(បន្ទាយមានជ័យ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងទីបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបើកកិច្ចប្រជុំដោះស្រាយ ស្តីពីនីតិវិធីនៃការបង្រ្កាបការឆែកឆេរបទល្មើសគ្រឿងញៀន និងបញ្ហាប្រឈមផ្សេងៗ ដែលទាក់ទង នឹងការដាក់បន្ទុកទៅលើជនសង្ស័យដែលល្មើសច្បាប់ កុំឲ្យមានឱកាសគេចពីការចោទប្រកាន់របស់តុលាការបាន។

កិច្ចប្រជុំនេះដែលបាន ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ នៅសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលមានការសម្របសម្រួល និងឧទ្ទេសនាមដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ក្នុងពិធីនេះដែល ដោយមានការចូលរួមពីសំណាក់មន្ត្រីកងរាជអាវុធហត្ថ ក្នុងមន្ទីរយុត្តិធម៌ មេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានស្រុក-ក្រុង ស្នាក់ការសន្តិសុខ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត និងអធិការនគរបាលគ្រប់ស្រុក-ក្រុងទាំង៩ ដែលមានសមាសភាពសរុបចំនួន ៨៦នាក់។

ក្នងការធ្វើបទបង្ហាញ ស្តីពីនីរិវិធីនៃការបង្រ្កាប និងការឆែកឆេរបទល្មើសគ្រឿងញៀន លោក មាស ច័ន្ទពិសិដ្ឋ បានថ្លែងសង្កត់ធ្ងន់ថា រាល់ប្រតិបត្តិការបង្រ្កាប គឺត្រូវធ្វើឲ្យស្រប ទៅនឹងនីតិវិធី ព្រោះថាបើរបាយការណ៍ និងកំណត់ហេតុរបស់សមត្ថកិច្ច មានលក្ខណៈមិនគ្រប់គ្រាន់ ធ្វើឲ្យជនសង្ស័យមានឱកាស ក្នុងការស្វែងរកមេធាវីស៊ូក្តី ដើម្បីគេចពីការចោទប្រកាន់របស់តុលាការ។

ក្នុងនោះផងដែរ លោកបានសរសើរដល់ មន្ត្រីកងរាជអាវុធហត្ថ ក៏ដូចជាមន្ត្រីនគរបាល ដែលបានខិតខំប្រឹងប្រែង ក្នុងការងារប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនកន្លងមក ដែលទទួលបានលទ្ធផលយ៉ាងធំធេង ពិសេសកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបង្រ្កាបបានមេក្លោងជួញដូរគ្រឿងញៀនដ៏ធំ នៅតំបន់កាស៊ីណូប៉ោយប៉ែតថ្មីៗ ក្នុងដើមឆ្នាំ២០១៨នេះ៕