(កោះកុង)៖ ដោយមើលឃើញផលលំបាក របស់មន្ត្រីនគរបាលរដ្ឋបាលប៉ុស្ដ៏ថ្នាក់មូលដ្ឋាន មិនមានទីកន្លែងធ្វើការសមរម្យ និងដោយមានសមាណចិត្តចូលរួមចំណែក ជួយដល់រាជរដ្ឋាភិបាលដែលមាន សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី លោកលី សាម៉េត ក្នុងនាមជាសប្បុរសជនមួយរូ បបានផ្ដល់ថវិកាផ្ទាល់ខ្លួនចំនួន៥០០០ដុល្លារ ដើម្បីជួយកសាងអាគារប៉ុស្ដ៏នគរបាលរដ្ឋបាលស្រែអំបិល។

នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨នេះ នៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីសមត្ថកិច្ច នៅអធិការដ្ឋាននគរបាល ស្រុកស្រែអំបិល លោក លី សាម៉េត បានផ្តល់ថវិកា៥០០០ដុល្លារ ទៅដល់ លោក ម៉ា ទី អធិការនគរបាលស្រុកស្រែអំបិល សំរាប់ទុកធ្វើការសាងសង់ទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលស្រែអំបិល ដើម្បីអោយមន្ត្រីប៉ុស្ដ៏មានកន្លែងធ្វើបានសមរម្យ ដោយសារបច្ចុប្បន្ននេះគឺមិនមានកន្លែសំរាប់ទុកដាក់ឯកសារគតិយុត្តិ ឬគ្មានបន្ទប់សុវត្ថិភាពសំរាប់ រក្សាទុកជនសង្ស័យរយៈពេល ៤៨ម៉ោងនោះទេ។

ក្នុងពិធីដដែលនេះ លោក លី សាម៉េត បានថ្លែងថា ប្រទេសជាតិមានស្ថេរភាព មានសុខសន្តិភាព នយោបាយល្អ និងមានការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈររហូតមកដល់បច្ចុប្បន្ននេះ គឺបានកើតឡើងក្រោមការខិតខំប្រឹងប្រែង ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដោយសម្តេចបានដឹកនាំប្រទេសជាតិពីបាតដៃទទេ និងហ៊ានលះបង់ យកអាយុជីវិតធ្វើជាដើមទុន ប្តូរផ្តាច់ការពារបូរណភាពទឹកដី ពោលគឺគ្មានសម្តេចតេជោសែន នោះកម្ពុជាក៏គ្មានពេលនេះ និងគ្មានការអភិវឌ្ឍន៍អ្វីៗដូចសព្វថ្ងៃនោះដែរ ។

ដោយបង្ហាញពីសេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ មកលើសម្តេចតេជោ ក្នុងការដឹកនាំប្រទេសជាតិឈានមករកការរីកចំរើន ដូចសព្វថ្ងៃដែលកំណើនសេដ្ឋកិច្ចកើនឡើង ក្នុងរង្វង់៧ភាគរយក្នុង១ឆ្នាំ លោក លី សាម៉េត ក៏បានផ្តល់ថវិកាជូនដល់កងកំលាំង និងមន្ត្រីរាជការក្នុងម្នាក់ៗ នូវថវិការចំនួន៥ម៉ឺនរៀលផងដែរ។

នៅថ្ងៃដដែលនោះដែរ លោក ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងភូមិដងពែង ឃុំដងពែង ដោយបានផ្តល់ថវិកាជូនប្រជាពលរដ្ឋនៅក្នុងភូមិក្នុងម្នាក់ៗ ២ម៉ឺនរៀល រួមជាមួយការចូលបច្ច័យបុណ្យសព១លានរៀល និងបច្ច័យកសាងវត្តចំនួន៣០០០ដុល្លារអាមេរិកទៀតផង។

លោក ម៉ា ទី បានលើកឡើងថា ការមានកន្លែងធ្វើការសមរម្យ គឺជាការលើកទឹកចិត្តដល់មន្ត្រីទាំងអស់មានកម្លាំងក្នុងការ បំពេញការងារជូនរាជរដ្ឋាភិបាល និងបំរើការងារជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ក្នុងនោះសំរាប់លោកលី សាម៉េត ទាំងពេលកន្លងមក និងបច្ចុប្បន្ន លោកតែងតែធ្វើការឧបត្ថម្ភដល់សមត្ថកិច្ច និងប្រជាពល រដ្ឋនៅមូលដ្ឋានជាបន្តបន្ទាប់បើគិតជាទឹកប្រាក់ខ្ទង់១០ម៉ឺនដុល្លារទៅហើយ៕