(ព្រះវិហារ)៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ​ស្រុក​ជាំក្សាន្ត ខេត្តព្រះវិហារ ឃាត់ខ្លួននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ពីបទ​លួចរក្សាទុក ចែកចាយ សារធាតុ​ញៀន ស្ថិតនៅចំណុចភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

កម្លាំងបានដកហូតបាន​ថ្នាំញៀន​សរុបចំនួន២៦កញ្ចប់​ ក្នុងនោះ មានធំ២កញ្ចប់ រួមទាំង គ្រាប់ AK47 ចំនួន៦គ្រាប់ គ្រាប់ AK57 ចំនួន២៥០គ្រាប់ ដាវ១ដើម លុយខ្មែរចំនួន២២៥០០រៀល កាបូបដាក់លុយ១ ទូរសព្ទដៃ១គ្រឿង ដែកកេះ៤ សម្ភារសម្រាប់ជក់ និងវេចខ្ចប់មួយចំនួនធំថែមទៀតផងដែរ។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ ​បាន​ឲ្យដឹង​ថា ​ដោយ​មានការចង្អុលបង្ហាញ​ពី​លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកា​រកងរាជ​អាវុធហត្ថ ​ខេត្ត​ព្រះវិហារ កម្លាំង​កង​អាវុធហត្ថ​ស្រុកជាំក្សាន្តចំនួន៩នាក់​​ ដឹកនាំ​កម្លាំង​ដោយ​លោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាកា​រកងរាជអាវុធហត្ថ ​ស្រុកជាំក្សាន្ត ក្រោម​កា​សម្របសម្រួល​ពី​លោក សេ្រង ម៉េងស៊្រុន ព្រះរាជ​អ​ជ្ញារង​អមសាលាដំបូង​ខេត្ត​ព្រះវិហារ បាន​ឆ្មក់​ចូលទៅ​បង្ក្រាបបាន​មុខសញ្ញាចែកចាយ និងរក្សាទុកសារធាតុញៀនបានម្នាក់ និងបានឆែកឆេលំនៅដ្ឋាន ដកហូត​បាន​ថ្នាំញៀនប្រភេទម្សៅក្រាមសថ្លា (ម៉ាទឹកកក) ​​ចំនួន​២៦កញ្ចប់។

លោកអនុសេនីយ៍ឯក បន្តថា ជនសង្ស័យដែលកម្លាំងឃាត់បានមានឈ្មោះ ​ម៉ន សាវីន អាយុ២៨ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា បានបញ្ជាក់ឲ្យដឹងផងដែរថា​ បច្ចុប្បន្នជនសង្ស័យ ​រួម​នឹង​វត្ថុតាង​ខាងលើ​ ត្រូវបាន​​​កម្លាំងជំនាញកងរាជអាវុធហត្ថ​ស្រុក​ កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្ត ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី​នៃ​ច្បាប់៕​