(ភ្នំពេញ)៖ រហូតមកដល់ថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៨ នេះ ការប្រកាសពីការចាប់កំណើតនៃ ចលនាសង្គ្រោះជាតិដឹកនាំដោយសម រង្ស៊ីមានរយៈពេលមួយអាទិត្យហើយ ប៉ុន្តែក៏ទំនង នឹងរលូតស្លាប់បាត់ទៅដែរ ពីព្រោះគ្រាន់តែការកកំណើតភ្លាម ចរន្តនៃការប្រឆាំងនឹងវត្តមាននៃចលនាក៏បានផ្ទុះឡើងក្នុងចំណោមសកម្មជននៃអតីតបក្សសង្គ្រោះជាតិ។ ពួកគេមើលឃើញថា ចលនាសង្គ្រោះជាតិនេះគឺគ្រាន់តែជាឡប់ឡែដែល សម រង្ស៊ី និងក្រុមគាត់ បង្កើតឡើងដើម្បីជាឈ្នាន់ប្រមូលកម្លាំងអ្នកគាំទ្រ និងផ្តល់ឱ្យ សម រង្ស៊ី នូវតួនាទីជាមេដឹកនាំក្រុមប្រឆាំងវិញតែប៉ុណ្ណោះ ខណៈដែលអតីតប្រធានស្របច្បាប់ កឹម សុខា កំពុងជាប់ ឃុំក្នុងពន្ធនាគារត្រពាំងផ្លុងពីបទក្បត់ជាតិ។ ចលនានេះអាចរលូតស្លាប់ដោយសារតែ កកើតមិនទាំងបានប៉ុន្មានថ្ងៃផង អ៊ឹង រិទ្ធី ប្រធានអតីតគណបក្សសង្គ្រោះជាតិប្រចាំសហ រដ្ឋអាមេរិក និងអ្នកផ្សេងទៀតបានប្រកាសលាលែងពីចលនានេះ ធ្វើឱ្យសម រង្ស៊ី អេង ឆៃអ៊ាង មូរ សុខហួរ ជូឡុង សូមួរ៉ា ដែលព្យាយាមកៀងគរ ការគាំទ្រពីពលរដ្ឋខ្មែររស់នៅក្រៅ ប្រទេសត្រូវបរាជ័យព្រោះអ្នកទាំងនោះ នឹងមិនដើរតាមក្រុមអ្នកនយោបាយមាត់ ត្រីកំភ្លាញនោះឡើយ។

មានមូលហេតុជាច្រើនដែលធ្វើឱ្យចលនាសង្គ្រោះជាតិរបស់ សម រង្ស៊ី ដែលយក កឹម សុខា ធ្វើជាជំនួញនយោបាយដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួនទើបនឹងចាប់ កំណើតក៏រលូតស្លាប់ទៅវិញ៖

ទី១៖ តើឱ្យគេជឿសមរង្ស៊ី អេង ឆៃអ៊ាង មូរ សុខហួរ ម្តេចនឹងបាន និងផ្ញើវាសនាលើខ្លួនម៉េចនឹងបាន បើអ្នកទាំងនេះជួយខ្លួនឯងមិនទាំងនឹងរួចផង។ សម រង្ស៊ី ជាប់ទោសរាប់សិបឆ្នាំ ត្រូវបង់ប្រាក់ រាប់លានដុល្លារ កំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ ចំណែក អេង ឆៃអ៊ាង មូរ សុខហួរ និងជូឡុង សូមួរ៉ា ត្រូវបានច្បាប់ហាមឃាត់មិនឱ្យធ្វើនយោបាយ៥ឆ្នាំ។ យោងតាមច្បាប់ទាំងសម រង្ស៊ី អេង ឆៃអ៊ាង មូរ សុខហួរ និងជូឡុង សូមួរ៉ា គ្មានសិទ្ធិ នឹងធ្វើនយោបាយឡើយ ហើយចលនានយោបាយ ដែលពួកគេកំពុងតែប្រកាសក្តែងៗ នេះគឺជាចលនានយោបាយខុសច្បាប់ ដែលត្រូវប្រឈមចំពោះមុខច្បាប់។ និយាយរួមគឺ ចលនាសង្គ្រោះជាតិ ជាក្រុមឧទ្ទាមនយោបាយខុសច្បាប់ដែលចាំបាច់រាជរដ្ឋាភិបាលត្រូវ ចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីកម្ទេចអង្គការចាត់តាំងចលនានយោបាយខុសច្បាប់នេះ។ ដូច្នេះគ្មានហេតុផលអ្វីដែលគេមកចូលរួមជាមួយចលនាសង្គ្រោះជាតិខ្យល់របស់ សម រង្ស៊ី នាំតែចាញ់ល្បិចរបស់អ្នកនយោបាយមាន់សម្លររូបនេះទេ។

