(ភ្នំពេញ)៖ ក្រោយទទួលបានបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការង និងជាស្នងការនគរបាល រាជធានីភ្នំពេញនោះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការ បង្ក្រាបករណីគ្រឿងញៀន៤ទីតាំងផ្សេងគ្នា ដោយឃាត់បានជនសង្ស័យប្រុសស្រី១៥នាក់ និងដកហូតបានថ្នាំញៀនមួយចំនួន។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខេមករា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី១៩ ខែមករាម្សិលមិញនេះ ដោយកម្លាំងប៉ុស្តិ៍ កម្លាំងផ្នែកគ្រឿងញៀន កម្លាំងផ្នែកសន្តិសុខ និង​កម្លាំងអន្តរាគមន៍ពិសេស នៃអធិការនគរបាលខណ្ឌ។

បើតាមលោកអធិការ ទីតាំងទី​១៖ ធ្វើឡើងនៅសង្កាត់កាកាបទី១, ទីតាំងទី២៖ ធ្វើឡើងនៅសង្កាត់កន្ទោក, ទីតាំងទី៣៖ ធ្វើឡើងនៅសង្កាត់កាកាបទី២ និងទីតាំងទី៤៖ ធ្វើឡើងនៅសង្កាត់កាកាបទី១ សរុបឃាត់ខ្លួនបានជនសង្ស័យចំនួន​១៥នាក់​ និងភេទទីបី៤នាក់ ដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ៩​កញ្ចប់ ដាវចំនួន២ដើម កាំភ្លើងបាញ់ខ្យល់១ដើម និងវត្ថុតាងមួយចំនួនទៀត​។

ក្រោយឃាត់ខ្លួនបច្ចុប្បន្នជនសង្ស័យទាំង​១៥​នាក់ រួមទាំងវត្ថុតាង​កម្លាំងជំនាញផ្នែកគ្រឿងញៀន នៃអធិការរដ្ឋាន ខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងចាត់​តាមផ្លូវច្បាប់​៕