(ភ្នំពេញ)៖ នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជារយៈពេល ៦៦ ឆ្នាំចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជា ដែលបាននិងកំពុងដឹកនាំគ្រប់គ្រងជាតិ បានហែលឆ្លងកាត់នូវរឿងរ៉ាវជាច្រើនមានទាំងក្តៅត្រជាក់ល្វីងជូរចត់ផ្អែមល្ហែម។ ៦៦ ឆ្នាំនៃការបម្រើ ជាតិមាតុភូមិ បក្សប្រជាជនកម្ពុជា បានស្ថិតនៅផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ព្រោះគណបក្សនេះត្រូវបានបង្កើតឡើងដោយប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន។

កើតចេញជាចលនាតស៊ូខ្មែរ គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីសំខាន់ក្នុងរំដោះជាតិពីអាណានិគមបារាំង ជាពិសេសបានសង្គ្រោះជាតិនិងប្រជាជនកម្ពុជាពីរបបខ្មែរក្រហមប្រល័យពូជសាសន៍នៅថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩។ ចាប់តាំងពីថ្ងៃជ័យជម្នះ ៧ មករា គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់គ្រប់វិស័យទាំងអស់ ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម និងការស្តារ កសាងប្រទេសកម្ពុជាឡើងវិញចេញពីគំនរផេះផង់ ឈាមនិងទឹកភ្នែក រហូតដល់មានការរីកចម្រើន មានកំណើនសេដ្ឋកិច្ចរង្វង់ ៧,៧% ក្នុងមួយឆ្នាំ ប្រជាពលរដ្ឋមានជីវភាពរីកចម្រើន និងមាន សុខុមាលភាពល្អ។

ក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេសតាំងពីខែមករា ឆ្នាំ១៩៧៩ រយៈពេល៣៩ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានធ្វើអ្វីៗទាំងអស់ដើម្បីឧត្តមប្រយោជន៍ជាតិ និងមាតុភូមិ តាមរយៈការលើកកម្ពស់ភាពដាច់ខាត និងម៉ឺងម៉ាត់ខាងនយោបាយ ក្នុងការលុបបំបាត់ភាពអសកម្ម និងអយុត្តិធម៌សង្គម ព្រមទាំងសុខមាលភាពនៃសង្គម។

គណបក្សប្រជាជនបានសម្រេចមហាជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យ រស់ឡើងវិញរួចផុតពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានទប់ស្កាត់ របបដ៏យង់ឃ្នងនេះមិនឱ្យវិលត្រឡប់មកវិញជាលើកទី២។ គណបក្សប្រជាជនកម្ពុជាដឹក នាំប្រទេសបាននាំមកវិញនូវសិទ្ធិ សេរីភាពគ្រប់យ៉ាង លទ្ធិប្រជាធិបតេយ្យ កិត្តិយសនិង សេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលរបបខ្មែរក្រហមបានកម្ទេចចោលទាំងស្រុងទៅហើយ។ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានស្តារ និងកសាងសេដ្ឋកិច្ចសង្គម ឡើងវិញចាប់ពីចំណុចសូន្យ ឱ្យមានស្ថិរភាពជាជំហានៗដែលជាមូលដ្ឋានគ្រឹះសម្រាប់ ការកសាង និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជាបន្តបន្ទាប់រហូតមកទល់នឹងបច្ចុប្បន្ន។

ខណៈគណបក្សប្រជាជនកម្ពុជាបាននិងកំពុងធ្វើមហាសន្និបាតវិសាមញ្ញតំណាង ទូទាំងប្រទេសសម្រាប់រយៈពេលបីថ្ងៃគឺពីថ្ងៃទី១៩ ដល់ថ្ហៃទី២១ ខែមករា ឆ្នាំ ២០១៨ ដោយមានការចូលរួមពីសមាជិកបក្សតំណាងមកពីទួទាំងប្រទេសចំនួន ២៤០៨នាក់ ដើម្បីពិនិត្យ និងអនុម័តលើកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ ការកសាងនិងការពារមាតុភូមិ ឆ្នាំ ២០១៨-២០២៣ ចៅ ចាក់ស្មុក សូមលើកយកនូវ សមិទ្ធផលការងារមួយចំនួនរបស់បក្សនេះក្នុងការបម្រើជាតិមាតុភូមិនាពេលកន្លងមក មកបង្ហាញគ្រាន់ទុកជាព័ត៌មានចំណេះដឹងទាំងអស់គ្នា។