ទី២៖ ភាគច្រើននៃសមាជិករបស់អតីតបក្សសង្គ្រោះជាតិដែលពីមុនសំឡេងភាគ ច្រើនគាំទ្រ សម រង្ស៊ី ពេលធ្វើប្រធានបក្ស ប៉ុន្តែឥឡូវនេះពួកគេងាកមកគាំទ្រកឹម សុខា ដែលជាប្រធានស្របច្បាប់នៃ អតីតគណបក្សសង្គ្រោះជាតិវិញ។ ម្យ៉ាងដោយសារតែកឹម សុខា បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនក្នុងនាមជាប្រធានបក្សស្តីទី និងក្រោយមកជាប្រធានបក្សដើម្បីពង្រឹងឥទ្ធិពលជើងក្រោមរបស់ខ្លួន។ បើទោះបីជា កឹម សុខា ដឹកនាំបក្ស សិទ្ធិមនុស្សមានតែបីអាសនៈនៅរដ្ឋសភា ប៉ុន្តែអាចលេបយកបក្សសមរង្ស៊ី២៦ អាសនៈនិងឡើងគ្រប់គ្រងបក្សសង្គ្រោះជាតិក្រោមការជួយជ្រោមជ្រែង របស់ទេវតាថែមទៀត។ ដូច្នេះ កាលដែលសម រង្ស៊ី គិតថាខ្លួននៅតែមានអំណាច មានប្រជាប្រិយភាពនៅក្នុងចំណោមសកម្មជនទាំងក្នុង និងក្រៅប្រទេសខ្លួនគឺពិតជា យល់សប្តិទាំងកណ្តាលថ្ងៃត្រង់ហើយ។ តាមពិតតម្លៃ សម រង្ស៊ី នៅក្នុងក្រសែភ្នែកសកម្មជនគាំទ្រអតីតបក្សសង្គ្រោះជាតិគឺគ្រាន់តែជាអ្នកនយោបាយដ៏កំសាកម្នាក់ និងបានត្រឹមតែញុះញង់ មួលបង្កាច់ ធ្វើ ឱ្យមានការស្អប់ខ្ពើមនៅក្នុងសង្គមខ្មែរ និងបង្កជម្លោះនិងហិង្សានយោបាយ បាតុកម្មតែប៉ុណ្ណោះ។ ដោយសារតែបាត់បង់ការគាំទ្រទាំង នៅក្នុងស្រុក និងក្រៅស្រុកនេះហើយដែលធ្វើឱ្យសម រង្ស៊ី ខកចិត្តប្រកាសបង្កើតចលនាសង្គ្រោះជាតិ ប៉ុន្តែគ្មាននរណាចាប់អារម្មណ៍និងបានថ្កោលទោសពីការបំបែកបំបាក់សំឡេង របស់ក្រុមអ្នកនយោបាយប្រឆាំងថែមទៀតផង។

