(ភ្នំពេញ)​៖ ក្នុងជំនួបពិភាក្សាពីវឌ្ឍនភាពនៃការដោះស្រាយវិវាទ សម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ជាមួយលោក ចច អេដហ្គារ (George Edgar) ឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ប្រាប់ប្រតិភូអឺរ៉ុបថា ក្រុមការងារធានាដោះស្រាយវិវាទ សម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញនេះ ឲ្យឆាប់ចប់ជាស្ថាពរ ប៉ុន្តែអ្នកមិនទាន់ទទួលបានសំណងក្នុងវិវាទនោះ មានអាទិភាពមុនអ្នកទទួលបានសំណង។

កិច្ចពិភាក្សានេះ ធ្វើឡើងនៅទីស្ដីការក្រសួងដែនដី នាល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ដោយក្នុងកិច្ចប្រជុំនោះ ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានជម្រាបគណៈប្រតិភូអំពីលទ្ធផល ដែលក្រុមការងាររបស់ក្រសួងរៀបចំដែនដី បានខិតខំប្រឹងប្រែងក្នុងរយៈពេល៤ខែ កន្លងមកនេះ ក្នុងការចុះដោះស្រាយវិវាទសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ នៅខេត្តកោះកុង កំពង់ស្ពឺ និងព្រះវិហារ និងការប្រគល់ភារកិច្ចជូនអាជ្ញារធរខេត្តឧត្តរមានជ័យ ដោះស្រាយករណីខាងលើ តាមយន្តការនៃការផ្តល់សម្បទានដីសង្គមកិច្ច។

ក្នុងឱកាសនោះ ទីប្រឹក្សានៃអគ្គនាយកដ្ឋានពាណិជ្ជកម្មរបស់សហគមន៍អ៊ឺរ៉ុប បានស្នើឲ្យក្រុមការងារដោះស្រាយវិវាទនូវចំណុចមួយចំនួន រួមមាន៖

១៖ រៀបចំដាក់បញ្ចូលករណីវិវាទទាំងអស់ រួមទាំងវិវាទដែលម្ចាស់បណ្តឹងបានទទួលសំណងរួច ក្នុងបញ្ជីដោះស្រាយរួមគ្នាក្នុងពេលតែមួយ ដើម្បីចៀសវាងការតវ៉ាមិនទទួលបានសំណងស្មើគ្នារបស់ម្ចាស់បណ្តឹង ដែលបានទទួលសំណងរួចពីក្រុមហ៊ុន ដែលអាចបណ្តាលឲ្យការដោះស្រាយវិវាទមិនអាចឈានដល់ទីបញ្ចប់។
២៖ ស្នើប្រើប្រាស់យន្តការដោះស្រាយវិវាទ សម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ សម្រាប់ខេត្តឧត្តរមានជ័យ ដូចខេត្តទាំង៣ទៀតដែរ។
៣៖ ស្នើឲ្យមានការចូលរួមដោះស្រាយវិវាទ ពីបណ្តាអង្គការសង្គមស៊ីវិល និងស្ថាប័នផ្សេងៗ ដែលមានចំណាប់អារម្មណ៍។
៤៖ ស្នើសុំរបាយការណ៍លម្អិត ស្តីពីដំណើរការដោះស្រាយវិវាទនៃខេត្តទាំង៣។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា ដើម្បីទទួលបានប្រសិទ្ធភាពនៃការដោះស្រាយវិវាទនេះ ក្រុមការងារនឹងធ្វើការដោះស្រាយវិវាទ ដែលផ្តោតទៅលើបណ្តឹង ដែលមិនទាន់ទទួលបានសំណងពីក្រុមហ៊ុនរួចឲ្យបានរួចរាល់ជាមុនសិន ទើបត្រលប់ទទួលពិនិត្យបណ្តឹងដែលបានទទួលសំណងរួច មានន័យថា ក្រុមការងារធានានឹងដោះស្រាយវិវាទ សម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញនេះ ឲ្យបានចប់ជាស្ថាពរ។

រីឯវិវាទសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ក្នុងខេត្តឧត្តរមានជ័យ ដោយសារក្រុមហ៊ុនទទួលបានសិទ្ធិ បានប្រគល់ដីសម្បទានសេដ្ឋកិច្ចជូនរាជរដ្ឋាភិបាលរួច ដូចនេះ ត្រូវប្រគល់ភារកិច្ចជូនអាជ្ញាធរខេត្តដោះស្រាយ តាមរយៈការផ្តល់សម្បទានដីសង្គមកិច្ច និងស្នើស្ថានទូតបញ្ជូនករណីវិវាទទាំងអស់ ដែលបានដាក់ជូនស្ថានទូតមកក្រសួងរៀបចំដែនដី ដែលជាស្ថាប័នមានសមត្ថកិច្ច។

លោក ជា សុផារ៉ា បានបន្តថា ក្រសួងតែងតែបើកទូលាយសម្រាប់បណ្តាអង្គការសង្គមស៊ីវិលទាំងអស់ ចូលរួមសហការដើម្បីដោះស្រាយវិវាទជាមួយក្រសួង ដោយត្រូវដាក់ពាក្យស្នើសុំចូលរួម និងត្រូវសហការចូលរួមដោយសកម្មជាមួយក្រុមការងាររហូតដល់ទីបញ្ចប់។

លើសពីនេះ ក្រសួងរៀបចំដែនដីនឹងផ្សព្វផ្សាយរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទ សម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញ ជាភាសាអន្តរជាតិ ដើម្បីជូនសាធារណជនជ្រាបជាព័ត៌មាន នៅសប្តាហ៍ក្រោយនេះ។

ជាមួយគ្នានោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានស្នើឲ្យគណៈប្រតិភូជឿជាក់លើយន្តការ នៃការដោះស្រាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកបដោយតម្លាភាព យុត្តិធម៌ និងខិតខំដោះស្រាយ ដើម្បីបញ្ចប់វិវាទជាស្ថាពរ ពិសេសជឿជាក់លើក្រុមការងាររបស់ក្រសួងរៀបចំដែនដី ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ខ្ពស់ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា។

លោកឯកអគ្គរដ្ឋទូត George Edgar បានសម្តែងនូវការកោតសរសើរ ចំពោះការតាំងចិត្តខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រុមការងាររបស់ក្រសួងរៀបចំដែនដី ដឹកនាំដោយលោក ជា សុផារ៉ា ក្នុងការសហការដោះស្រាយវិវាទសម្បទានដីសេដ្ឋកិច្ច ដំណាំអំពៅផលិតស្ករសនាំចេញ ដែលទទួលបានលទ្ធផលយ៉ាងច្រើន ក្នុងរយៈពេលត្រឹម៤ខែ កន្លងទៅនេះ។ លោកនឹងធ្វើរបាយការណ៍ជូនភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបានជ្រាបអំពីវឌ្ឍនភាពនេះ៕