​(កណ្តាល​)៖ នាយកប្រតិបត្តិក្រុមហ៊ុនផលិតស្រូវ ក្នុងស្រុកដ៏ធំមួយនៅកម្ពុជា បានអះអាងថា​ រយៈពេល២០ថ្ងៃទៀត ក្រុមហ៊ុននឹងបញ្ចប់ការព្រួសស្រូវរដូវប្រាំង ឬស្រូវបណ្តេញទឹកដំណាក់កាលទីមួយ លើផ្ទៃដីទំហំ៩៨០ហិកតា​ ទន្ទឹមនឹងការថែទាំស្រូវជាប្រចាំ​។

​លោក គឹម​ ហេង​ នាយកប្រតិបត្តិក្រុមហ៊ុនអេងឌីប៉ូអភិវឌ្ឍន៍​ បានអះអាងបែបនេះនាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះ​ ខណៈលោក និងក្រុមការងារបានចុះបាចជី​ ថែទាំស្រូវ​ ដែលនៅស្រែខ្លះមានអាយុ៥០ថ្ងៃ មកហើយ​នោះ ស្ថិតនៅតំបន់អភិវឌ្ឍន៍ដំណាំស្រូវ​ ឃុំកំពង់អុស​ ស្រុកពញាឮ​ ខេត្តកណ្តាល​។

​លោក គឹម​ ហេង​ បានបញ្ជាក់ថា ការព្រោះស្រូវពូជសែនក្រអូប​ ក្រុមហ៊ុនរបស់លោក បានដំណើរការបានជាង៨០០ហិកតារួចមក​ហើយ​ ក្នុងរយៈពេល២០ថ្ងៃទៀត ក្រុមហ៊ុននឹងបញ្ចប់ការព្រោះស្រូវលើផ្ទៃដីចំនួន៩៨០ហិកតា​។

នៅថ្ងៃនេះ ក្រុមហ៊ុនបានបង្ហាញពីរបៀប​បំប៉នជីម្តង​ ហើយក្រុមហ៊ុនបានបំប៉នស្រូវនៅស្រែមួយចំនួនដែលមានអាយុ៥០ថ្ងៃ​។ នៅពេលស្រូវមានអាយុ៦៥ថ្ងៃ ក្រុមហ៊ុននឹងបំប៉នម្តងទៀត។

លោក គឹម​ ហេង បន្តថា​ ការធ្វើស្រូវឆ្នាំនេះក្រុមហ៊ុនរបស់លោក បានជួបប្រទះឧបសគ្គខ្លះ​ៗ ដូចជា អាកាសធាតុត្រជាក់ខ្លាំងបានធ្វើឱ្យដើមស្រូវស្រពោន​ មិនសូវលូតលាស់ល្អ​។ បន្ទាប់ពីអាកាសធាតុឡើងកម្តៅវិញ​ ក្រុមហ៊ុនបានបំប៉នជីតាមដំណាក់កាល​ដើម្បីឱ្យស្រូវលូតលាស់ឡើងវិញ​។

​លោក គឹម​ ហេង​ បន្ថែមថា​ ក្រុមហ៊ុនក៏បានផលិតពូជស្រូវសែនក្រអូបនេះ​ ដើម្បីយកទៅធ្វើនៅតំបន់អភិវឌ្ឍន៍មួយទៀតនិងលក់ជូនប្រជាពលរដ្ឋ។ ចំណែកទឹកសម្រាប់ផលិតស្រូវក្រុមហ៊ុន បានត្រៀមលើសពីតម្រូវការ និងសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ថែមទៀតផង​។

​លោកនាយកប្រតិបត្តិរូបនេះបន្តទៀតថា​ ក្រុមហ៊ុនបានបន្តពង្រីកការដាំដុះស្រូវសម្រាប់នាំចេញ​ ដើម្បីរួមចំណែកក្នុងការនាំចេញអង្ករតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា មួយលានតោនក្នុងមួយឆ្នាំ​៕