ទី៣៖ គ្មានអ្នកចូលរួមគាំទ្រចលនាសង្គ្រោះជាតិដូចការអួតអាងរបស់ សម រង្ស៊ី ក៏ ព្រោះថា សកម្មជនអតីតបក្សសង្គ្រោះជាតិយល់ច្បាស់ថា សម រង្ស៊ី គ្មានឥទ្ធិពលនយោបាយអ្វីនៅក្នុងឆាក នយោបាយកម្ពុជាទៀតទេ។ សម រង្ស៊ី គ្រាន់តែជាសុនខនយោបាយ មានវិបល្លាសស្មារតីដោយសារតែខកចិត្តជាច្រើនលើកច្រើនសា ហើយត្រូវគេបោះបង់ចោលនិរទេសនៅក្រៅប្រទេសតែប៉ុណ្ណោះ។ សកម្មជនអតីតបក្សសង្គ្រោះជាតិអស់ជំនឿ ទុកចិត្តលើគាត់និងគូកនគាត់ ដែលគេដឹងក្រយៅនយោបាយអស់ទៅហើយ។ ពួកគេគ្មានគោលដៅ និងយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការធ្វើនយោបាយឡើយ ចេះតែម្យ៉ាងគត់ គឺដើរញុះញង់ឱ្យបរទេសបំផ្លាញខ្មែរ ពួកគេចេះដើរញុះញង់បរទេស កុំឱ្យវិនិយោគនៅ កម្ពុជា កុំផ្តល់ជំនួយឱ្យកម្ពុជា និងកុំទិញទំនិញពីកម្ពុជាដែលនេះជានយោបាយបំផ្លាញ ឆ្នាំងបាយប្រជាពលរដ្ឋខ្មែរ និងជានយោបាយបំផ្លាញសេដ្ឋកិច្ចប្រទេសជាតិមួយ។ ពួកគេ មិនះអាចជួយខ្លួនឯងបានផង តើមានលទ្ធភាពអ្វីនឹងជួយសង្គ្រោះជីវិតបក្ស ដែលបាន ស្លាប់ និងធ្វើឱ្យមានការដោះលែង កឹម សុខា នោះរួច? សកម្មជនអតីតបក្សសង្គ្រោះជាតិ ភាគច្រើនមិនដើរតាមនយោបាយប្រើជីវិតប្រជាជនធ្វើជាដើមទុនដើម្បីអំណាចឡើយ។ ហេតុដូច្នេះហើយបានជាជីវិតនៃចលនាសង្គ្រោះជាតិនេះមិនអាចបន្តយូរទៀតទេ នឹង រលត់បាត់ឯងនៅពេលអនាគតដ៏ខ្លីខាងមុខ។

ទី៤៖ សកម្មជនអតីតបក្សសង្គ្រោះជាតិទាំងក្នុង និងក្រៅប្រទេសយល់ថា ប្រសិនបើចូលរួមជាមួយចលនាសង្គ្រោះជាតិរបស់ សម រង្ស៊ី គឺមានន័យថាកំពុងតែចូលរួមបំផ្លាញ សាកសពបក្សសង្គ្រោះជាតិចោលទាំងស្រុង ខណៈក្រុម កឹម សុខា និយមដឹកនាំដោយកូនស្រីរបស់គាត់ គឺ កឹម មនោវិទ្យា កំពុងដើរស្វែងរកជំនួយទាំងក្នុងក្តីអស់សង្ឃឹមដើម្បីប្រស់ ឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ។ ម្យ៉ាងទៀត បើចៃដន្យខ្មោចបក្សសង្គ្រោះជាតិអាចរស់ឡើងវិញ អ្នកដែលមានសិទ្ធិគ្រប់គ្រងចាត់ចែងសម្រេចក្នុងនាមបក្សគឺមានតែ កឹម សុខា និងគូនកនរបស់គាត់តែប៉ុណ្ណោះ។ ដូច្នេះបើសិនជាដើរតាម សម រង្ស៊ី ប្រាកដ ជាបោសគូថខោដូចគាត់ហ្នឹងហើយព្រោះថា សម រង្ស៊ី បានចាញ់បោកក្រុមមន្ត្រីក្នុងបក្សឡើងបោសគូថខោក្រោយ ពីសម្រេចចិត្តបែបភ័យខ្លាចជ្រុលលាលែងពីតំណែងប្រធាន បក្ស និងសមាជិកភាពពីបក្ស។ ឥឡូវនេះ ទោះ សម រង្ស៊ី ប្រកាសចូលថាខ្លួនបានចូលរួមនយោបាយជាមួយអតីតបក្សសង្គ្រោះជាតិ ប៉ុន្តែស្ថិតនៅតែលើបបូរមាត់ សម រង្ស៊ី តែប៉ុណ្ណោះ គ្មាននរណាទទួលស្គាល់ជាផ្លូវការឡើយ ព្រោះមេបក្សក៏ជាប់គុក បក្សទាំងមូល ក៏ត្រូវបានរំលាយតាមអំណាចសាលដីកាតុលាការកំពូល។

