១ ទទួលបាន៤០ម៉ឺនរៀល អ្នកសម្រាលកូនភ្លោះ០២ បានទទួល៨០ម៉ឺនរៀល និងអ្នកសម្រាលកូនភ្លោះ០៣ ទទួលបាន១លាន ២០ម៉ឺនរៀល។

ចំពោះកម្មករ កម្មការិនី ក៍និងទទួលបានសេវាជិះរថយន្តក្រុងសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ (Free) រយៈពេល​០២ឆ្នាំ (ពីខែសីហា ឆ្នាំ២០១៧-​ខែសីហា ឆ្នាំ២០១៩) ហើយនៅឆ្នាំ២០១៩ កម្មករទាំងអស់ នឹងទទួលបានប្រាក់សោធនិវត្តន៍ (ប្រាក់រ៉ឺត្រែត) ដែលនឹងទទួលបានចំនួន៨០ភាគរយនៃប្រាក់ខែ ដែលខ្លួនធ្លាប់ទទួលបាននៅពេលធ្វើការចុងក្រោយ។
លើសពីនេះទៀត លោក ម៉ម ម៉ាលី បានថ្លែងថា ដើម្បីចូលរួមលើកកម្ពស់កម្រិត ជីវភាពរបស់មន្ត្រីរាជការ គ្រូពេទ្យ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (យោធា នគរបាល និងអាវុធហត្ថ) និងកម្មករ កម្មការិនី និយោជិត ឲ្យកាន់តែមានជីវភាពធូរធានោះ សម្ដេចតេជោ ហ៊ុន សែន បានកំណត់ឲ្យមានការដំឡើងប្រាក់បៀវត្សរ៍ទាបបំផុត១លានរៀលរួមមាន៖ ១៖ ប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ផ្នែករដ្ឋបាល ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ឆ្នាំ២០១៨) ចំនួន៨៥៣,៥០០រៀល ត្រូវកើនដល់៩១៤,៤៥០រៀល ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៨ ២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៨) ចំនួន៩៥៣,៥០០រៀល ត្រូវកើនដល់ ១,០១៤,៤៥០រៀល ចាប់ពីខែមករា ដល់ខែមីនាឆ្នាំ២០១៨ ៣៖ ប្រាក់បៀវត្សគ្រូពេទ្យ កម្រិតទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៨) ចំនួន៩៥៣,៥០០រៀល ត្រូវកើនដល់ ១,០១៤,៤៥០រៀល ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៨ ៤៖ ប្រាក់បៀវត្សនគរបាលជាតិ ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៨) ចំនួន៩៣៧,៩៧៨រៀល ត្រូវកើនដល់ ៩៩៨,៩២៨រៀល ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៨ ៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ថ្នាក់ទាបបំផុត ដែលបច្ចុប្បន្ន (មុនខែមករា ២០១៨) ចំនួន៨៨០,៩៧៨រៀល ត្រូវកើនដល់ ៩៣៥,០២៨រៀល ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៨ រួមជាមួយប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល ១៖ ផ្នែករដ្ឋបាលថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨ ២៖ ប្រាក់បៀវត្សគ្រូបង្រៀន កម្រិតទាបបំផុត នឹងត្រូវកើនឡើងដល់ ១,១១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨ ៣៖ ប្រាក់បៀវត្សគ្រូពេទ្យ កម្រិតទាបបំផុត នឹងត្រូវកើនឡើងដល់ ១,១១៤,៤៥០រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨ ៤៖ ប្រាក់បៀវត្សនគរបាលជាតិ ថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០៩៨,៩២៨រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨ ៥៖ ប្រាក់បៀវត្សយោធា (កងទ័ព) ថ្នាក់ទាបបំផុត នឹងត្រូវកើនឡើងដល់ ១,០៣៥,០២៨រៀល ចាប់ពីខែមេសា ឆ្នាំ២០១៨ និងបៀវត្សអប្បបរមារបស់យោធិន និងមន្ត្រីនគរបាលជាតិ គឺគិតបញ្ចូលទាំងប្រាក់ហូបប្រចាំថ្ងៃ និងរបបអង្ករប្រចាំខែគិតជាសាច់ប្រាក់៕