(ភ្នំពេញ)៖ ដើម្បីទប់ស្កាត់ជាមុននូវគ្រោះមហន្តរាយ ដែលកើតចេញពីអ្នកបើករថយន្តធំៗដូចជា រថយន្តដឹកកុងតឺន័រ, រថយន្តដឹកដី, រថយន្តក្រុង និងរថយន្តដឹកទំនិញធំៗដ៏ទៃទៀត តាមរយៈគ្រោះថ្នាក់ចរាចរនោះ មន្ត្រីអាជ្ញាធរ សមត្ថកិច្ចគួរតែមានចំណាត់ការម៉ឺងម៉ាត់ ធ្វើ​ការត្រួតពិនិត្យអ្នកបើកបរទាំងអស់នោះ ដើម្បីរកសារធាតុញៀននៅក្នុងខ្លួន ព្រោះបច្ចុប្បន្ននេះគេសង្កេតឃើញថា អ្នកបើកបររថយន្តធំៗ នៅវ័យក្មេងដែលតែងតែបង្ករ គ្រោះថ្នាក់ចរាចរ នៅលើដងផ្លូវកាន់តែមានចំនួនកើនឡើង។

តាមការអង្កេត ភាគច្រើននៃអ្នកបើករថយន្តធុនធ្ងន់ បង្កគ្រោះថ្នាក់ចរាចរនៅលើដងផ្លូវ ច្រើនតែផ្ដើមចេញពីអ្នកបើកបរទាំងអស់នោះសេបគ្រឿងស្រវឹង ពេលបើកបរឬមានសារធាតុញៀន នៅក្នុងខ្លួនជាដើមទើបធ្វើអោយពួកគេបាត់បង់ស្មារតី ឬភ្លើតភ្លើងក្នុងការបញ្ជាយានយន្តដោយគ្មានគិតដល់ពីគ្រោះថ្នាក់ នៅខាងមុខនោះឡើយ។

ដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ជាមុននូវគ្រោះមហន្តរាយ ដែលបង្ករឡើងដោយពួកអ្នកបើកបរ ប្រភេទខាងលើនេះ សមត្ថកិច្ចគួរតែចាប់ផ្ដើមធ្វើការត្រួតពិនិត្យ ទៅលើអ្នកបើកបររថយន្តធំៗ ដើម្បីរកសារធាតុញៀនដោយមិនរងចាំទាល់តែ បង្ករគ្រោះថ្នាក់ហើយ ទើបធ្វើការត្រួតពិនិត្យរកសារធាតុនោះឡើយ។

ចំណាត់ការនេះ ត្រូវផ្ដើមចេញពីការសហការជាមួយក្រុមហ៊ុន ឬម្ចាស់រថយន្ត ធំៗទាំងអស់នោះដោយកោះហៅ ធ្វើការត្រួតពិនិត្យរៀងរាល់មួយខែម្ដង ឬមួយត្រីមាសម្ដងកាន់តែប្រសើរ។ បន្ថែមលើសពីនេះ ការឃាត់ត្រួតពិនិត្យ រកសារធាតុញៀន ពីអ្នកបើកបររថយន្តធំៗ នៅលើដងផ្លូវក៏ជាវិធានការល្អផងដែរ។ ក្នុងនោះមន្ត្រីអាជ្ញាធរក៏គួរតែ មានវិធានការដាក់លក្ខ័ន្ត ឬលើក ទឹកចិត្តដល់ក្រុមហ៊ុនឬម្ចាស់រថយន្តធំៗ ត្រូវតែជ្រើសរើសបុគ្គលិកបើកបរ ដែលមិនចេះសេបគ្រឿងស្រវឹង ឬក៏មានវ័យចំណាស់ ដែលមិនស្ថិតនៅ វ័យក្មេងពេកដែលនាំអោយមានភាពភ្លើតភ្លើនក្នុងការបើកបរ ព្រោះរាល់ពេលបង្ករគ្រោះថ្នាក់ចរាចរ ដែលបង្ករឡើងពីអ្នកបើកបរសេបគ្រឿងញៀន សេបគ្រឿងស្រវឹង និងអ្នកបើកបរនៅវ័យក្មេងពេកទាំងអស់នោះ មិនត្រឹមធ្វើអោយខូចខាត ដល់ជនរងគ្រោះប៉ុណ្ណោះទេ ម្ចាស់ក្រុមហ៊ុន ម្ចាស់រថយន្ត ក៏រងនូវការខាតបង់ទ្រព្យសម្បត្តិ(រថយន្ត) និងសំណងរដ្ឋប្បវេណីរបស់ខ្លួនផងដែរ។

បច្ចុប្បន្ន គេសង្កេតឃើញថាសមត្ថកិច្ចច្រើនតែត្រួតពិនិត្យ រកសារធាតុញៀនឬរកជាតិអាកុល នៅពេលដែលឃាត់អ្នកបើកបរបានក្រោយពីអ្នក បើកបរនោះបង្ករគ្រោះថ្នាក់ ហើយតែប៉ុណ្ណោះដែលចំណាត់ការនេះ មិនខុសពីទាល់តែ «ក្របីដាច់ទើបធ្វើរបង»​ នោះទេ គេគួរតែប្រើវិធានការ «ការពារ ជាមុន ប្រសើរជាងព្យាបាល» ទើបជាចំណាត់ការល្អ៕