(ស្វាយរៀង)៖ លោក គឹម ងួន ប្រធានក្រុមការងារចុះជួយឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានជំរុញដល់សមាជិកបក្សទាំងអស់ នៅឃុំដូនស ត្រូវបន្តធ្វើអំពើល្អ និងចូលរួមដោះស្រាយ ទុក្ខលំបាកជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរបន្ថែមទៀត ជាពិសេសក្រុមការងារត្រូវចុះឲ្យដល់មូលដ្ឋាន។

ការលើកឡើងរបស់ប្រធានក្រុមការងារ ចុះជួយឃុំដូនសបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញ ចូលរួមក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសមាជិកបក្ស នៅស្នាក់ការបក្សឃុំដូនស នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។

លោក គឹម ងួន បានបញ្ជាក់ថា ក្រុមការងារបក្សទាំងអស់ ត្រូវចុះទៅមូលដ្ឋានឲ្យដល់ខ្នងផ្ទះពលរដ្ឋ ហើយត្រូវចុះមើលប្រជាពលរដ្ឋណា ដែលជួបការខ្វះខាតពិតប្រាកដ ត្រូវធ្វើរបាយការណ៍បញ្ជូនមកក្រុមការងារ ដើម្បីដោះស្រាយឲ្យទាន់ពេលវេលា ត្រូវធ្វើរបាយការណ៍ពិតប្រាកដកុំធ្វើរបាយការណ៍ប្រូ។

ប្រធានក្រុមការងាររូបនេះ បានបន្ថែមថា ជាការពិតណាស់យើងទាំងអស់គ្នា ស្រឡាញ់សន្តិភាពហើយសន្តិភាពនេះ បានមកដោយលំបាកបំផុតដូច្នេះ យើងរួមគ្នាថែរក្សាសន្តិភាព នេះឲ្យបានគង់វង្សរហូតតទៅ មិនបណ្ដោយឲ្យមានអ្នកណាម្នាក់ មកបំផ្លាញនូវសន្តិភាព ដែលកើតឡើង ពីនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានជាដាច់ខាត។ លោក គឹម ងួន បានប្រាប់សមាជិកទាំងអស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមិនដែលរត់ចោលប្រជាពលរដ្ឋ គឺតែងតែនៅរួមសុខរួមទុក្ខ នៅជាមួលពលរដ្ឋជានិច្ច។

លោកក៏បានអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋានឃុំថ្នាធ្នង់​ ត្រូវបន្តធ្វើអំពើល្អជាមួយពលរដ្ឋ ឲ្យបានកាន់តែបានល្អ ប្រសើរថែមទៀត ព្រមទាំងត្រូវផ្តល់សេវាសាធារណៈ ផ្សេងៗឲ្យបានឆាប់រហ័ស និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវសេវាមិនបង់ប្រាក់ដូចជា សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណបណ្ណ័ សៀវភៅគ្រួសារជាដើម ដើម្បីឲ្យពលរដ្ឋបានដឹង យល់ជ្រួតជ្រាបជៀងវាង មានការថ្នាំងថ្នាក់ណាមួយ៕