ទី១៖ សន្តិភាព និងស្ថេរភាពនយោបាយ៖

កម្ពុជាមានសន្តិភាពពេញលេញដោយសារតែការលះបង់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀតនៃគណបក្សប្រជាជនកម្ពុជា ដោយចាប់ផ្តើមពីការរំដោះប្រជាជន និងប្រទេសជាតិចេញពីរបបខ្មែរក្រហម ជួយប្រទេសឱ្យរស់ឡើងវិញតបនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកសេរី រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

សន្តិភាពជាកិច្ចការអាទិភាពរបស់សម្តេចតេជោ ហើយក្រោយពីបរាជ័យរបស់អ៊ុនតាក់ ក្នុងការនាំយកសន្តិភាពជូនកម្ពុជា តាមរយៈការបោះឆ្នោតនៅ ឆ្នាំ ១៩៩៣ សម្តេចតេជោ បានដាក់ឱ្យអនុវត្តនយោបាយឈ្នះ-ឈ្នះដើម្បីរំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងនាំយកសន្តិភាពពេញលេញជូនកម្ពុជា នៅថ្ហៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨។
សន្តិភាពនេះគឺជាកត្តាសំខាន់ដែលនាំឱ្យកម្ពុជាមានឱកាសគិតគូរពីការអភិវឌ្ឍប្រទេសជាតិ។ សម្តេចតេជោ បានដាក់ចិត្ត ដាក់កាយការពារឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយនូវសន្តិភាពដែលរកមកបានដោយពិបាកឆ្លងកាត់ការតស៊ូ ពុះពារ ឆ្លងកាត់សង្គ្រាម ការចរចា សោកនាដកម្ម ឈាម និងទឹកភ្នែករបស់ប្រជាជនកម្ពុជា។ ស្ថេរភាពនយោបាយ គឺជាផ្នែកដ៏សំខាន់មួយទៀត ដែលប្រមុខរាជរដ្ឋាភិបាលចាតុទុកជាអាទិភាព ដើម្បីបង្កបរិយាកាសងាយស្រួលដើម្បី កសាង និងអភិវឌ្ឍប្រទេសឡើងវិញ។

ក្នុងរយៈពេលជិត ៤០ ឆ្នាំមកនេះ កម្ពុជាចាប់ផ្តើមជម្នះរាល់ឧបសគ្គ និងបានរីកមុខរីកមាត់នៅលើឆាកអន្តរជាតិទាំងផ្នែកការទូត សេដ្ឋកិច្ច និងមនុស្សធម៌ ក្លាយពីប្រទេសដែលទទួលកងទ័ពមួយខៀវមកជាប្រទេស ដែលបានបញ្ជូនកងទ័ពមួកខៀវក្នុងបេសកកម្មមនុស្សធម៌ ក្នុងក្របខណ្ឌបេសកកម្មអង្គការសហប្រជាជាតិ និងបានក្លាយជាប្រទេស ដែលស្មើសិទ្ធិ និងស្មើភាពជាមួយប្រទេសនានានៅលើសកលលោក។ បើកម្ពុជាបន្តស្ថិតនៅក្នុងភ្នក់ភ្លើងសង្គ្រាម មិនមានឱកាសនិយាយពីស្ថេរភាពនយោបាយ និងការអភិវឌ្ឍឡើយ។

