(សៀមរាប)៖ សវនកម្មលើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ដោយស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA) មកលើអាជ្ញាធរជាតិអប្សរា បានបញ្ចប់នៅសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ដោយលទ្ធផលយ៉ាងល្អប្រសើរបំផុត។

យោងលទ្ធផលសវនកម្ម លោក Kozo Sakurada និងលោក Yamada Mamoru សវនករមកពីស្ថាប័ន JQA បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តរបស់អាជ្ញាធរជាតិអប្សរា លើការគ្រប់គ្រងប្រព័ន្ធបរិស្ថាន ក្នុងតំបន់អង្គរស្តង់ដារថ្មី ISO 14001-2015 ។ បើទោះបីជាស្តង់ដារថ្មី ISO 14001-2015 អាជ្ញាធរជាតិអប្សរាទើបអនុវត្តជាលើកដំបូង តែអាជ្ញាធរជាតិអប្សរាបានបំពេញការងារនេះយ៉ាងល្អ និងមិនមានភាពមិនអនុលោម ហើយមានចំណុចសង្កេតតែ៧ចំណុចប៉ុណ្ណោះ។

លោក សុខ លក្ខិណា ជាប្រធាននៃអង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថានអង្គរ និងជាតំណាងលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក្នុងពិធីបិទសវនកម្មផ្ទៃក្រៅ បានឱ្យដឹងថា ការធ្វើសវនកម្មទទួលបានលទ្ធផលល្អប្រសើរ។ មានចំណុចតាមសង្កេតចំនួន៧ ហើយសវនករបានផ្តល់ជាអនុសាសន៍មួយដើម្បីកែលម្អ។

លោកក៏បានរំពឹងទុកថា រមណីយដ្ឋានអង្គរនឹងទទួលបានវិញ្ញាបនបត្រ ISO 14001 ជាថ្មីបន្តទៀត។ វិញ្ញាបនបត្រ ISO 14001 សំដៅលើផ្នែកបរិស្ថាននេះ មានសារៈសំខាន់ណាស់ចំពោះរមណីយដ្ឋានអង្គរ ព្រោះរមណីយដ្ឋានអង្គរ បានក្លាយជាគោលដៅទេសចរណ៍លេខ១ លើពិភពលោក គឺតាមរយៈការបោះឆ្នោតវាយតម្លៃពីភ្ញៀវលើពិភពលោក ដែលនេះមិនអាចកាត់ផ្តាច់ពីការប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា មកលើកិច្ចការគ្រប់គ្រងប្រព័ន្ធបរិស្ថានបានឡើយ ពោលអាជ្ញាធរជាតិអប្សរាធានាបាននូវបរិស្ថានល្អ ទេសភាពស្អាត មិនប៉ះពាល់ដល់ប្រាសាទបុរាណជាដើម។

គួររំឭកដែរថា រមណីយដ្ឋានអង្គរបានធ្វើកម្មវិធីសវនកម្មនេះ តាំងពីឆ្នាំ២០១៤ និងទទួលវិញ្ញាបនបត្រចំនួន ៤លើក មកហើយពីស្ថាប័ន JQA។ វិញ្ញាបនបត្រម្តង មានសុពលភាពចំនួន៣ឆ្នាំ ហើយសវនករស្ថាប័ន JQA តែងតែចុះមកពិនិត្យ១ឆ្នាំម្តង នឹងវាយតម្លៃអំពីលទ្ធផលដែលអនុលោម និងមិនអនុលោមតាមអនុសាសន៍នៃស្តង់ដារដែលបានកំណត់៕