(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានប្រតិកម្ម​ចំពោះ​អនុប្រធានអង្គការសិទ្ធិមនុស្ស Human Rights watch លោក Phil Robertson ដែលបានស្នើឲ្យតុលាការកាត់ទោសលោក ពាក់ព័ន្ធការដាក់ពាក្យបណ្ដឹងរឿងបាត់បច្ច័យបុណ្យសព លោក កែម ឡី រហូតដល់តុលាការចេញដីកា បង្គាប់ឲ្យចាប់ខ្លួន សមាជិកគណៈកម្មការបុណ្យចំនួន៣រូប។

លោក ពេជ្រ ស្រស់ បានលើកឡើងទៀតថា ការស្នើរបស់លោក Phil Robertson ដែលជាជនបរទេសនោះ ជាការរំលោភសិទ្ធិមនុស្សឆ្លងទ្វីបហើយ ព្រោះការស្នើនេះមានលក្ខណៈញុះញង់ និងបំបែកបំបាក់។

បើតាមប្រធានគណបក្សយុវជនកម្ពុជា ​លោក Phil ​Robertson ​គួរតែបិទអង្គការ​ Human Rights watch ចោលទៅព្រោះលោកមិនសមធ្វើជាមនុស្សពត់តម្រង់ ឲ្យមនុស្សគោរពសិទ្ធិមនុស្សនោះទេ ដោយហេតុថាលោកបានធ្វើការចោទប្រកាន់ទាំងមិនបានដឹងអំពីស្ថានភាព​ច្បាស់លាស់។

​តាមរយៈ Facebook ផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ លោក ពេជ្រ ស្រស់ បានលើកឡើងយ៉ាងដូច្នេះថា «លោក Phil Robertson គួរតែបិទអង្គការស្អីគេ Human Rights watch ចោលទៅដោយហេតុលោកមិនសមធ្វើជាមនុស្សពត់តម្រង់ ឲ្យមនុស្សគោរពសិទ្ធិមនុស្សនោះទេ។ លោក ​Phil Robertson បាននឹងរំលោភសិទ្ធិមនុស្សឆ្លងទ្វីបហើយ ​ដោយលោកធ្វើការចោទប្រកាន់ខ្ញុំទាំងលោក មិនបានដឹងអំពីស្ថានភាពខ្ញុំច្បាស់លាស់ ម្យ៉ាងទៀត លោកបានបញ្ជាតុលាការកម្ពុជាឲ្យមកកាត់ទោសខ្ញុំ វាគឺជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរបំផុត»

ប្រធានគណបក្សវ័យក្មេងរូបនេះ បានគូសបញ្ជាក់ថា ក្នុងនាមបរទេសមិនគួរញុះញង់ជាតិសាសន៍ដទៃ ឲ្យបែកបាក់ផ្ទៃក្នុងនោះឡើយ ​ហើយតុលាការ បានព្យាយាមដោះស្រាយបណ្តឹងជូនជនរងគ្រោះ ដោយឈរលើគោលការស្មើរភាពដើម្បីឲ្យជនរងគ្រោះទទួលបាននូវភាពយុត្តិធម៌ ​ហើយខណៈនេះដែរ ខាងជនរងគ្រោះកំពុងតែទទួលបាននូវយុត្តិធម៌ ពីតុលាការហើយ ក្រោយពីតុលាការបានរកឃើញអំពីតម្រុយប្រពឹត្តបទល្មើសរបស់ជនទាំងបីនោះ ដែលជាអតីតអ្នកដឹកនាំការងារបុណ្យសពលោកបណ្ឌិត កែម ឡី​។

ជាមួយគ្នានេះ លោក ពេជ្រ ស្រស់ ក៏បានស្នើ​​កា​សែតភ្នំពេញប៉ុស្តិ៍ ជួយផ្សាយនូវខ្លឹមសាររបស់លោកឲ្យអស់អត្ថន័យផង ដើម្បីជៀសវាងមានការភ័នច្រឡំមតិសាធារណៈ ព្រោះកន្លងទៅកាសែតមួយនេះ មិនបានដកស្រង់សម្ដីរបស់លោកអស់នោះទេ៕