(ភ្នំពេញ)៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងប្រាប់អង្គភាព Fresh News ឱ្យដឹងថា រយៈពេល១៩ថ្ងៃ នៃការដាក់ឲ្យអនុវត្តកម្មវិធីថ្មី របស់រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងការបើក ផ្តល់សាច់ប្រាក់ជូនកម្មការិនី ដែលសម្រាលកូននោះ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ បានទទួលបញ្ជី កម្មការិនីសម្រាលកូនសរុបចំនួន ២២៦៣នាក់ និងបញ្ជីទារកសរុបចំនួន ២២៨២នាក់ និងបានបើកផ្តល់ថវិកាសរុបចំនួន ៩១២.៨លានរៀល។

គិតចាប់ពីថ្ងៃទី១ មកដល់ថ្ងៃទី១៩ ខែមករា នេះមានកម្មការិនីដែលសម្រាលបានកូនភ្លោះ២ មានចំនួន១៩នាក់។

ការឧបត្ថម្ភនេះបានបង្ហាញពីការចាប់ផ្តើមអនុវត្តកម្មវិធី បើកផ្តល់ប្រាក់ឧ​បត្ថម្ភបន្ថែម ដល់កម្មករនិយោជិតជាស្រ្តី ទាំងក្នុងនិងក្រៅប្រព័ន្ធ ពេលសម្រាលកូន។

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញគោលនយោបាយថ្មីរបស់ រាជរដ្ឋាភិបាល ឧបត្ដម្ភថវិកាដល់កម្មការិនី ឆ្លងទន្លេចំនួន៤០ម៉ឺនរៀល សម្រាប់អ្នកកើតបានកូនម្នាក់, ចំណែកអ្នក កើតបានកូនភ្លោះពីរនាក់ ទទួលបាន៨០ម៉ឺនរៀល និងសម្រាប់អ្នកកើតបានកូនភ្លោះបី ១,២០០,០០០រៀល ដែលគោលនយោបាយនេះ ចាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ។ រាជរដ្ឋាភិបាល បានត្រៀមបម្រុង ចំណាយថវិកាប្រមាណ ១០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់ចំណាយប្រាក់ ឧបត្ថម្ភដល់កម្មការិនីឆ្លងទន្លេ៕