ទី២៖ កិច្ចការពារអធិបតេយ្យភាពជាតិខ្មែរ៖

សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានធ្វើកិច្ច ការនេះជាអាទិភាពដើម្បីការពារឯករាជភាព អព្យាក្រឹត្យភាព និងការពារបូរណភាពទឹកដីប្រឆាំងនឹងការឈ្លានពានរបស់បរទេសជិតខាង និងព្យាយាមដោះស្រាយនូវជម្លោះ ប្រកបដោយភាតរភាព និងត្រឹមត្រូវតាមភស្តុតាង និងច្បាប់។ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់គោលជំហរមិនឈ្លានពានទឹកដីប្រទេសជិតខាងសូម្បីតែមួយមិល្លីម៉ែត្រ ហើយក៏ មិនឱ្យប្រទេសជិតខាងឈ្លានពានទឹកដីខ្លួន សូម្បីតែមួយមិល្លីម៉ែត្រដែរ។ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមនាយករដ្ឋមន្ត្រីនៃព្រះរា
ជាណាចក្រកម្ពុជាដែលទទួលបានសំឡេងគាំទ្រតាមរយៈការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ច្រើនលើសលប់ បានការពារយ៉ាងខ្ជាប់ខ្ជួននូវអធិបតេយ្យភាពរបស់កម្ពុជាមិនឱ្យប្រទេសណាមួយលូកដៃជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងកម្ពុជាបានឡើយ។
រាជរដ្ឋាភិបាលកម្ពុជា បានការពារបូរណភាពដែនដី និងទប់ស្កាត់បង្ក្រាបរាល់ទង្វើខុសច្បាប់ទាំងឡាយណាដែល ប៉ងបំផ្លាញសន្តិភាព និងអស្ថេរភាពជាតិ និងប៉ុនប៉ងយកកម្ពុជាទៅដាក់ក្រោមអាណានិគមបែបថ្មីរបស់មហាអំណាច និងកម្ចាត់រាល់ជនអគតិទាំងឡាយ ដែលចង់ឱ្យមានការផ្លាស់ប្តូរតាមបែបបដិវត្តន៍ពណ៌។ វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាប្រឆាំងនឹងជនក្បត់ជាតិដូច កឹម សុខា និងបុគ្គលផ្សេងទៀតដែលមានចេតនា បំផ្លាញកម្ពុជាគឺជាភាពស្របច្បាប់ និងសិទ្ធិពេញលេញរបស់កម្ពុជា ព្រោះមេដឹកនាំខ្មែរ បានតម្កល់ផលប្រយោជន៍ជាអាទិភាពសម្រាប់ខ្លួន។

ទី៣៖ អភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ៖

ក្រៅពីសន្តិភាព និងការការពារនូវអធិបតេយ្យភាពជាតិរឹងមាំ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការងារអភិវឌ្ឍជាតិជាអាទិភាពមួយទៀត ដើម្បីកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ នៅ ក្នុងរយៈពេលជិត២០ឆ្នាំមកនេះសេដ្ឋកិច្ចប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចប្រមាណ ជាង ៧% ក្នុងមួយឆ្នាំៗ ហើយអាត្រានៃភាពក្រីក្រ បានធ្លាក់ចុះមកពីជាង ៥៣%នៅឆ្នាំ ២០០៤ មកនៅត្រឹមជាង ១៣% នៅឆ្នាំ ២០១៤ និងបានបន្តចុះនៅឆ្នាំបន្តបន្ទាប់មកទៀត។ កម្ពុជាបានផ្លាស់ពីប្រទេសដែលមានចំណូលទាបមកជាប្រទេសមានចំណូម
មធ្យមកម្រិតទាបដែលនេះបង្ហាញពីកំណើនសេដ្ឋកិច្ចដ៏ខ្លាំងរបស់កម្ពុជាដែលកំពុងតែវិវឌ្ឍទៅមុខជានិច្ច។ កម្មករកម្មការិនី បានទទួលប្រាក់បៀវត្សរ៍គោលចំនួន ១៧០ ដុល្លារ អាមេរិកក្នុងមួយខែដែលមានកម្រិតខ្ពស់បើប្រៀបធៀបនឹងប្រទេសនានាក្នុងតំបន់ ហើយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក៏បានឡើងប្រាក់ខែដែរ រួមនឹងទទួលបាននូវ អត្ថប្រយោជន៍ជាច្រើនទៀត។

