(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បានសម្រេចមិនអនុញ្ញាតឲ្យក្រុមអតីតតំណាងរាស្ដ្រ ដឹកនាំដោយលោក ម៉ៅ មុន្នីវណ្ណ​ ចូលជួបសួរសុខទុក្ខលោក កឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះឡើយ។ នេះបើយោងតាមលិខិតបដិសេធរបស់លោកចៅក្រម គី ឬទ្ធី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។

តាមរយៈលិខិតផ្ញើជូនលោក ម៉ៅ មុន្នីវណ្ណ អតីតអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ចាម លោកចៅក្រម គី ឬទ្ធី បានបញ្ជាក់ហេតុផលថា សំណុំរឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ស៊ើបសួរ និងស្រាវជ្រាវប្រមូលភ័ស្ដុតាងនានា ហេតុនេះការចូលជួប ឬសួរសុខទុក្ខឲ្យបានតែមេធាវី និងក្រុមគ្រួសារជនត្រូវចោទ ដែលមិនទាក់ទិននៅក្នុងរឿងតែប៉ុណ្ណោះ។

តាមលិខិតរបស់លោក​ ម៉ៅ មុនី​វណ្ណ បញ្ជាក់ថា រូបលោក រួមទាំងអតីត​តំណាងរាស្ត្រ​៤​រូប​ទៀត មាន​លោក ​អ៊ូ ច័ន្ទ​រ័ត្ន លោក ​ជាម ច​ន្នី លោក ​កង គឹម​ហាក់ និង​លោកស្រី តែ ច័ន្ទ​មុនី រួមទាំង​សហការី១០​រូប​ទៀត បាន​ស្នើសុំ​ការអនុញ្ញាត ដើម្បី​ចូលជួប​សួរ​សុខទុក្ខ​លោក ​កឹម សុខា នៅ​ព្រឹក​ថ្ងៃទី​១៩ មករា ឆ្នាំ​២០១៨។

ក្រុមអតីតតំណាងរាស្រ្ត CNRP បានស្នើសុំជួប លោក កឹម សុខា អតីតប្រធាន CNRP នៅក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោយផ្ទុះទំនាស់ផ្ទៃក្នុង ក្រោយពេល លោក សម រង្ស៊ី បង្កើត «ចលនាសង្រ្គោះជាតិ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកស្រី មូ សុខហួរ និង លោកស្រី ជូឡុង សូមូរ៉ា បានប្រកាសបង្កើត ចលនាសង្រ្គោះជាតិនេះ ហើយអះអាងថា ចលនា​នេះ​ ត្រូវបានបង្កើតឡើង ដើម្បីទាមទារ​ឲ្យមាន​ការដោះលែង លោក​ កឹម ​សុខា និង​ទាមទារ​ឲ្យមាន​ការបោះឆ្នោតដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​។

ភ្លាមៗនោះ អតីតសមាជិកបក្សប្រឆាំងប្រមាណ៥០នាក់ ដែលសុទ្ធសឹងតែជាបក្ខពួករបស់ លោក កឹម សុខា បានចេញសេចក្តីប្រកាសប្រឆាំងចំពោះចលនា ដែលបង្កើតឡើងដោយ ក្រុមរបស់ទណ្ឌិត សម រង្ស៊ី នាពេលនេះ។ ជាមួយគ្នានេះ អតីតសមាជិកបក្សប្រឆាំងទាំងនោះបានអះអាងថា ពួកគេនឹងមិនចូលរួម ជាមួយចលនានេះនោះឡើយ ហើយបន្តធ្វើសកម្មភាពក្រោមក្របខណ្ឌគណបក្សសង្រ្គោះជាតិ ដែលមានលោក កឹម សុខា​ ជាប្រធាន៕