(បាត់ដំបង)៖ លោក ហូ សុងរចនា អនុប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ចុះជួយស្រុកសំឡូត តំណាងលោក ស សុខា អនុប្រធាន​ថ្នាក់កណ្តាលចុះជួយខេត្តបាត់ដំបង និងលោក ស រដ្ឋា ប្រធាន ស.ស.យ.ក ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារគណៈប្រតិភូស.ស.យ.ក ចុះជួបសំណេះសំណាលជាមួយអាជ្ញាធរ និងនាំអំណោយរបស់លោក ស សុខា និ​​ងលោក ស រដ្ឋា ទៅចែកជូន​នគរបាលការពារព្រំដែនច្រកតំបន់៤០០។

ក្រៅពីនាំអំណោយជូនដល់នគរបាល លោក ហូ សុងរចនា ក្នុងពិធីនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ក៏បាននាំ​យកសង្ក័សីប្រគល់ជូន អនុវិទ្យាល័យវាលចម្បាំង ចែកអំណោយ ថវិកាដល់ពលរដ្ឋ១០គ្រួសារ និង​ចុះពិនិត្យមើលទីតាំងស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលនឹងគ្រោងសាងសង់នៅពេលខាងមុខ នៅស្រុកសំឡូត ខេត្តបាត់ដំបង​។

ថ្លែងនៅក្នុងពិធីនោះ លោក ​ហូ សុងរចនា បាន​នាំនូវការសាកសួរសុខទុកពីសំណាក់លោក ស សុខា និងលោក ស រដ្ឋា ដែលបានគិតគូរចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ពលរ​ដ្ឋ នៅស្រុកសំឡូត ក៏ដូចនៅខេត្តបាត់ដំបងទាំងមូលផងដែរ ដោយលោកបញ្ជាក់ថា ​អ្វី​ដែល​សមាជិក​ សមាជិកា​ម្នាក់​ៗ​របស់​ ស.ស.យ.ក​ បាន​ចូល​រួម​ផ្តល់​ទៅ​កាន់​សង្គម​ជាតិ ថ្វី​ត្បិតថា​ជា​ការ​រួម​ចំណែក​ដ៏​តូច​មួយ តែ​​បាន​ធ្វើ​ដោយ​​បេះ​ដូង​ និង​ទឹក​ចិត្តដ៏​ធំ​ធេង និងបាន​ផ្តល់​ភាព​ជា​គំរូ​ ​ក្តី​សង្ឃឹមក្នុង​ចំណោម​ប្រជាជន និង​យុវជនកម្ពុជា​។

លោក ហូ សុងរចនា បានបញ្ជាក់ថា ថ្នាក់ដឹកនាំស.ស.យ.ក ​សង្ឃឹមយ៉ាងមុតមាំថាយុវជនទាំងអស់ នឹងចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ រួមចំណែកកិច្ចការងារអភិវឌ្ឍប្រទេសជាតិ ឲ្យរីកចម្រើនក្រោមការដឹកនាំ​ត្រឹមត្រូវរបស់រាជរដ្ឋាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