នេះគឺជាលទ្ធផលនៃការដាក់ចុះកម្មវិធីនយោបាយចតុកោណដំណាក់កាលទី៣ ប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងដឹកនាំប្រទេស រាជ
រដ្ឋាភិបាលកម្ពុជាបានប្រើនយោបាយបង្កើតនិងការពារឆ្នាំងបាយប្រជាជនកម្ពុជា បីសុំ គឺទី១-សុំ មកវិនិយោគនៅកម្ពុជា ទី២-សុំផ្តល់ជំនួយ ដល់កម្ពុជា និងទី៣-សុំទិញផលិតផលពីកម្ពុជា។ គោលនយោបាយ៣សុំនេះ គឺដើម្បីសម្លាប់គោលនយោបាយ៣ កុំរបស់បក្ស ប្រឆាំងដែលតែតែងដើរតាមប្រទេសនានាដើម្បី ទី១-កុំមកវិនិយោគនៅកម្ពុជា ទី២-កុំ ផ្តល់ជំនួយដល់កម្ពុជា និងទី៣-កុំទិញផលិតផលពីកម្ពុជា។ រាជរដ្ឋាភិបាលត្រៀមខ្លួនជា និច្ចក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងជនទាំងឡាយណាដែលប្រឆាំងនឹងការអភិវឌ្ឍរបស់ ជាតិ និងប្រជាជនកម្ពុជា។ នេះគឺជាអ្វីដែលប្រមុខដឹកនាំរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីគណបក្សប្រជាជននិងអ្នកគាំទ្របក្សនេះជិត ៦លាននាក់ តែងតែតម្កល់ទុកជាការងារអាទិភាពសម្រាប់កម្ពុជា។

ទី៤៖ ពង្រឹងសាមគ្គី និងឯកភាពជាតិ៖

ការអនុវត្តនយោបាយឈ្នះ-ឈ្នះ មិនមែនត្រឹមតែនាំយកសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជាពេញលេញឡើយ ប៉ុន្តែបានចូលរួម ក្នុងការផ្សះផ្សាជាតិខ្មែរដែលបានបែកបាក់ជាច្រើនរយឆ្នាំមក។ ភាពសុខដុមរមណីយ កម្មរវាងខ្មែរនិងខ្មែរមានភាពរឹងម៉ាំចាប់ពីចុងឆ្នាំ ១៩៩៨ រហូតមកទល់នឹងពេលនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោមម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រ ខ្មែរនៃយើង។ ប៉ុន្តែជាតិខ្មែរត្រូវបានបែកបាក់ សង្គមខ្មែរត្រូវបានប្រេះស្រាំបន្ទាប់ពីមេ ដឹកនាំនយោបាយបក្សពីរ សម រង្ស៊ី និងកឹម សុខា បានរួមគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិ ដោយសារពួកគេបានឃោសនាបោកប្រាសរាស្ត្រខ្មែរ និងអនុវត្តនូវគោល នយោបាយបំបែកបំបាក់ជាតិ និងបញ្ឆេះកំហឹងរវាងអ្នកមាន និងអ្នកក្រ ដើម្បីគ្រាន់តែ ចង់បានការគាំទ្រសំឡេងឆ្នោតពីអ្នកគាំទ្ររបស់ខ្លួន។

កឹម សុខា មេបក្សប្រឆាំងត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទក្បត់ជាតិ ដោយសារតែមានផែនការសម្ងាត់ជាមួយអាមេរិកដើម្បីធ្វើបដិវត្តន៍ផ្លាស់ប្តូររបប និងមេដឹកនាំនៅកម្ពុជាតាមបែបមិនប្រជាធិបតេយ្យ និងមានផែនការយកកម្ពុជាដាក់ក្រោមនឹមអាណានិគមបែបថ្មីរបស់បរទេសខ្លះ ។ ចំពោះ មុខការបំបែកបំបាក់ជាតិ និងនាំកម្ពុជាចូលក្នុងភាពវឹកវរសាជាថ្មីរបស់បក្សប្រឆាំងនេះ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជានៅតែ មានសាមគ្គីដ៏រឹងមាំ ព្រមទាំងបានបានខិតខំក្នុងការពង្រឹងសាមគ្គីជាតិ និងឯកភាពជាតិខ្មែរ និងបានការពារប្រឆាំងការលូកដៃកកូរកកាយពីបរទេស។ សម្តេចតេជោ ហ៊ុន សែន គឺជាមជ្ឈ មណ្ឌលឯកភាព និងសាមគ្គីជាតិខ្មែរ និងជានិមិត្តរូបនៃសន្តិភាព ព្រោះក្នុងនាមជាស្ថាបនិកសន្តិភាពម្នាក់នៅកម្ពុជា សម្តេចតេជោបានប្តេជ្ញាការងារទោះក្នុងតម្លៃណាក៏ដោយ មិនឱ្យនរណាម្នាក់ឬក្រុមជនណាមកបំផ្លាញសន្តិភាពរបស់ប្រជាជនកម្ពុជាមួយប្រទេស ឡើយ។

