(ក្រចេះ)៖ ផ្នែករដ្ឋបាលព្រៃឈើក្រចេះ សហការជាមួយកម្លាំងអាវុធហត្ថខេត្ត បានរុករកឃើញ និងដកហូតឈើអាប្រភេទស្លឹករាប់រយដុំ នៅក្នុងព្រៃ ដែលក្រុមឈ្មួញ​លាក់ទុក។ ​ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងចាប់ពីថ្ងៃទី១៨ ខែមករា រហូតមកដល់ថ្ងៃទី២០ ខែមករនេះ តែនៅមិនទាន់បញ្ចប់នៅឡើយទេ ស្ថិតនៅស្រុកសំបូរ និងស្រុកចិត្របុរី ខេត្តក្រចេះ។

លោក ទ្រីម៉េង លាង នាយរងផ្នែករដ្ឋបាលព្រៃឈើក្រចេះ បានបញ្ជាក់ឲ្យដឹងថា ការចុះបង្ក្រាបនេះ សមត្ថកិច្ចចំរុះបានដកហូតឈើចំនួន៧៤០កំណាត់ ទូទាំងផ្នែករដ្ឋបាលព្រៃឈើក្រចេះ ដែលក្រុមឈ្មួញលាក់ទុកចោលក្នុងព្រៃ គ្មានម្ចាស់ចេញមុខមកទទួលខុសត្រូវនោះទេ។

លោកនាយរងផ្នែកបន្ដទៀតថា​ ឈើទាំងនេះ មិនទាន់ធ្វើការវាស់វែងរួចរាល់នៅឡើយទេ តាមបណ្ដាសង្កាត់ខ្លះ ធ្វើវាស់វែងរួច សង្កាត់ខ្លះមិនទាន់រួច ហើយឈើត្រូវកម្លាំងរដ្ឋបាលព្រៃឈើយកទៅរក្សាទុក នៅស្ថានីយ៍បណ្ដុះកូនឈើមួយចំនួន និងមួយចំនួនទៀតរក្សាទុកតាម បណ្ដាសង្កាត់រដ្ឋបាលព្រៃឈើ ហើយកម្លាំងរដ្ឋបាលព្រៃឈើ នៅតែបន្ដចុះបង្ក្រាបឲ្យដូចភ្លៀងរលឹម៕