(កណ្តាល​)៖​ បន្ទាប់ពីក្រុមកម្មករ​-កម្មការិនី រោងចក្រហ្គាវ័ន្តអឹភែរឹល បាននាំគ្នាធ្វើកូដកម្ម​រហូតឈានដល់បិទផ្លូវជាតិលេខ២១​ ស្ថិតនៅភូមិព្រែកសំរោង​ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ​ ខេត្តកណ្តាល ដើម្បីទាមទារលក្ខខណ្ឌការងារ​​រួចមក ​ខាងភាគីរោងចក្រ​បានធ្វើការធ្វើលិខិតសុំអន្តរាគមន៍ ពី​រដ្ឋមន្ត្រី​ក្រសួងការងារ លោក អ៊ិត សំហេង ចំពោះសហជីពស៊ីខៅឌូ (CCAWDU) និងបក្ខពួក​ដែលបានបិទទ្វារក្រុមហ៊ុន​ទាំងមុខ និងក្រោយមិនឲ្យកម្មករនិយោជិតចូលធ្វើការ។

លោកស្រី ឆា​ ក្យុងហ៊ី​ អាយុ៤៩ឆ្នាំ ​ជាជនជាតិកូរ៉េ​ និងជានាយិកាក្រុមហ៊ុនហ្គាវ័ន្តអឹភែរឹល បានបញ្ជាក់នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះថា កន្លងមកកម្មករ​ កម្មការិនីបាននាំធ្វើកូដកម្ម តាមរយៈការញុះញង់ របស់សហជីពស៊ីខៅឌូ ក្នុងនោះក្រុមហ៊ុន បានព្យាយាមដោះស្រាយតាមផ្លូវច្បាប់ និងបានអញ្ជើញមន្ត្រីជំនាញ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមកសម្របសម្រួល តែលទ្ធផលទទួលបានសះជា ហើយភាគីក្រុមហ៊ុនលោកស្រី បានបន្តទៅដោះស្រាយ​នៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលបន្តទៀត។

លោកស្រីបន្តថា ​កម្មករនិយោជិត នៅតែមិនគោរពតាមការបញ្ជាឲ្យចូលធ្វើការវិញរបស់ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល យោងតាមលិខិតបញ្ជាឲ្យចូលធ្វើការវិញ លេខ០០៦/១៧កបអ. ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ហើយ​កម្មករ​នៅតែមិនព្រមចូលធ្វើការដដែល។ បន្ទាប់មកទៀត សាលាដំបូងខេត្តកណ្ដាល ក៏បានចេញដីកាសម្រេចរក្សាការពារ និងបានបញ្ជាឲ្យអាជ្ញាសាលា នៃ​សាលាដំបូងខេត្ត ចុះអនុវត្តដីកាសម្រេចរក្សា​ការពារនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ដោយបញ្ជាឲ្យកម្មករនិយោជិតទាំងអស់ ចូលធ្វើការវិញជាបន្ទាន់ហើយ ចាត់ទុកការធ្វើកូដកម្មកន្លងមកជាកូដកម្មខុសច្បាប់។

​បើតាមនាយិកាក្រុមហ៊ុននេះ ​ក្រុមហ៊ុនក៏បានចេញ​លិខិតជូនដំណឹង ជម្រាបដល់​កម្មករនិយោជិតឲ្យចូលធ្វើការវិញ តាមដីកាខាងលើរបស់សាលាដំបូងខេត្តកណ្ដាល ក៏ប៉ុន្ដែ​កម្មករនិយោជិតនៅតែមិនព្រមអនុវត្តតាមដដែល។ មិនតែប៉ុណ្ណោះ សហជីពស៊ីខៅឌូ និងបក្ខពួក បានប្រព្រឹត្តនូវអំពើខុសច្បាប់ និងមិនគោរពទៅតាមដីការក្សាការពារ របស់សាលាដំបូងខេត្តកណ្ដាល ដោយបន្តញុះញង់​ដឹកនាំ កម្មករនិយោជិតឲ្យបិទទ្វារច្រកចេញ ចូលក្រុមហ៊ុនទាំងមុខ និងក្រោយមិនឲ្យក្រុមហ៊ុនដឹកទំនិញ ចូល និងកម្មករដទៃទៀតចូលធ្វើការបាន។

លោកស្រី ឆា​ ក្យុងហ៊ី​ បន្តថា​ជាក់ស្ដែងក្រោយពីសាលាដំបូងខេត្តកណ្ដាល បានចេញដីកាសម្រេចរក្សាការពារ មាន​កម្មករនិយោជិតចូលធ្វើការវិញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ មានចំនួន៣៥៩នា​ក់, ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ មានចំនួន២៦១នាក់ ហើយនាថ្ងៃទី០២ ខែមករា​ ឆ្នាំ២០១៨ គឺខាងសហជីពស៊ីខៅឌូ បានរារាំងមិនឲ្យកម្មករចូលធ្វើការទាំងអស់ ដែលទង្វើបែបនេះបានបង្កឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ក្រុមហ៊ុនហ្គាវ័ន្ត មិនអាចដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួនបាន និងបន្តប៉ះពាល់ទៅដល់ការបិទរោងចក្រទាំងស្រុងតែម្ដង។

កត្តាទាំងអស់នេះ ​នាំឲ្យជះឥទ្ធិពលមិនល្អទៅដល់វិនិយោគិនដទៃទៀតដែល ចង់មកវិនិយោគលើវិស័យ​ឧស្សាហកម្មកាត់ដេរនៅប្រទេសកម្ពុជា។ មួយវិញទៀត វាធ្វើឲ្យបាត់បង់នូវអត្ថប្រយោជន៍​ផ្សេងៗ របស់កម្មករនិយោជិតទាំងអស់ស្របតាមអនុសាសន៍​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា។

យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី២០ ខែមករា​ ឆ្នាំ២០១៨នេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបកស្រាយពីខាងសហជីពបាននោះទេ៕