ទី៥៖ សកម្មជននៃអតីតបក្សសង្គ្រោះជាតិនឹងមិនហ៊ានចូលរួមជាមួយចលនារបស់ សម រង្ស៊ី ទេ ព្រោះជាចលនាខុសច្បាប់។ បើខុសច្បាប់ មិនត្រឹមតែសម រង្ស៊ីទេដែលត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់គឺសមាជិកទាំងអស់ជាអ្នកទទួលខុសត្រូវ។ បើចូលរួមជាមួយក្រុមឧទ្ទាមចលនាសង្គ្រោះជាតិខុសច្បាប់ យកល្អនៅជ្រកក្រោមផ្នូរសពបក្សសង្គ្រោះជាតិវិញ មិនល្អជាង ព្រោះមិនឈឺសាច់ និងមិនត្រូវគេចាត់ទុកថាជាឧទ្ទាមទីក្រុង។ ម្យ៉ាង ទៀត ក្នុងស្មារតីនៃការការពារសន្តិភាព និងការអភិវឌ្ឍ អាចថានៅក្នុងការធ្វើវិសោធន កម្មរដ្ឋធម្មនុញ្ញដែលគេគ្រោងនឹងធ្វើខាងមុខ ការធ្វើឧទ្ទាមកម្មប្រឆាំងនឹងសន្តិភាព ស្ថេរភាពនយោបាយការពារសណ្តាប់ធ្នាប់សង្គ្រម និងការបំផ្លាញការអភិវឌ្ឍនឹងត្រូវប្រឈម មុខច្បាប់ នោះវានឹងកាន់តែធ្ងន់កថែមទៀត។

ហេតុដូច្នេះហើយបានជាការប្រកាសបង្កើតចលនាសង្គ្រោះជាតិរបស់ សម រង្ស៊ី អេង ឆៃអ៊ាង មូរ សុខហួរ ជូឡុង សូមួរ៉ា មិនត្រូវបានគេស្វាគមន៍ឡើយ ព្រោះជាចលនាឧទ្ទាមក្បត់ជាតិ។ ការបង្កើតចលនាសង្គ្រោះជាតិរបស់សម រង្ស៊ី ត្រូវបានគេមើលឃើញថា ស្មើនឹងចង់បង្កើតបដិវត្តន៍ពណ៌សាជាថ្មីនៅកម្ពុជា បន្ទាប់ពីបរាជ័យនៅឆ្នាំ ២០១៣ និងឆ្នាំ ២០១៤ និងថ្មីៗនេះ អង្គការចាត់តាំងនយោបាយនៃបដិវត្តន៍ពណ៌ ដែលមានការ គាំទ្រពីបរទេសមួយចំនួន ដែលមិនចង់ឃើញខ្មែរបានសុខរីកចម្រើន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាវាយកម្ទេចធ្វើឱ្យបរាជ័យ មិនដែលមានសោះនៅក្នុងប្រវត្តិសាស្ត្រនៃបដិវត្តន៍ ពណ៌នៅលើពិភពលោក។ ចាប់តាំងពីបង្កើតចលនាសង្គ្រោះជាតិនេះឡើង សម រង្ស៊ី និង គូកនបានព្យាយាមបំបែកបំបាក់ជាតិ ញុះញង់កងទ័ព និងព្រមានអំពីអំពើហិង្សា និង បានយកជាតិនិងប្រជាជនកម្ពុជា ទៅធ្វើជាចំណាប់ខ្មាំង។ ទង្វើខុសច្បាប់ទាំងនេះនឹងត្រូវ ប្រឈមមុខច្បាប់។ ចុះបើ សម រង្ស៊ី និងគូកនកំពុងតែវិលវល់នឹងរឿងវិល ចូលស្រុកមិន បានដោយសារតែរឿងគុកច្រវ៉ាក់នេះ និយាយបំពានច្បាប់ធ្ងន់ធ្ងរយ៉ាងនេះ តើឱ្យនរណា ជឿបានទៅ ដើរទាំងងងឹតងងុលតាមខ្លួនទៅម៉េចនឹងកើត។ ម្យ៉ាងទៀត ការចូលរួមជា មួយក្រុមឧទ្ទាមខុសច្បាប់នេះគឺប្រៀបបាននឹងការប្រឆាំងនឹងរាជការសាធារណៈដែរ ដែលត្រូវផ្តន្ទាទោស។ ហេតុដូច្នេះហើយបានជា ចលនាសង្គ្រោះជាតិដែល សម រង្ស៊ី បង្កើតឡើងនេះបានរលូតស្លាប់បាត់ទៅវិញព្រោះ បាត់បង់មូលដ្ឋានគាំទ្ររឹងមាំ និងខុស នឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយនោះដែរ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង បានប្រកាសជំហរតាមរយៈមេធាវីរបស់លោកថា លោកមិនចូលរួមជាមួយចលនាសង្រ្គោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៉ី នោះទេ។

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២០ ខែមករា ឆ្នាំ ២០១៨