(​បន្ទាយ​មាន​ជ័យ)៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង នៅស្នងការដ្ឋាននគរបាលខេត្តមន្ទាយមានជ័យ​ ក្រោយពីកម្លាំងនគរបាលបានឃាត់រថយន្តដឹកស៊ីទែនសាំង១គ្រឿង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីជាង៧ខែមុន ប៉ុន្តែគ្មានអ្នកចូលមកដោះស្រាយសោះ ជាហេតុបង្កើតឲ្យមានការសង្ស័យចំពោះរថយន្តបង្ក ទើបកម្លាំងសមត្ថកិច្ចសម្រេចវះស៊ីទែនសាំងនោះ ក៏ប្រទះឃើញសុទ្ធតែឈើគ្រញូងរាប់រយដុំ។

លោក​​ សន​ គឹ​ម​សួរ​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក ​បាន​ប្រាប់ឲ្យដឹង​ថា ​កាលពី​អំឡុងខែឧសភា​ ឆ្នាំ​២០១៧​ កន្លងទៅ មាន​គ្រោះថ្នាក់​ចរាចរណ៍មួយ​បាន​កើតឡើង​​ដោយសារ​រថយន្ត​ដឹក​ស៊ីទែន​សាំង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3C-0213​ ខូច​ហើយ​ចត​ចោល​លើ​ចិញ្ចើមផ្លូវទាំង​យប់ ​​ហើយមិនបាន​ដាក់ស្លាក​សញ្ញាបញ្ជៀសអ្វីសោះ ក៏​ត្រូវ​បាន​​ម៉ូតូ​១​គ្រឿងជិះ​គ្នា​២​នាក់ ​ជិះ​បុក​ពីក្រោយ​បណ្តាលឲ្យ​ស្លាប់​ម្នាក់​នៅនឹង​កន្លែង​ និងម្នាក់​ទៀតរង​របួសធ្ងន់ ឃើញដូច្នោះ ​អ្នក​បើករថយន្ត​បាន​រត់គេច​ខ្លួន​បាត់​។

លុះព្រឹកឡើង ​កម្លាំង​នគរបាល​ចរាចរណ៍​ខេត្តបន្ទាយមានជ័យ​ ធ្វើការ​វាស់វែង​ ហើយ​យក​ទៅរក្សា​ទុក​នៅ​ស្នងការ​ដ្ឋាននគរបាល​ខេត្តបន្ទាយមានជ័យ​។​
​លោក​ គឹមសួរ បានបន្ត​ថា​ ក្រោយ​ពេល​ដែល​កម្លាំង​នគរបាល​ជំនាញ ​យក​រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ទៅ​រក្សា​ទុកនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ចូល​មក​ដោះស្រាយ​តែ​មិនឃើញមានអ្នកណា​ចូលខ្លួនមកដោះស្រាយសោះ ទុក​រហូត​ជាង​៧​ខែ​មកហើយ​ ដោយមានការសង្ស័យ​ក៏សម្រេចវះធុងស៊ីទែនសាំងមើល ​ក៏ឃើញឈើក្រញូងជាច្រើនដុំ ក៏បង្កការភ្ញាក់ផ្អើលតែម្ដង។ ​

ក្រោយមានការភ្ញាក់ផ្អើលរួចមក និង​ដោយ​មានការ​ណែនាំ​ពី​លោក​ អាត់​ ខែ​ម​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ផងដែរ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក៏បានបង្កើត​គណៈកម្មការ​ធ្វើការ​ត្រួតពិនិត្យ​ ដោយមាន​វត្តមាន​លោក​ តេ​ង​ សម័យ​ ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត ​​មន្ត្រី​អយ្យការ ​និង​កម្លាំង​នគរបាល​ជំនាញ​បាន​ធ្វើការ​វះ​ស៊ីទែន​សាំង​ម្ដងទៀត ដើម្បីត្រួតពិនិត្យ​ឃើញ​សុទ្ធតែ​ឈើ​ក្រ​ញូ​ង​ពេញ​ស៊ីទែន​សាំង​។​

​លោក ឆេ​ន​ សុវត្ថិ​ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ខេត្តបន្ទាយមានជ័យ ​បាន​ប្រាប់​ថា​ ការ​ត្រួតពិនិត្យ​ជំហាន​ដំបូង​ រក​ឃើញ​ឈើ​ក្រ​ញូ​ង​ចំនួន ​៣៥៥​ដុំ​ ក្នុង​មួយ​ដុំ​មាន​ទម្ងន់​ពី ១​គីឡូក្រាម ​ទៅ​១.៥​គីឡូក្រាម​ ហើយនៅ​ពេល​ល្ងាចថ្ងៃដដែល ​គណៈ​ក​ម្មា​ការ​បាន​ផ្សា​បិទ​ស៊ីទែន​នៅ​មិន​ទាន់បាន​រើ​ប្រវែង ​៤​ម៉ែត្រ​ទៀត ​និង​បន្ត​រើ​នៅ​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០១៨នេះ​ ចំណែក​ឈើ​រើ​ហើយបាន​ដឹក​ទៅ​រក្សា​ទុក​នៅសាលាដំបូង​ខេត្តបន្ទាយមានជ័យ​៕