(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាសមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ជាការពិតអ្នកឈ្នះគឺជាអ្នកសរសេរប្រវត្តិសាស្ត្រ ន្តែក៏ត្រូវប្រឹងប្រែងធ្វើយ៉ាងណាឲ្យប្រវត្តិសាស្ត្រ សរសេរពីខ្លួនឯងផងដែរ។

សម្តេច ទៀ បាញ់ បានលើកឡើងដូច្នេះក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃទី២ នៃមហាសន្និបាត។ ការលើកឡើងរបស់សម្តេច ទៀ បាញ់ ត្រូវបានដកស្រង់ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ និងបង្ហោះលើទំព័រ Facebook របស់លោក។

ការលើកឡើងរបស់សម្តេច ទៀ បាញ់ ជាសារក្រើនរំលឹកដល់សមាជិក សមាជិកាបក្សទាំងអស់ឲ្យប្រឹងប្រែងកសាងស្នាដៃជូនប្រទេសជាតិ និងប្រជាជន តាមរយៈសកម្មភាពការងារ ដើម្បីឲ្យប្រជាជនបានចងចាំនូវគុណូបការៈនេះ ដែលអាចនឹងឈានទៅចារទុកក្នុងប្រវត្តិសាស្ត្រផងដែរនោះ។

សូមបញ្ជាក់ថា ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះ គឺជាថ្ងៃទីពីរហើយ ដែលគណបក្សប្រជាជនកម្ពុជា បានបើកមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស ដើម្បីពិនិត្យលទ្ធផលការងារដែលសម្រេចបានក្នុងអាណត្តិចាស់ឆ្នាំ២០១៣-២០១៨ និងដាក់ចេញទិសដៅការងារ ក៏ដូចក្របខណ្ឌនយោបាយថ្មីសម្រាប់ឆ្នាំ២០១៨-២០២៣។

ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេច ហេង សំរិន បានលើកឡើងថា មហាសន្និបាតរយៈពេល៣ថ្ងៃនេះ មានរបៀបវារៈសំខាន់ៗចំនួន៣ ដែលនឹងត្រូវពិនិត្យ ពិភាក្សា និងអនុម័ត។ របៀបវារៈទាំងនោះរួមមាន៖

១៖ ឆ្លង និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៧ និងទិសដៅភារកិច្ចឆ្នាំ២០១៨។
២៖ ឆ្លង និងអនុម័តលើសេចក្តីព្រាងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣។
៣៖ បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលមួយចំនួន៕