នេះគ្រាន់តែជាការសង្ខេបខ្លីនៃសមិទ្ធផលរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណ បក្សប្រជាជនកម្ពុជាបានធ្វើសម្រាប់ជាតិនិងប្រជាជនកម្ពុជា។ ជាមួយគ្នានេះ កម្ពុជាក៏ បានប្រែក្លាយពីប្រទេសដែលទទួលកងកម្លាំងមួកខៀវមកជាប្រទេសដែលសកម្មក្នុងការ បញ្ជូនកងកម្លាំងទ័ពមួកខៀវខ្លួនចូលរួមក្នុងបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រ ជាជាតិ។ នៅចំពោះមុខការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងព្រទ្ធសមាជិក និង ជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០១៨នេះ គណបក្សប្រជាជនកម្ពុជានឹងបន្តដាក់ចុះនូវ

គោលនយោបាយធំៗសម្រាប់អនុវត្តន៍នៅក្នុងអាណត្តិថ្មី២០១៨-២០២៣ផងដែរ។ ក្នងនោះរួមមាន ១- ការពារយ៉ាងរឹងមាំ ឯករាជ្យ សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងសន្តិភាព ដើម្បីធានាការអភវឌ្ឈន៍ប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាជន។ ២- លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប ទាំងខាងសម្ភារៈ និង ស្មារតីឱ្យបានសមរម្យ ប្រកបដោយភាពថ្លៃថ្នូរ។ ៣- ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព របស់ប្រជាជន និងការគោរពច្បាប់។ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សឱ្យចាក់គ្រឹះ កាន់តែរឹងមាំពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាជនក្នុងការកសាងនិងការពារមាតុភូមិប្រកបដោយភាពជាម្ចាស់លើជោគវាសនាអនាគតប្រទេសជាតិ ។ ៤- ពង្រឹងរដ្ឋបាលសាធារណៈ នៅគ្រប់ថ្នាក់ ជារដ្ឋបាលរបស់ប្រជាជន និងបម្រើផលប្រយោជន៍របស់ប្រជាជន។ ៥- បន្តជំរុញកែទម្រង់ ដើម្បីអភិបាលកិច្ចល្អ ។ ៦- ជំរុញការអភិវឌ្ឈន៍សង្គម សេដ្ឋកិច្ចឱ្យមានការរីកចម្រើនប្រកបដោយចីរភាព សមធម៌ និងបរិយាប័ន្ន។ ក្នុងគោលនយោបាយទី៦នេះ នឹងផ្តោតសំខាន់ទៅលើការគ្រប់គ្រងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ, ការពង្រឹងភាពជាដៃគូក្នុងការអភិវឌ្ឍន៍, ការអភិវឌ្ឍន៍វិស័យឯកជន ការអភិវឌ្ឍន៍វិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ ពាណិជ្ជកម្ម ការគ្រប់គ្រងដីធ្លី ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន, ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ការអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌ និងសាសនា, ការកសាងសមត្ថភាពនិងអភិវឌ្ឍន៍ធនធានមនុស្ស, ការអភិវឌ្ឍន៍ការងារ និងការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម និងការលើកកម្ពស់ស្ថានភាពស្ត្រី និងកុមារ ការអភិវឌ្ឍន៍យុវជន និងកីឡា។

ក្នុងពង្រាងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា នៅតែបន្តរំលឹកដល់សមាជិក សមាជិការបស់ខ្លួនឱ្យគោរពនូវអភិក្រម «ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល» ដើម្បីដោះស្រាយនូវកង្វល់ និងការថ្នាំងថ្នាក់របស់ប្រជាជន ព្រមទាំងបង្កើនជំនឿ និងការគាំទ្ររបស់ប្រជាជនលើ បក្សប្រជាជនកម្ពុជា ដោយក្តាប់ឱ្យជាប់នូវគោលការណ៍បក្សក្នុងការកែទម្រង់។ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ក៏ជាកិច្ចការអាទិភាព ដែលបានកំណត់នៅក្នុងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។

