(កំពង់ចាម)៖ កម្លាំងនគរបាល​ខេត្តកំពង់ចាម ពេញមួយ​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការ​ដោយបង្ក្រាបក្រុមជនសង្ស័យពាក់ព័ន្ធ ករណីគ្រឿងញៀនបាន១២នាក់ នៅ២ទីតាំងផ្សេងគ្នា ក្នុងស្រុកស្រីសន្ធរ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការដំបូង​ធ្វើឡើង នៅចំណុចវត្តស្វាយតានង់ ​ភូមិស្វាយតានង់ ឃុំព្រែករំដេង ​​ស្រុកស្រីសន្ធរ ដោយកម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រីសន្ធរ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ដោយចាប់បានជនសង្ស័យ៧នាក់។

ជនសង្ស័យទី១៖ ឈ្មោះ​ យ៉ា យូសុះ ​អាយុ៣៣ឆ្នាំ, ទី២៖ ឈ្មោះ​ អា​ រ៉ូហ្វឺត ​អាយុ៣០ឆ្នាំ, ទី៣៖ ឈ្មោះ រ៉ូ សាលី ​អាយុ២៥​ឆ្នាំ, ទី៤៖ ឈ្មោះ ញ៉ា ហ្វាហ្សី អាយុ២៤ឆ្នាំ, ទី​៥៖ ឈ្មោះ​ លាស់ ម៉ាអាត ​អាយុ៣៥ឆ្នាំ, ទី៦៖ ឈ្មោះ​ លន់ វុទ្ធី​ អាយុ២១ឆ្នាំ, ទី៧៖ឈ្មោះ​ ថា ណាចារ ​អាយុ១៩ឆ្នាំ ក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌ស​​០២កញ្ចប់ ទូរស័ព្ទដៃ០៥គ្រឿង និងម៉ូតូ០៤គ្រឿង។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការទី២​នៅភូមិស្វាយក្រោម ឃុំស្វាយខ្សាច់ភ្នំ ​​ស្រុកស្រីសន្ធរ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដឹកនាំដោយលោក​វរសេនីយ៍ត្រី​ ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ដោយចាប់បានជនសង្ស័យ៥នាក់។

ក្នុងនោះជនសង្ស័យទី១៖​ ឈ្មោះ​ សែម សុខឡេង ​អាយុ២៨ឆ្នាំ​, ទី២៖ ឈ្មោះ​ ហួត វ៉ាន់ឌី​ ​អាយុ១៦ឆ្នាំ, ទី៣៖ ឈ្មោះ​​ យ៉ុ​ន ផាន់ណា​, ទី​៤៖ ឈ្មោះ កាន ផល្លា និងទី៥៖ ឈ្មោះ​ ឌីម ផល្លី ដោយដកហូតបាន​ ម្សៅក្រាមពណ៌ស​ ទូរស័ព្ទដៃ០៣គ្រឿង ​និងម៉ូតូ០២​គ្រឿង។ ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង១២នាក់នេះ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