បើតាមពង្រាងគោលនយោបាយ បានបង្ហាញថា ការប្រយុទ្ធប្រឆាំងអំពើពុករលួយ គឺជាកិច្ចការជាអាទិភាព ដែលបាននិងកំពុងបន្តជំរុញការ អនុវត្តនូវវិធានការអប់រំ បង្ការ ទប់ស្កាត់ជាមុន តាមរយៈការពង្រឹងគណនេយ្យភាព សមត្ថភាព ប្រសិទ្ធភាពស្ថាប័នសាធារណៈគ្រប់ថ្នាក់ គ្រប់ផ្នែក ព្រមទាំងបំផុសចលនាឱ្យមានការចូលរួម និងគាំទ្រពីប្រជាជន វិស័យឯកជន និងសង្គមស៊ីវិល ដោយដើរទន្ទឹមនឹងវិធានការដ៏ម៉ឹងម៉ាត់ នៅក្នុងការបង្ក្រាបចំពោះជនដែលប្រព្រឹត្តអំពើពុករលួយ។ ទាំងនេះគឺជាគោលនយោបាយជាក់ស្តែងដែល បានដាក់ចុះដើម្បីបម្រើឧត្តមប្រយោជន៍ ជាតិនិងប្រជាជនពិតៗមិនមែនប្រភេទគោល នយោបាយបោកប្រាស់ដូចដែលបក្សប្រឆាំងសន្យាខ្យល់នោះឡើយ។

គណបក្សប្រជាជនកម្ពុជាបានតម្តល់គ្រប់ផលប្រយោជន៍ជាតិជាធំ ហើយមានតែប្រជាជនខ្មែរទេដែលស្រឡាញ់ខ្មែរពិតប្រាកដ និងរួមគ្នាជ្រោងទង់កម្ពុជាប្រឆាំងនឹងការឈ្លានពាន ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា និងរួមគ្នាការពារសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជា។ ជាមួយភាពចាស់ទុំផ្នែកនយោបាយ និងភាពចាស់ទុំ និងមានបទពិសោធលើគ្រប់វិស័យ គណបក្សប្រជាជនកម្ពុជាដែលបាននិងដឹកនាំប្រទេសតាមរយៈ ការបោះឆ្នោតជ្រើសតាំងដោយប្រជាពលរដ្ឋនៅតែដើរតួនាទីសំខាន់ក្នុងការថែរក្សានូវ សុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ និងទប់ស្កាត់រាល់ការប៉ុនប៉ងទាំងឡាយ ក្នុងការធ្វើឱ្យកម្ពុជាក្លាយជាវាលពិឃាតសាជាថ្មី។ គណបក្សផ្សេងៗដែលត្រូវបានបង្កើត ឡើងច្រើនស្អេកស្កះមិនមានបទពិសោធ ធនធានមនុស្ស និងហិរញ្ញវត្ថឡើយ និងក៏គ្មាន លទ្អភាព និងសមត្ថភាពគ្រប់គ្រងប្រទេសដែរ។ ពួកគេបានត្រឹមតែអំនួត និងបានបំភ្លៃ បំផ្លើស បំប៉ោង និងបំភាន់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។

ហេតុដូច្នេះហើយបានជាប្រជាពលរដ្ឋខ្មែរបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំប្រទេសព្រោះថា គ្មានគណបក្សនយោបាយ ណាមួយអាចជំនួសគណបក្សប្រជាជនកម្ពុជានៅក្នុងកិច្ចការពារឯករាជភាព អធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជាបានឡើយ និងក៏មិនទាន់ មានបទពិសោធ និងសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍប្រទេសបានឡើយ។ ក្នុងក្របខ័ណ្ឌ នេះហើយបានជាឈ្មោះគណបក្ស ប្រជាជនកម្ពុជារួមនឹងសមិទ្ធផលទាំងឡាយត្រូវបាន ចងចាំនៅក្នុងក្រអៅបេះដូងប្រជាជនកម្ពុជាគ្រប់ៗរូប ហើយគណបក្សប្រជាជនកម្ពុជា នៅតែជាបក្សតែមួយគត់ដែលមានសមត្ថភាព បទពិសោធការងារ ធនធានមនុស្ស និងធនធានហិរញ្ញវត្ថុដឹកនាំប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ និងមានសមត្ថ ភាពគ្រប់គ្រាន់ដើម្បីទប់ស្កាត់ការផែនការក្បត់ជាតិ និងការប៉ុនប៉ងបំផ្លាញកម្ពុជាពី សំណាក់អ្នកនយោបាយដ៏ឆោតល្ងង់ និងចៅហ្វាយនាយបរទេសរបស់ពួកគេ៕

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